ភ្នំពេញ: ប្រធាន​នាយកប្រតិបត្តិ​ធនាគារ PPCBank ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​លោក Shin Changmoo បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មូលនិធិ​ ៤០ ​ពាន់​លាន​រៀល (​ឬ​ ១០ ​លាន​ដុល្លារ​) ដែល​ប្រមូលបាន​ពី​ការចេញ​ជុំ​ទី​ ២ ​នៃ​ការចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​យក​ទៅ​បង្កើន​ប្រាក់កម្ចី​ទៅដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ក្នុងស្រុក​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​កង្វះ​មូលនិធិ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​។

ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មុនពេល​ការចុះបញ្ជី​ជុំ​ទី​ ២ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Shin បាន​ឱ្យ​ដឹងថា បន្ទាប់ពី​ធនាគារ​លោក​ទទួល​បាន​ការជាវ​នូវ​សញ្ញា​បណ្ណ​ទាំងអស់​សម្រាប់​ការបោះ​ផ្សាយ​ជុំ​ទី​ ២ លោក​នឹង​ប្រើប្រាស់​មូលនិធិ​ ៤០ ​ពាន់​លាន​រៀល​នេះ​ដើម្បី​គាំទ្រ​ដល់ SMEs ក្នុងស្រុក និង​ផ្ដល់​ដល់​ពួកគេ​នូវ​ផលិតផល​ល្អប្រសើរ​ជាង​មុន​ដើម្បី​​ជំរុញ​កំណើន​អាជីវកម្ម​របស់​ពួកគេ​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក ដោយសារ​តែ​វីរុស​កូរ៉ូណា​។

លោក​បាន​លើកឡើង​ថា​៖ «​មូលនិធិ​ដែល​ប្រមូលបាន​នេះ​នឹង​ត្រូវ​ផ្ដល់​ដល់​ពួកយើង​ដោយផ្ទាល់ ហើយ​យើង​បន្ត​គាំទ្រ​ក្នុងការ​ផ្ដល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ខណៈ​ដែល​ពួកគេ គឺជា​វិស័យ​មួយ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ការអភិវឌ្ឍ​មិនល្អ​នៅពេល​ថ្មីៗ​នេះ​»​។

លោក​ថ្លែងថា​៖ «​គិត​ត្រឹម​ថ្ងៃនេះ យើង​បាន​បង្កើត​មជ្ឈមណ្ឌល SME ២ ​ដែល​ទីតាំង​​ជា​យុទ្ធសាស្ដ្រ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ជា​កន្លែង​ដែល​បុគ្គលិក​ខិតខំ​យកចិត្ត​ទុកដាក់ និង​ផ្ដល់​ការពិគ្រោះ​យោបល់​ស៊ីជម្រៅ​ដល់​ម្ចាស់ SME ទាំងនោះ​ទាក់ទង​នឹង​ការផ្ដល់​កម្ចី ខណៈ​ដែល​យើង​បាន​បង្កើត​ផលិតផល​កាន់តែច្រើន​ជាមួយ​នឹង​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់ SME ព្រមទាំង​ការផ្ដល់​ព័ត៌មាន និង​ជំនួយ​លើ​របៀប​ក្នុង​ការធ្វើ​ពិពិធកម្ម​របៀប​ទូទាត់​តាមរយៈ​ការទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​»​។

លោក​បន្តថា ធនាគារ​លោក​ក៏មាន​ប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​នៅក្នុង​ផែនការ​ផ្ដល់​ហិរញ្ញប្បទាន​រួម SME ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ដោយ​រដ្ឋាភិបាល ដោយសារ​តែ​យើង​បញ្ចេញ​កម្ចី​ផ្សេងៗ​យ៉ាង​រហ័ស​ជាមួយ​នឹង​ផែនការ​ហិរញ្ញប្បទាន​រួម​។

