ភ្នំពេញៈ ​ធានា​រ៉ាប់រង​កសិកម្ម​បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ ​ក្នុង​ការ​ធានា​សន្ដិសុខ​​ហិរញ្ញវត្ថុ​សម្រាប់​ប្រជា​កសិករ​ ហើយ​វា​​ក៏​ជា​បញ្ហា​ដ៏​សំខាន់​សម្រាប់​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​កសិកម្ម​ ដូច​ជា​កម្ពុជា​។

ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte ជា​​ក្រុមហ៊ុន​​មួយ​​នៅ​ក្នុង​ទីផ្សារ​​​ធានា​រ៉ាប់រង​កម្ពុជា ដែល​បាន​ផ្ដល់​សេវា​ធានា​រ៉ាប់រង​នេះ​រួច​ហើយ ក្នុង​គម្រោង​សាកល្បង​សម្រាប់​វិស័យ​​​ចាប់​តាំង​ពី​ឆ្នាំ​ ២០០​៤ មក​។​

លោក យក់ ចំរើន​រិទ្ធិ នាយក​គ្រប់គ្រប់​​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte Insurance (Cambodia) Plc បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​យក​ព័ត៌មាន​កាសែត​​ភ្នំពេញ​ប៉ុស្ដិ៍​ ដើម្បី​ពន្យល់​អំពី​របៀប​​នៃ​ការ​ធានា​រ៉ាប់​រង​កសិកម្ម ការ​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​វិស័យ​នេះ​ និង​បញ្ហា​ប្រឈម​នៅ​ពី​ក្រោយ​បញ្ហា​នេះ​។​

តើ​ហេតុ​អ្វី​​យើង​ចាំបាច់​ត្រូវការ​ ការ​ធានា​រ៉ាប់រង​កសិកម្ម?​

ការ​ធានា​រ៉ាប់រង​កសិកម្ម​​​មាន​ភាព​ពេញ​និយម​​នៅ​តាម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ ដែល​​មាន​សក្ដានុ​ពល​ខ្ពស់​នៅ​ក្នុង​វិស័យ​កសិកម្ម ហើយ​វា​ត្រូវ​បាន​អនុវត្ត​​​​ប្រកប​ដោយ​ជោគជ័យ​ដូច​ជា​នៅ​​អាមេរិក​ សហភាព​អឺរ៉ុប ​ថៃ ឥណ្ឌា និង​​វៀតណាម​ ដែល​ធានា​ដល់​ផលិតកម្ម​ខ្ពស់​ ​​សន្ដិសុខ​​កសិកម្ម​ និង​ហិរញ្ញវត្ថុ​ សម្រាប់​កសិករ​របស់​ពួក​គេ​។ ការ​ធានា​រ៉ាប់រង​កសិកម្ម​ បាន​​បែងចែក​ជា​ ២ ប្រភេទ​ ទី១ ការ​ធានា​រ៉ាប់រង​ផ្នែក​រុក្ខាប្រមាញ់ និង​ទី​២ ការ​ធានា​​រ៉ាប់​រង​ដំណាំ​កសិកម្ម។

ដូច​ដែល​​យើង​បាន​ដឹង​ហើយ​ថា ទីផ្សារ​ធានា​រ៉ាប់រង​ នឹង​ការពារ​នូវ​រាល់​ហានិភ័យ​​ដែល​បាន​​​កើត​ឡើង​ដោយ​​មិន​បាន​រំពឹង​​ទុក និង​ធានា​​ហិរញ្ញវត្ថុ​សម្រាប់​​ផល​វិបាក​នៅ​ពេល​ក្រោយ​។ ដូច្នេះ​ ការ​ធានា​រ៉ាប់រង​​កសិកម្ម​ គឺ​​​​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​​ក្នុង​ការ​ធានា​​ការ​ខូច​ខាត​ខ្លាំង​ណា​មួយ​​លើ​ការ​ផលិត​កសិកម្ម​ ហានិភ័យ​ដោយ​សារ​​​អាកាស​​ធាតុ​​មិន​ទៀង​ទាត់​ ​ហើយ​វា​គាំទ្រ​ការ​​ផលិត​កសិកម្ម​ ដែល​អនុវត្ត​តាម​​គោល​នយោបាយ​រដ្ឋ​ ដោយ​ ការ​​លើក​កម្ពស់​ ការ​ផលិត​ខ្ពស់​ព្រម​​ទាំង​ការ​ធានា​សន្ដិសុខ​​ហិរញ្ញវត្ថុ​សម្រាប់​កសិករ​។

តើ​អ្វី​ជា​អត្ថប្រយោជន៍​ នៃ​ការ​ធានា​រ៉ាប់រង​កសិកម្ម​?

