ភ្នំពេញៈ ធនាគារ Maybank ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នឹង​ផ្ដោត​កាន់តែ​ខ្លាំង​លើ​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់ ដែល​រួមទាំង​ប្រទេស​ កម្ពុជា​ ផងដែរ​។ នេះ​បើ​យោងតាម​ប្រធាន​យុទ្ធសាស្ដ្រ​របស់​ក្រុមហ៊ុន Maybank Group ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន The Star របស់​ម៉ាឡេស៊ី​។

លោក Michael Foong ដែល​ជា​អគ្គនាយក​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ធនាគារ​នេះ​ផង​នោះ​បាន​ប្រាប់​កាសែត The Star ថា ​ក្រុមហ៊ុន​នេះ​នឹង​ផ្ដោតលើ​បណ្ដា​ប្រទេស​សំខាន់ៗ​ ៣ និង​អនុវត្ត​គំនិត​ផ្តួចផ្ដើម​ផ្សេងៗ ដើម្បី​ឲ្យ​មាន​វត្តមាន​ពាណិជ្ជកម្ម​អន្តរជាតិ​កាន់តែ​រឹងមាំ​។

លោក​ថ្លែង​ថា​៖ «​ការផ្ដោត​របស់​យើង​នឹង​ធ្វើ​ឡើង​លើ​ការធ្វើឲ្យ​រីកចម្រើន​យីហោ​ពាណិជ្ជសញ្ញា​របស់​យើង​នៅក្នុង​ប្រទេស​ចិន ប្រទេស​ហ្វីលីពីន និង​កម្ពុជា​»​។

លោក​បន្ត​ថា​មាន​សក្ដានុពល​ច្រើន​នៅក្នុង​ប្រទេស​ចិន​ក្នុង​ទិដ្ឋភាព​នៃ​លំហូរ​ការវិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាស៊ាន​។ លោក​បាន​ឲ្យ​ដឹង​នៅក្នុង​បទសម្ភាស​នោះ​ថា​៖ «​យើង​ក៏​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​បរទេស​ឈានមុខ​គេ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សាខា​ ២១ និង​មាន​ក្រុមហ៊ុន​សហគ្រាស​ធុន​តូច និង​មធ្យម​ (SME) ដ៏​រឹងមាំ​ដែល​កំពុង​រីកចម្រើន​ជាប្រចាំ ដើម្បី​ជួយ​ពួកយើង​ក្នុងការ​ប្រកួត​ប្រជែង​»​។

Maybank ដែលជា​ធនាគារ​ឈានមុខ​គេ​របស់​ប្រទេស​ម៉ាឡេស៊ី​បើ​គិតពី​ទំហំ​ទ្រព្យសកម្ម​បាន​ចាប់ផ្ដើម​ជា​យុទ្ធសាស្ដ្រ​លើ​គំនិត​ផ្តួចផ្ដើម​ដែល​នឹង​ជំរុញ​បន្ថែម​ទៀត​ដល់​​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ខ្លួន​។

ពាណិជ្ជកម្ម​អន្តរជាតិ​របស់ Maybank បច្ចុប្បន្ន​រួមចំណែក​ប្រហែល​ ៣៥ ​ភាគរយ ​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Maybank Group​។ ដោយ​មិន​រាប់បញ្ចូល​ប្រទេស​សិង្ហបុរី និង​ឥណ្ឌូនេស៊ី​ទីផ្សារ​អន្តរជាតិ​ផ្សេង​ទៀត​មាន​ចំនួន​ប្រហែល​ ៦,៤ ​ភាគរយ​ នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​នេះ និង​ ៨,៦ ​ភាគរយ នៃ​ប្រាក់ចំណេញ​មុន​បង់ពន្ធ​របស់​ក្រុមហ៊ុន​នេះ​។

លោក Foong បាន​ឲ្យ​ដឹងថា ទោះបី​ជា​ឧបសគ្គ​ម៉ាក្រូសេដ្ឋកិច្ច និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន​ក៏ដោយ ក៏​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​រំពឹងថា​នឹង​ទទួល​បាន​កំណើន​ប្រាក់ចំណូល​ជា​បន្ត​នៅ​ឆ្នាំនេះ និង​ក្នុង​ឆ្នាំ​ ២០២០​។

លោក​ថ្លែង​ថា​៖ «​ប្រទេស​​ កម្ពុជា​ ​ក៏​មាន​សក្ដានុពល​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​ផងដែរ និង​បាន​​កត់ត្រា​កំណើន​ខ្ពស់​បំផុត​ ២ ​ខ្ទង់​ដ៏រឹងមាំ​កាលពី​ឆ្នាំមុន​។ ល្បឿន​នេះ​ត្រូវបាន​រំពឹង​ថា​នឹង​ត្រូវ​បាន​រក្សា​នៅ​ឆ្នាំនេះ​»​។

លោក​បាន​ប្រាប់​កាសែត Star ក៏មាន​ផែនការ​ក្នុង​ការផ្ដល់​កម្មវិធី QRPay និង​សមត្ថភាព​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា​កម្ពុជា និង​ហ្វីលីពីន ខណៈ​ប្រទេស​ជាច្រើន​នៅ​អាស៊ាន​កំពុង​ស្វែងរក​កម្មវិធី​នេះ​ជា​ជម្រើស​ជំនួស​សម្រាប់​ឥណទាន​មាន​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «Maybank នឹង​នាំយក​សមត្ថភាព​ឌីជីថល​របស់​ខ្លួន​ពី​ប្រទេស​ម៉ាឡេស៊ី​មកកាន់​ទីផ្សារ​ប្រទេស​ ៣ ដែល​បាន​ផ្ដោត​ជា​សំខាន់​នេះ​»​។ លោក​បាន​បន្តថា​៖ «​នេះ​នឹង​ដាក់បញ្ចូល​បច្ចេកវិទ្យា​កម្មវិធី​ធនាគារ​ចល័ត​របស់​ខ្លួន​ជា​-​ពិសេស​នៅក្នុង​ប្រទេស​ ហ្វីលីពីន និង​កម្ពុជា​»៕LA