ភ្នំពេញៈ ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ​ឯកទេស Tomato Specialized Bank នៅ​កម្ពុជា​បាន​សម្រេច​លក់​ភាគហ៊ុន​ទាំង​ស្រុង​ទៅ​ឲ្យ​ក្រុមហ៊ុន KB Kookmin Card ដែល​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​តម្លៃ​ជា​ទឹកប្រាក់ ១០,៨ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្នែក​ពាណិជ្ជកម្ម​របស់​កូរ៉េ Pulse​។

តាម​សេចក្តី​រាយការណ៍​ក្រុមហ៊ុន​រដ្ឋ​កូរ៉េ Korea Deposit Insurance Corp (KDIC) ដែល​ជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ​ឯកទេស Tomato Specialized Bank បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​សម្រេច​លក់​កម្មសិទ្ធិ​ទាំង​ស្រុង​ពី​ធនាគារ Tomato Specialized Bank នៅ​ភ្នំពេញ​ទៅ​ឲ្យ​ក្រុមហ៊ុន KB Kookmin Card ជា​ក្រុមហ៊ុន​ផ្នែក​ប័ណ្ណ​ឥណទាន​ធំ​ជាង​គេ​នៅ​កូរ៉េ​ខាង​ត្បូង និង​ធនាគារ Indochina Bank​។

KDIC បាន​ចូល​មក​គ្រប់គ្រង​សាខា​ធនាគារ​ឯកទេស Tomato Specialized Bank កាលពី​ឆ្នាំ ២០១២ បន្ទាប់ពី​ធនាគារ​កូរ៉េ Tomato Savings Bank បាន​ប្រកាស​ក្ស័យធន​កាលពី​ឆ្នាំ ២០១១ ដោយសារ​កម្ចី​អចលនទ្រព្យ​ដែល​មាន​ហានិភ័យ​ខ្ពស់​។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ KB Kookmin Card គ្រប់គ្រង​ភាគហ៊ុន​ ៩០ ភាគរយ និង ធនាគារ Indochina Bank ១០ ភាគរយ​។

បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន KB Card ម្នាក់​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​គ្រោង​ចាប់ផ្តើម​ដោយ​ពង្រីក​កម្ចី​ផ្ទាល់​ខ្លួន និង​កម្ចី​រថយន្ត និង​សេវា​ឥណ​ពន្ធ​នៅ​ធនាគារ Tomato ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ខែ​មិថុនា​ខាង​មុខ​តទៅ​៕