ខណៈ​ប្រទេស​​យើង​ពឹង​ផ្អែក​លើ​ទឹក​​​ភ្លៀង​ច្រើន​ ​ហើយ​ប្រជាជន​ ៦០ ទៅ​ ៧០ ​ភាគរយ​ គឺ​ជា​កសិករ ដូច្នេះ​ការ​ធានា​រ៉ាប់រង​កសិកម្ម​ នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​​ដល់​កសិករ​របស់​យើង​។ វា​នឹង​សង​ដល់​កសិករ​ នៅពេល​​​ណា​ដែល​ដំណាំ​កសិកម្ម​របស់​ពួក​គេ​ ឬ​កសិដ្ឋាន​របស់​ពួក​គេ​ខូចខាត​​ដោយ​គ្រោះ​ថ្នាក់​ធម្មជាតិ វា​នឹង​ធ្វើ​ឲ្យ​កសិករ​មាន​ការ​ស្ងប់​ចិត្ត​​​សម្រាប់​ដំណាំ​ពួក​គេ​។

តើ​​​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​​នៅ​​​ក្នុង​វិស័យកសិកម្ម​ របស់​កម្ពុជា​មក​ដល់​ពេល​នេះ​?​

យើង​គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​ នៅ​ក្នុង​ទីផ្សារ​ធានា​រ៉ាប់រង​ដែល​ធ្វើ​ការងា​រលើ​ការ​ធានា​រ៉ាប់រង​​ផ្នែក​កសិកម្ម។ ​ក្រុមហ៊ុន​ Forte មាន​ចក្ខុ​វិស័យ​រយៈពេល​​វែង​​សម្រាប់​ការ​ផ្ដល់​ការ​ធានា​រ៉ាប់រង​កសិករ​នេះ។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ ​ក្រុមហ៊ុន​ Forte បាន​សាក​ល្បង​គម្រោង​ធានា​រ៉ាប់រង​ដំណាំ​កសិកម្ម​ ដែល​ផ្ដល់​​​អត្ថ​ប្រយោជន៍​ដល់​ប្រជា​កសិករ​ ២០០ គ្រួសារ​ដោយ​ប្រមូល​ការ​​បង់​បុព្វ​លាភ​ប្រហែល​ ៥ ២០០ ​ដុល្លារ​ក្នុង​មួយ​រដូវ និង​ផ្តល់​​​ប្រាក់​សំណង​ប្រហែល​ ៧ ០០០ ​​​ដុល្លារ​​ ដែល​​មាន​មូលដ្ឋាន​នៅ​ខេត្ត​​បាត់​ដំបង បន្ទាយ​មានជ័យ ពោធិ៍​សាត់ សៀម​រាប និង​កំពង់​ធំ​ដែល​បាន​ផ្ដោត​លើ​ការ​ផលិត​ស្រូវ​។​

យើង​ផ្ដល់​ការ​ធានា​រ៉ាប់រង​​ដំណាំ​​​ ដូច​ជា​​កៅស៊ូ ​ស្វាយ​ចន្ទី និងពោត​ ខណៈ​ធ្លាប់​លក់​ឲ្យ​ ៦០ ​​​គ្រួសារ​ សម្រាប់​ការ​ចាប់​ផ្ដើម​ដំបូង ហើយ​នៅពេល​នេះ​មាន​​តែ​គ្រួសារ​ ៣​ ប៉ុណ្ណោះ​ដែល​នៅ​ប្រើប្រាស់​សេវា​។

ការ​សង​របស់​យើង​គឺ​ផ្អែក​តាម​ការ​វិភាគ​ស្ថិតិ​ លើ​សន្ទស្សន៍​​អាកាស​ធាតុ ដែល​យើង​ដំឡើង​មជ្ឈមណ្ឌល​​អង់តែន​ ​ដើម្បី​ព្យាករ​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​យើង​បង្ហាញ​កសិករ​ ឲ្យ​យល់​ដឹង​ពី​ការងារ​របស់​យើង​ និង​បង្កើន​​ទំនុក​ចិត្ត​ទៅ​ដល់​ពួក​គេ​។ យើង​បាន​សង​ដោយ​ពឹង​​ផ្អែក​លើ​សន្ទស្សន៍​ទិន្នផល​ និង​សន្ទស្សន៍​ប្រាក់​ចំណូល​​​ដំណាំ​​របស់​ពួកគេ​ ខណៈ​តម្លៃ​​​​​ផលិត​ផល​កសិកម្ម​នឹង​ប្រែប្រួល​។​

តើ​អ្វី​ជា​បញ្ហា​​ប្រឈម​ បន្ទាប់​ពី​​គម្រោង​សាក​ល្បង​ នៃ​ការ​ធានា​រ៉ាប់រង​ដំណាំ​កសិកម្ម​នេះ​​?

