បន្ទាប់ពី​សាធារណជន​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ទីបំផុត​ក្រុមហ៊ុន​ជប៉ុន J Trust Co., Ltd បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សេវា​ធនាគារ​របស់ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។

ក្រោយពី​ការទិញ​យក​ភាគហ៊ុន ៥៥% នៃ​ធនាគារ ANZ Royal ពី​ក្រុមហ៊ុន ANZ Group ពេលនេះ J Trust បាន​ចាប់ផ្តើម​បម្រើ​សេវាកម្ម​ជូន​អតិថិជន​នៅ​កម្ពុជា​ហើយ ខណៈ​ភាគហ៊ុន​ ៤៥ ​ភាគរយ​ទៀត​កាន់កាប់​ដោយ​ក្រុមហ៊ុន​ដ៏មាន​កិត្តិសព្ទ​ល្បីល្បាញ​គឺ​ក្រុមហ៊ុន Royal Group​។

លោក តូរូ ម្យូឈីន (Toru Myochin) អគ្គនាយក​ធនាគារ J Trust Royal Bank មាន​ប្រសាសន៍​ថា​៖ «​ធនាគារ ANZ Royal មាន​កិត្តិសព្ទ​ល្បីល្បាញ​ជា​យូរ​មកហើយ​ក្នុង​ចំណោម​ធនាគារ​ដែល​ទទួល​បាន​ការគោរព និង​ការជឿ​ទុកចិត្ត​បំផុត ហើយ​យើង​ក៏​មាន​បំណង​សាង​កេរ្តិ៍ឈ្មោះ​ដូចនេះ​ដែរ​»​។

លោក​មានប្រសាសន៍​ទៀត​ថា​៖ «​គោលបំណង​របស់​យើង​គឺ​យក​អតិថិជន​ជា​ចំណុច​ស្នូល​។ យើង​នៅ​ទីនេះ​ដើម្បី​ជួយ​គាំទ្រ​អាជីវកម្ម​របស់​អតិថិជន​ឱ្យ​កាន់តែ​រីកចម្រើន​។ ដើម្បី​ធ្វើឱ្យ​សេវា​ធនាគារ​របស់ J Trust Royal Bank កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​សម្រាប់​អតិថិជន​ជា​ទីស្រឡាញ់​របស់​យើង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​យើង​ក៏​បាន​វិនិយោគ​ធនធាន​យ៉ាងច្រើន​ទៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផងដែរ​។ នេះ​ប្រហែល​ជា​ការវិនិយោគ​ធំ​បំផុត​ដែល​គ្មាន​ធនាគារ​ណាមួយ​នៅ​កម្ពុជា ធ្លាប់​បោះទុន​ពី​មុន​មក​ទេ​»​។

មុខមាត់​ថ្មី​នៃ​ការិយាល័យ​ធនាគារ J Trust Royal Bank ក្នុង​រាជធានី​ភ្នំពេញ​។

«​ធនាគារ J Trust Royal Bank មាន​បំណង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ជារួម​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​សេដ្ឋកិច្ច កម្ពុជា​ទាំងមូល​។ ធនាគារ​នេះ​គ្រោង​សម្រេច​គោលដៅ​ឱ្យបាន​ពេញលេញ​តាមរយៈ​ការ​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​ដែល​ទទួល​បាន​ពី​សកម្មភាព​អាជីវកម្ម​ផ្សេងៗ​»​។

«​ធនាគារ J Trust Royal Bank នឹង​ធ្វើ​ប្រតិបត្តិការ​ដោយ​ប្រកាន់ខ្ជាប់​នូវ​បាវចនា​អតិថិជន​ជា​ចម្បង​''​។ យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ធនាគារ J Trust Royal Bank នឹង​ស្ដាប់​មតិយោបល់​របស់​អតិថិជន​ដោយ​យកចិត្ត​ទុកដាក់ ហើយ​ប្រឹងប្រែង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ឱ្យ​បាន​ល្អ​បំផុត​។ នោះ​ជា​វិធី​ដែល​យើង​ទំនាក់ទំនង​ជាមួយ​អតិថិជន​ជា​ទីស្រឡាញ់​របស់​យើង​»​។

