ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលគ្រប់គ្រងដោយរដ្ឋជាមួយប្រភពទុនដំបូង ១០០ លានដុល្លារកើតចេញពីការរួមបញ្ចូលគ្នារវាងរដ្ឋ និងស្ថាប័នហិរញ្ញវត្ថុឯកជនបានប្រកាសដំណើរការសាកល្បងរបស់ខ្លួនចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកានេះដោយអំពាវនាវឱ្យម្ចាស់សហគ្រាសដាក់ស្នើកម្ចីដែលអាចទទួលបានរហូតដល់ ២០ ម៉ឺនដុល្លារសម្រាប់ទុនបង្វិល និង ៣០ ម៉ឺនដុល្លារសម្រាប់ទុនវិនិយោគ។
សេចក្ដីប្រកាសព័ត៌មានរបស់ SME Bank នៅថ្ងៃព្រហស្បតិ៍បានជូនដំណឹងអំពីប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃទី ៥ ខែវិច្ឆិកាតទៅដោយបានបង្ហាញពីបេសកកម្មក្នុងការផ្ដល់ហិរញ្ញប្បទាន និងសេវាធនាគារពាណិជ្ជប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមជាមួយនឹងគោលបំណងក្នុងការបង្កើន ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកទំហំនៃការនាំចេញ។
ធនាគារ SME Bank បានបន្តថា ខ្លួននឹងខិតខំប្រឹងប្រែងក្នុងការផ្ដល់អត្ថប្រយោជន៍តម្លៃបន្ថែមសំខាន់ៗចំនួន ៤ ដល់សហគមន៍ SMEs រួមមានទី ១ លទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែប្រសើរ និងមានតម្លៃទាប ទី ២ ជំនួយបចេ្ចកទេសដល់ SMEs ដើម្បីលើកកម្ពស់ផលិតភាព និងប្រសិទ្ធផលរបស់ពួកគេ ទី ៣ គាំទ្រការប្រឹក្សាយោបល់អាជីវកម្មចុងខ្សែ និងទី ៤ ជួយសម្រួលលទ្ធភាពចូលទីផ្សារក្នុងតំបន់។
ធនាគារនេះបានឱ្យដឹងថា ម្ចាស់សហគ្រាស SMEs អាចខ្ចីបានរហូតដល់ ២០០ ០០០ ដុល្លារសម្រាប់ទុនបង្វិល និង ៣០០ ០០០ ដុល្លារ សម្រាប់ទុនវិនិយោគដោយមានអត្រាការប្រាក់ ៧ ភាគរយ ក្នុង ១ ឆ្នាំ និងរយៈពេលសងកម្ចី ៧ ឆ្នាំ។
លោក Dexter Tan អគ្គនាយកធនាគារ SME Bank បានឱ្យដឹងកាលពីខែមិថុនាថា ធនាគារនេះមានបម្រុងប្រាក់ប្រហែល ១០ ភាគរយនៃទុនសរុបរបស់ខ្លួនដល់ SMEs ហើយលោកសង្ឃឹមថាទុន ១០០ លានដុល្លារនឹងត្រូវបញ្ចេញត្រឹមចុងឆ្នាំនេះ។
វិស័យអាទិភាពសំខាន់ៗដែលនឹងមានលទ្ធភាពទទួលបានកម្ចី រួមមាន ការផលិត និងការកែច្នៃអាហារ, ការផលិតទំនិញប្រើប្រាស់ក្នុងស្រុក ការកែច្នៃកាកសំណល់ និងការផលិតទំនិញសម្រាប់វិស័យទេសចរណ៍ ការផលិតផលិតផលសម្រេច គ្រឿងបន្លាស់ ឬការដំឡើងគ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនផលិតផ្សេងទៀត, ស្រាវជ្រាវ និងអភិវឌ្ឍន៍ជាប់ទាក់ទងនឹងព័ត៌មានវិទ្យា ឬការផ្គត់ផ្គង់សេវាមានមូលដ្ឋានលើព័ត៌មានវិទ្យា និងចុងក្រោយគឺ សហគ្រាសដែលមានទីតាំងស្ថិតនៅក្នុងបណ្ដុំ SME និងសហគ្រាសដែលអភិវឌ្ឍជាបណ្ដុំ។
ធនាគារនេះនឹងពង្រីកផែនការកម្ចីផ្សេងៗដូចជា ផែនការសហគ្រិនស្ដ្រីកម្ពុជា (CWES) និងផែនការឌីជីថល និងស្វ័យប្រវត្តិកម្មកម្ពុជា (CDAS) នៅពេលអនាគត។
បច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣៣ បានចូលរួមបណ្តាក់ទុនជាមួយធនាគារ SME Bank ធនាគារពាណិជ្ជ ២៣ ធនាគារឯកទេស ២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ២៕LA