តាំង​ពី​បាន​ចូល​ក្នុង​វិស័យ​នេះ​មក​ យើង​​មិន​ទាន់​ទទួល​បាន​ប្រាក់​ចំណេញ​នៅ​ឡើយ​ទេ​ ដោយ​ការ​សង​សំណង​​​ គឺ​ខ្ពស់​ជាង​​ការ​ទទួល​បាន​បុព្វលាភ។ ប៉ុន្តែ​យើង​រីករាយ​ក្នុង​ការ​សង​ ដោយ​សារ​តែ​កសិករ​មាន​ការ​យល់​ដឹង​យឺតយ៉ាវ​អំពី​​ផលិតផល។ ប៉ុន្តែ​យើង​ប្រឈម​នឹង​បញ្ហា​​ជា​ច្រើន​ ខណៈ​គម្រោង​សាកល្បង​របស់​យើង​នៅ​តែ​មាន​។​​​

យើង​​បាន​រក​ឃើញ​ថា ការ​យល់​ដឹង​អំពី​​អត្ថ​ប្រយោជន៍​ធានា​រ៉ាប់រង​ នៅ​តែ​មាន​កម្រិត​ កង្វះ​​ការ​អប់រំ​របស់​ប្រជា​កសិករ​ ខណៈ​វា​មាន​ការ​ជួយ​ជ្រោមជ្រែង​​​បន្តិចបន្តួច​ពី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដូច្នេះ​វា​ពិបាក​​ក្នុង​ការ​​បង្កើន​ទំនុក​ចិត្ត​​នៅ​ក្នុង​ទីផ្សារ​នេះ។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្យាករណ៍​​អាកាស​ធាតុ​នៅ​មាន​កម្រិត​ ដែល​ពិបាក​សម្រាប់​ពួក​យើង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង ក្នុង​ការ​ព្យាករ​ ហើយ​កសិករ​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​​អាកាស​ធាតុ​ផង​ដែរ​​។​

តើ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​​​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​?

រដ្ឋាភិបាល​ គឺ​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ធានា​រ៉ាប់រង​កសិកម្ម​​កើត​ឡើង​ និង​មាន​ស្ថិរភាព​សម្រាប់​វិស័យ​នេះ វា​ពិបាក​​នៅ​ក្នុង​ការ​ដំណើរ​ការ​ដោយ​រលូន​ ដោយ​​មិនមាន​ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល។​ រដ្ឋាភិបាល​នឹង​ដើ​រតួ​នាទី​វិជ្ជមាន​​សម្រាប់​កសិករ​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​ និង​ធានា​គុណភាព​សម្រាប់​សេវា​របស់​យើង​ ហើយ​​​ប្រជា​កសិករ​នឹង​​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព ដោយ​សារ​តែ​​ហិរញ្ញវត្ថុ​របស់​ពួក​គេ​មាន​​សន្ដិសុខ​។​

ខណៈ​វិស័យ​នេះ​ចាំ​បាច់​ត្រូវ​​មាន​​​កិច្ច​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ ដូច​ជា​​មីក្រូ​ហិរញ្ញវត្ថុ ធនាគារ​ និង​ពាណិជ្ជករ​ វា​នឹង​ដំណើរ​ការ​កាន់​តែ​ល្អ​ប្រសើ​រ​ ប្រសិន​បើ​​វិស័យ​នេះ​ទាំង​មូល​រួម​​គ្នា​។​

ខ្ញុំ​ជឿជាក់​ថា វា​នឹង​កើត​ឡើង​ ដោយ​សារ​​​រដ្ឋាភិបាល​បញ្ជាក់​រួច​​ហើយ​អំពី​ការ​ធានា​រ៉ាប់រង​កសិកម្ម​ នៅ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​កសិកម្ម​ ដោយសារ​តែ​វា​នឹង​ធានា​សន្ដិសុខ​ហិរញ្ញវត្ថុ​សម្រាប់​កសិកម្ម​ ការ​ផលិត​​ខ្ពស់ និង​បង្កើន​ទំហំ​ការ​​នាំចេញ​៕​LA