ជា​ចុងបញ្ចប់​លោក តូរូ ម្យូឈីន បាន​ថ្លែងថា​៖ «​ការផ្តោត​សំខាន់​ទី​ ១ ​របស់​យើង​គឺ​អតិថិជន​។ ដូច្នេះ​យើង​នឹង​បន្ត​ខិតខំ​ប្រែង​ប្រែង​ដើម្បី​ក្លាយជា​ដៃគូ​ដែល​អតិថិជន​ជឿទុកចិត្ត​ដែល​អាច​បំពេញ​រាល់​តម្រូវការ​ហិរញ្ញវត្ថុ​ផ្សេងៗ​របស់​ពួកគេ​។ នោះ​ជា​ការសន្យា​មួយ​របស់​យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ធនាគារ J Trust Royal Bank»​។

បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៧៧ និង​មាន​ស្នាក់ការ​កណ្ដាល​នៅ​ក្រុង​តូក្យូ J Trust Co., Ltd. ជា​ក្រុមហ៊ុនមេ​ដ៏សំខាន់​នៃ​ក្រុមហ៊ុន J Trust Group​។ ក្រុមហ៊ុន​នេះ​ផ្តោតលើ​សេវា​ធនាគារ ការធានា​លើ​ឥណទាន​ពាក់ព័ន្ធ​អចលនទ្រព្យ និង​សេវា​អាជីវកម្ម​ប្រមូលប្រាក់​អតិថិជន​ជំពាក់​។

ធនាគារ​បាន​វិនិយោគ​យ៉ាង​ច្រើន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ឱ្យ​សេវាកម្ម​របស់ខ្លួន​កាន់តែ​ប្រសើរ​។

J Trust Group មាន​បុគ្គលិក​សរុប​ប្រមាណ ២.៥០០ នាក់​។ ក្នុង​ឆ្នាំ​ ២០១៨ តម្លៃ​ទ្រព្យសកម្ម​សរុប​របស់ J Trust Group បាន​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​ជា​ប្រវត្តិសាស្ត្រ​រហូត​ដល់​ទៅ ៦៥៦,៩ ​ពាន់​លាន​យ៉េន​។ ក្នុង​ឆ្នាំ​ដដែល ប្រាក់ចំណូល​បាន​ពី​ប្រតិបត្តិការ​នានា​កើនឡើង​រហូត​ដល់​ទៅ ៧៦,២ ​ពាន់​លាន​យ៉េន​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ J Trust បាន​អនុវត្ត​គំនិត​ផ្តួចផ្ដើម​ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់ J Trust Group នៅ​ក្រៅ​ប្រទេស​ជប៉ុន ហើយ​បច្ចុប្បន្ន​មាន​ប្រតិបត្ដិការ​យ៉ាង​រឹងមាំ​នៅ​ទូទាំង​តំបន់​អាស៊ី​ក្នុង​នោះ​រួមមាន​ប្រទេស​ឥណ្ឌូនេស៊ី សិង្ហបុរី កូរ៉េ​ខាងត្បូង និង​ម៉ុងហ្គោលី ផង​ដែរ​។ ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ទើបតែ​ជាប់​ក្នុង​ចំណោម​នោះដែរ​ជាមួយ​នឹង​វត្តមាន​របស់ J Trust Royal Bank នៅទីនេះ​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ជំរុញ​កំណើន​ជារួម​របស់​ខ្លួន J Trust Group ខិតខំ​ប្រឹងប្រែង​ទទួល​យក M&A (​ការច្របាច់​បញ្ចូល​គ្នា និង​ការ​ទិញ​យក​ភាគហ៊ុន​) ជាមួយ​ធនាគារ និង​ក្រុមហ៊ុន​នានា​បន្ថែម​ទៀត​ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍​៕