ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលគ្រប់គ្រងដោយរដ្ឋអាចនឹងដំណើរការនៅចុងឆ្នាំនេះតាមការគ្រោងទុក ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសរកបុគ្គលិកសម្រាប់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនសម្រាប់ធនាគារថ្មីនេះ។
សេចក្ដីប្រកាសការងាររបស់ MEF បង្ហាញថា ក្រសួងនេះកំពុងស្វែងរកបេក្ខជន ដើម្បីបំពេញមុខតំណែង ដូចជាអគ្គនាយក ប្រធានផ្នែកប្រតិបត្តិការ ប្រធានផ្នែកបច្ចេកវិទ្យា ប្រធានផ្នែកធនធានមនុស្ស និងប្រធានផ្នែកហានិភ័យ។
សេចក្ដីប្រកាសនេះមិនបានជូនដំណឹងពីកាលបរិច្ឆេទ ដែលធនាគារ SME Bank នឹងត្រូវដំណើរការនោះទេ ប៉ុន្តែផ្ដល់កាលបរិច្ឆេទសម្រាប់ការដាក់ពាក្យរហូតដល់ថ្ងៃទី ៣០ ខែ មេសា។
គំនិតផ្ដួចផ្ដើមសម្រាប់ការបង្កើតធនាគារ SME bank ត្រូវបានបង្ហាញដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ ២០១៧ នៅក្នុងក្ដីសង្ឃឹមថា ធនាគារនេះនឹងបង្កើនរោងចក្រកែច្នៃក្នុងស្រុក និងពង្រឹងសមត្ថភាពនាំចេញ។
ថ្លែងនៅក្នុងវេទិកា រដ្ឋាភិបាលវិស័យឯកជនលើកទី១៨ កាលពីចុងខែមីនា លោកនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចលៃប្រាក់ទុក ១០០ លានដុល្លារ ដើម្បីដំណើរការធនាគារនេះ ហើយធនាគារនេះត្រូវបានរំពឹងថា នឹងដំណើរការនៅចុងឆ្នាំនេះ។
លោកបានបញ្ជាក់ថា៖ «ការរៀបចំដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ ២០១៩ នេះនូវធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ដែលមានកញ្ចប់ទឹកប្រាក់ដំបូង ប្រមាណ ១០០ លានដុល្លារចេញពីប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនឹងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពលក្នុងការពង្រីកអាជីវកម្ម និងបង្កើតការងារ»។
ធនាគារថ្មីនេះនឹងផ្ដល់អាទិភាពដល់ការអភិវឌ្ឍកសិពាណិជ្ជកម្មកម្ពុជា និង SME ដែលជាប់ទំនាក់ទំនងនឹងការវិនិយោគផ្ទាល់ពីបរទេស វិស័យទេសចរណ៍ និងក្រុមហ៊ុនបង្កើតថ្មី ផ្នែកបច្ចេកវិទ្យា៕LA