លោក Shin បាន​ថ្លែងថា​៖ «​កាលពី​សប្ដាហ៍​មុន យើង​ទទួល​បាន​ការយល់ព្រម​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើន​ទុន​ទ្វេដង ហើយ​ការចូលរួម​បែប​នោះ​នៅក្នុង​ផែនការ​ហិរញ្ញប្បទាន​រួម​មិន​បន្ថែម​ប្រាក់ចំណេញ​ច្រើន​នោះ​ទេ ប៉ុន្តែ​នៅក្នុង​ពេលវេលា​ដ៏ពិបាក​ដូចជា​សព្វថ្ងៃនេះ​ដែល​យើង​កំពុង​ឆ្លងកាត់ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដូច​ពួកយើង​ក្នុង​ការជួយ​គាំទ្រ​អាជីវកម្ម​ដែល​រងគ្រោះ​ខ្លាំង​បំផុត​នៃ​ទីផ្សារ​នេះ​»​។

កាលពី​ថ្ងៃទី​ ៣ ខែ​មេសា ឆ្នាំ​ ២០២០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ស្ដីពី​ការដាក់ឱ្យ​ដំណើរការ​គម្រោង «​ហិរញ្ញប្បទាន​រួម SMEs »​។ ការផ្ដល់​មូលនិធិ​នេះ ស្ថិតក្រោម​ផែនការ​ហិរញ្ញវត្ថុ​រួមមាន​ចំនួន​ ១០០ ​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការវិនិយោគ​រួម​រវាង​ធនាគារ SME Bank កម្ពុជា និង​ធនាគារពាណិជ្ជ​ទាំង​ ២៣ ធនាគារ​ឯកទេស ២ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ (MFIs) ចំនួន​ ៧ ក្នុងចំណោម​នោះ​ ៥ ​គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួលយក​ប្រាក់​បញ្ញើ​។

លោក ស៊ាង ធីរិទ្ធិ អគ្គនាយករង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បានឱ្យដឹងថា គិត​ត្រឹម​ខែតុលា ឆ្នាំ​ ២០២០ ទីផ្សារ​មូលបត្រ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ៦ ក្នុង ចំណោម​នោះ​ធនាគារ PPC- Bank គឺជា​ស្ថាប័ន​ទី​ ៤ ​ដែល​ចុះបញ្ជី​សញ្ញា​បណ្ណ និង​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទី​ ១ ​ដែល​ចេញ​សញ្ញា​បណ្ណ​សាជីវកម្ម​នៅ​ជុំ​ទី​២​។

លោក​លើកឡើង​ថា​៖ «​ការចេញ​សញ្ញាបណ្ណ​សាជីវកម្ម​របស់​ធនាគារ PPCBank រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការប្រមូល​មូលនិធិ​ដែល​នៅសល់​ទីផ្សារ​ក្នុងស្រុក ដើម្បី​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ​»​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បានឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃនេះ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​សរុប​ចំនួន​ ១៣ ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​ចំនួន​ ៧ និង​ក្រុមហ៊ុន​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​ចំនួន​ ៦​។ ក្នុងនោះ​រួមទាំង​ការចុះបញ្ជី​ដំណាក់កាល​ទី​ ២ ​របស់​ធនាគារ PPCBank ក្រុមហ៊ុន​ទាំង​ ១៣ នេះ​បាន​ប្រមូល​មូលនិធិ​ជាង​ ២៥៣ លាន​ដុល្លារ​រួច​ហើយពី​ទីផ្សារ​មូលបត្រ​មួយ​នេះ​។

លោក​បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ CSX ទទួលបាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​ចំនួន​ ៥ ក្រុមហ៊ុន ២ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ ៥ ​នោះ​ចុះបញ្ជី​មូលបត្រ​មូលធន និង​ ៣ ​ផ្សេង​ទៀត​ចុះបញ្ជី​មូលបត្រ​បំណុល ក្រុមហ៊ុន​ទាំងនេះ​បាន​ប្រមូល​មូលនិធិ​សរុប​ប្រហែល ៩២ ​លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ « CSX រំពឹង​ថា ទីផ្សារ​នេះ​នឹង​ក្លាយជា​ជម្រើស​ប្រកប​ដោយ​សក្ដានុពល និង​គួរឱ្យ​ទុកចិត្ត​សម្រាប់​ការប្រមូល​មូលនិធិ ការធ្វើពិពិធកម្ម​ប្រភព​មូលនិធិ និង​គាំទ្រ​កំណើន​របស់​វិស័យ​ឯកជន​ព្រមទាំង​ការធ្វើ​ពិពិធកម្ម​ផលបត្រ​វិនិយោគ​សម្រាប់​ក្រុម​វិនិយោគិន​ផងដែរ​»៕ LA