ភ្នំពេញ: ធនគារ SME ដែលជាធនាគារគ្រប់គ្រងដោយរដ្ឋថ្មីមួយមានដើមទុនដំបូង ១០០ លានដុល្លារ នឹងអាចបើកដំណើរការឆាប់នេះៗ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ធនាគារ SME គ្រោងនឹងដំណើរការផ្លូវការឆាប់ៗនេះ។ លោកថ្លែងថា៖ «យើងកំពុងរង់ចាំអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា យើងនឹងដំណើរការភ្លាម ព្រោះធនាគារនេះមានគោលបំណងផ្តល់កម្ចីដល់សហគ្រិនខ្នាតតូច និងមធ្យមក្នុងស្រុកក្នុងអត្រាការប្រាក់ទាប»។
កាលពីខែមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបង្កើនល្បឿនបង្កើតធនាគារ SME ក្នុងពេលឆាប់ៗនេះតាមតែអាចធ្វើទៅបាន។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Fasmec) បានឲ្យដឹងថា មូលនិធិនេះមានសារៈសំខាន់ណាស់ ព្រោះការទទួលបានកម្ចីរបស់សហគ្រាសធុនតូច និងមធ្យម បច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ លោកបន្តថា៖ «ធនាគារនេះនឹងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមដែលស្វែងរកកម្ចីជាមួយអត្រាការប្រាក់ទាប។ យើងអរគុណរដ្ឋាភិបាលតែងតែជួយ SME»។
របាយការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចេញផ្សាយកាលពីខែសីហាបានឲ្យដឹងថា សហគ្រិនស្ត្រីរបស់ប្រទេសកម្ពុជាបានបន្តជួបការលំបាកដោយសារតែលទ្ធភាពនៅមានកម្រិតក្នុងការទទួលបានកម្ចីសម្រាប់ពង្រីកអាជីវកម្ម។ របាយការណ៍បង្ហាញថាមានតែ ៣ ភាគរយប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានឥណទានផ្លូវការពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។
របាយការណ៍នេះបានប៉ាន់ប្រមាណថា តម្រូវការសម្រាប់ឥណទានពីសហគ្រិនស្ត្រីបច្ចុប្បន្នមាន ៤,២ ពាន់លានដុល្លារ ស្មើនឹងជិត ៦៣ ភាគរយ នៃថវិកា ៦,៧ ពាន់លានដុល្លារ របស់កម្ពុជាសម្រាប់ឆ្នាំ ២០១៩។
ការស្ទង់មតិមួយដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មក្នុងចំណោមសហគ្រាស ៧១ នាពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជាបានរកឃើញថា ពួកគេត្រូវការជំនួយសម្រាប់ការស្រាវជ្រាវទីផ្សារ ការអភិវឌ្ឍសេវា ការវេចខ្ចប់ បច្ចេកវិទ្យា ធនធានមនុស្ស លទ្ធភាពទទួលបានការងារ និងហិរញ្ញវត្ថុ ការចុះបញ្ជីអាជីវកម្ម និងពន្ធព្រមទាំងដើម្បីកែលម្អស្តង់ដាអនាម័យ។
ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏នឹងបញ្ចេញសាច់ប្រាក់ ៥០ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្មផងដែរ។ មូលនិធិនេះនឹងផ្តល់ជាកម្ចីក្នុងអត្រាការប្រាក់ទាបតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB)៕