ភ្នំពេញៈ ធនាគារ​ SME ដែល​ជា​សហគ្រាស​​​រដ្ឋ​ថ្មី​មួយ​មាន​ដើម​ទុន​ដំបូង ១០០ លាន​​ដុល្លារ​​សម្រាប់​ផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម អាច​នឹង​​បើក​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​នេះ​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កញ្ចប់​ថវិកា​រួច​រាល់​ដើម្បី​ដំណើរ​ការ​គម្រោង​នេះ​។ នេះ​បើ​យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (MEF)។

ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ លោក វង្សី វិស្សុត រដ្ឋ​លេខាធិការ​ប្រចាំ​​ការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​លៃ​លក​កញ្ចប់​ថវិកា​​ ១០០ លាន​​ដុល្លារ​​រួច​ហើយ​ក្នុង​ការ​ដាក់​ឲ្យ​​ដំ​ណើរ​ការ​​គម្រោង​នេះ​ តែ​ក្រុម​ការងារ​កំពុង​រៀបចំ​នីតិ​វិធី​សំខាន់​ៗ​មួយ​​ចំនួន​ទៀត​ដើម្បី​បើក​ដំណើរការ​ធនាគារ​នេះ​ជា​ផ្លូវ​ការ​។

លោក​បន្ត​ថា​ ធនាគារ​ថ្មី​នេះ​នឹង​ផ្តោត​លើ​ការ​ជួយ​ជ្រោម​ជ្រែង​វិស័យ​កែ​ច្នៃ​កសិផល អភិវឌ្ឍន៍​ សហគ្រាស​តូច​ និង​មធ្យម​ ដែល​​ផ្សារ​ភ្ជាប់​នឹង​វិនិយោគ​ផ្ទាល់​ពី​បរទេស​វិស័យ​ទេសចរណ៍ និង​ក្រុមហ៊ុន​បង្កើត​ថ្មី​​ក្នុង​វិស័យ​បច្ចេក​វិទ្យា។

លោក​បញ្ជាក់​ថា​៖ «​រាល់​វិស័យ​ណា​ដែល​ជា​ចន្ទល់​ថ្មី​សម្រាប់​ជំ​រុញ​កំណើន​សេដ្ឋកិច្ច​នឹង​ត្រូវ​បាន​ការ​គាំទ្រ​ដោយ​ធនាគារ​ SME»។

គំនិត​ផ្តួច​ផ្តើម​បង្កើត​ធនាគារ​​ SME ត្រូវ​បាន​លើក​ឡើង​ដំបូង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០​​១៧ ក្នុង​គោល​ដៅ​ជំរុញ​សកម្មភាព​ផលិត​ និង​លទ្ធភាព​នាំ​ចេញ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​​​ពី​ម្ចាស់​សហគ្រាស​ជា​ច្រើន​បាន​លើក​ឡើង​ពី​លទ្ធភាព​​ទទួល​​បាន​ហិរញ្ញប្ប​ទាន​ទាប ហើយ​តែង​អំពាវ​នាវ​ជា​ញឹក​ញាប់​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​កម្ចី​​មាន​​​ការ​ប្រាក់​ទាប៕