ធនាគារ ABA គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈាន​មុខ​មួយ​របស់​កម្ពុជា និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ជាតិ​កាណាដា មាន​មោទនភាព​សូម​ប្រកាស​នូវ​ការ​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ១ លាន​ដុល្លារ​អាមេរិក (ប្រហាក់​ប្រហែល ៤​ ប៊ី​លាន​រៀល) ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​ការ​រីករាលដាល​វីរុស​កូវីដ​១៩ បង្ក​ឡើង​ដោយ «ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ»។

សំណើ​របស់​ធនាគារ​ក្នុង​ការ​ស្ម័គ្រចិត្ត​បរិច្ចាគ​ទឹក​ប្រាក់​នេះ ត្រូវ​បាន​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ផ្ដល់​ការ​ពិចារណា​ដ៏​ខ្ពង់ខ្ពស់ ព្រម​ទាំង​ទទួល​យក​ជាមួយ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ធនាគារ​ផងដែរ។ ក្នុងលិខិត​ថ្លែង​អំណរ​គុណ​ធនាគារ ABA សម្តេច​មាន​ប្រសាសន៍​ថា៖ «ក្នុង​នាម​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​ពិត​ជាមាន​សេចក្តី​សោមនស្ស និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់​ដឹក​នាំ​ធនាគារ ABA ដែល​បាន​ជួយ​ឧបត្ថម្ភនូវ​ថវិកា​ចំនួន ១ ០០០ ០០០ (មួយ​លាន) ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​សម្រាប់​ទ្រទ្រង់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩ ដែល​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ និង​បាន​កំពុង​រីករាល​ដាល​នា​ពេល​បច្ចុប្បន្ននេះ។ ខ្ញុំ​សូម​សម្តែង​ការ​កោត​សរសើរ​ដោយ​ស្មោះ​នូវ​ទឹក​ចិត្ត​ដ៏​សប្បុរស របស់​ថ្នាក់​ដឹក​នាំ​ធនាគារ ABA»។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA មាន​ប្រសាសន៍​ថា៖ «ជា​ផ្នែក​ដ៏​សកម្ម​មួយ​នៃ​សង្គម​ធុរកិច្ចកម្ពុជា យើង​ខ្ញុំ​នៅ​ធនាគារ ABA គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​សុខុមាលភាព​របស់​ប្រជាជនកម្ពុជា ជាពិសេស​នៅ​អំឡុង​ពេល​រីក​រាល​ដាល​វីរុស​កូវីដ១៩។ ហើយ​យើង​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​ចូលរួម​វិភាគ​ទាន ដើម្បី​ជា​កម្លាំង​បន្ថែម​ដល់​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​វីរុស​នេះ ហើយ​យើង​ខ្ញុំ​នឹង​បន្ត​ជួយ​ដល់​សហគមន៍​នា​ពេល​អនាគត​ថែម​ទៀត»។

លោក Askhat Azhikhanov មាន​ប្រសាសន៍​បន្ថែម​ថា៖ «ក្រៅពី​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្តចំពោះ​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ដំណោះ​ស្រាយ​ស្វ័យ​សេវា​ធនាគារ និង​ឌីជីថល​ដ៏​ទំនើប​ដែល​គាំទ្រ​អតិថិជន​ធ្វើឱ្យ​ពួកគាត់​ទទួល​បាន​ជីវភាព​ហិរញ្ញ​វត្ថុ​ពេញ​លេញ​នៅ​អំឡុង​ពេល​ការ​រីករាលដាល​វីរុស និង​ទោះ​បី​ជា​ស្ថិត​ក្នុង​គ្រា​បិទ​ខ្ទប់ក៏​ដោយ»។

ដោយ​អនុវត្ត​តាម​បេសកកម្ម និង​គុណ​តម្លៃ​សាជីវកម្ម​របស់​ខ្លួន ធនាគារ ABA ប្តេជ្ញា​ចិត្ត​គាំទ្រ​នូវ​គំនិត​ផ្តួច​ផ្តើម​ដែល​មានគោល​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩។ ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​នៃ​ការ​រីករាល​ដាល​វីរុស​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ ABA បាន​រៀបចំ​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់ និង​បរិច្ចាគ​ថវិកា​តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា។

បន្ថែម​លើ​ការ​គាំទ្រ​ផ្នែក​ថវិកា កម្មវិធី ABA Mobile ដ៏​ទំនើប​របស់​ធនាគារ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ឧបករណ៍​សម្រាប់​រៃអង្គាស​ប្រាក់​នៅ​ក្នុង​គំនិត​ផ្តួច​ផ្តើម​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩ ផងដែរ។

អំពីធនាគារ ABA៖

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា។ គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ ២០២១ ធនាគារ​គ្រប់​គ្រងទ្រព្យ​សកម្ម​សរុប​ចំនួន ៦,៦​ប៊ី​លាន​ដុល្លារ​អាមេរិក។ ជាមួយ​សាខា​ចំនួន ៧៩​​ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ ៦០០ ទូ​ទាំង​ប្រទេស​​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ឈានមុខគេ​ ធ្វើ​ឱ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​​សម្បូរ​បែប​នេះ​។​​ សម្រាប់ព័ត៌មានបន្ថែម​ សូមចូលទៅកាន់ www.ababank.com។

ធនាគារ ABA គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ មានទ្រព្យ​សកម្ម​ជាង​ ២៧៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២១​។ ដោយ​មាន​ស្នាក់​ការ​កណ្តាល​ស្ថិត​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ធនាគារជាតិ​កា​ណា​ដា ​បាន​ពង្រីក​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​ នៃ​ប្រទេស​ជាមួយនឹង​អតិថិជន​ក្នុង​ដៃ​ ២,៧លាន​នាក់​។​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​លំដាប់​ទី​៦ ​ក្នុង​ប្រទេស​កា​ណា​ដា​ និង​នាំមុខ​គេ​នៅទីក្រុង​កេ​ប៊ិច​ ធនាគារជាតិ​កា​ណា​ដា​ ជា​ជម្រើស​នៃ​បណ្ដា​សហគ្រាស​ធុន​តុ​ច​ និង​មធ្យម​នានា​នៅ​ទីនោះ​។​​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូលទៅកាន់ www.nbc.ca។