ភ្នំពេញ: ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា (FTB) កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បើក​សាខា​ថ្មី​មួយទៀត​នៅ​ខេត្តកណ្តាល ដើម្បី​ពង្រីក​ទីផ្សារ​​របស់​ខ្លួន​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​។

សាខា​ថ្មី​នេះ​មាន​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

លោក ឌិត សុចល ប្រធាន​នាយក​ប្រតិបត្តិ និង​សមាជិក​ក្រុមប្រឹក្សាភិបាល FTB បាន​ថ្លែង​ថា ការពង្រីក​សាខា​ថ្មី​មួយទៀត​នេះ​បាន​បង្កើន​ចំនួន​សាខា​របស់​ធនាគារ​សរុប​រហូត​ដល់​ ១៤ ដែល​មាននៅ​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ សៀមរាប បាត់ដំបង កំពង់ចាម​។

លោក​បន្តថា ក្រុង​តាខ្មៅ​ជា​ក្រុង​មួយ​ដែល​នៅ​ជិត​ទីក្រុង​ភ្នំពេញ និង​ពោរពេញ​ដោយ​សក្តានុពល​អភិវឌ្ឍន៍ និង​ទីផ្សារ​ខ្ពស់​។ លោក​ថ្លែងថា​៖ «​សាខា​ថ្មី​នៅ​ក្រុង​តាខ្មៅ​របស់ FTB នឹង​ផ្តល់​ជូន​នូវ​ជម្រើស​ថ្មី​មួយ​ទៀត​ដល់​អតិថិជន​ទាំងអស់​ជា​ដៃគូ​ធនាគារ​ក្នុង​ស្រុក​ដែល​ជាទី​ទុកចិត្ត រឹងមាំ និង​ឈានមុខ​មួយ ហើយ​សាខា​នេះ​នឹង​ផ្តល់​ជូន​ផលិតផល សេវាកម្ម​ហិរញ្ញវត្ថុ​សម្បូរបែប​រួមមាន​សេវា​សន្សំ ប្រាក់​បញ្ញើ សេវា​ទូទាត់​ផ្ទេរប្រាក់​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​សេវាកម្ម​មួយ​ចំនួន​ទៀត​»​។

លោក​បន្តថា តាមរយៈ​ផលិតផល និង​សេវាហិរញ្ញវត្ថុ​ទំនើប​សម្បូរបែប​ពី​សាខា​ថ្មី​នេះ​នឹង​បន្ត​ចូលរួម​ជួយ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ សកម្ម​វិនិយោគ ធុរកិច្ច សេដ្ឋកិច្ច និង​ទីផ្សារ​ក្នុងស្រុក ជាពិសេស​នឹង​ចូលរួម​ជួយ​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ​ផ្ទាល់​។

លោក​ថ្លែងថា​៖ «FTB កំពុង​បន្ត​​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍ ច្នៃប្រឌិត ផលិតផល និង​បណ្តាញ​ចែកចាយ​របស់​ខ្លួន​តាមរយៈ​ការចាប់យក​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ និង​សេវា​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល​»​។ លោក​បន្តថា​៖ «FTB ក៏​នឹង​បន្ត​លើកកម្ពស់​ការបម្រើ​សេវា​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​គាំទ្រ​អតិថិជន​ដៃគូ​ក្នុង​ស្រុក​ទាំងអស់​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​»​។

លោក​បន្ថែមថា FTB បាន​ប្រតិបត្តិការ​ជាង​ ៤០ ​ឆ្នាំ​ នៅ​កម្ពុជា​ដែល​បាន​បង្កើតឡើង​នៅ​ខែតុលា ឆ្នាំ​ ១៩៧៩​។ គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​ ២០២០ FTB មាន​ទំហំ​ទ្រព្យសកម្ម​សរុប ១ ៥១៥ ​លាន​ដុល្លារ​។

របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា បច្ចុប្បន្ន​ធនាគារ​ពាណិជ្ជកម្ម​មាន​ចំនួន​ ៤៥ នៅ​កម្ពុជា​៕LA