
សកម្មភាពនៃការផ្សព្វផ្សាយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife នាពេលកន្លងមក។ បច្ចុប្បន្នវិស័យនេះកំពុងមានកំណើនខ្លាំង។ ហេង ជីវ័ន
ភ្នំពេញៈ ទឹកប្រាក់នៃការលក់ធានារ៉ាប់រងអាយុជីវិត បានកើនលើសការលក់ធានារ៉ាប់រងទូទៅជាលើកដំបូងកាលពីឆ្នាំមុន បន្ទាប់ពីអាជីវកម្មនេះបានចូលមកក្នុងទីផ្សារកម្ពុជារយៈពេល ៧ ឆ្នាំ មកនេះ។
ស្របពេលចំណូលពីការលក់ធានារ៉ាប់រងនៅកម្ពុជាបានកើនដល់ជាង ១៩៦ លានដុល្លារកាលពីឆ្នាំ ២០១៨ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថាទឹកប្រាក់ពីការលក់ធានារ៉ាប់រងទូទៅមានចំនួន ៨៧ លានដុល្លារ ខណៈធានារ៉ាប់រងអាយុជីវិតមានរហូតដល់ ១០០ លានដុល្លារ។ ទឹកប្រាក់ដែលនៅសេសសល់គឺជាបុព្វលាភធានារ៉ាប់រងពីធានារ៉ាប់រងខ្នាតតូច។
លោកបានថ្លែងថា៖ «បន្ថែមពីការការពារហានិភ័យ ធានារ៉ាប់រងអាយុជីវិតផ្តល់ការសន្សំដែលមានន័យថា ប្រសិនបើមិនមានបញ្ហាហានិភ័យកើតឡើងទេ គាត់អាចទទួលបានជាការសន្សំវិញជាមួយនឹងការប្រាក់តិចតួច»។
ប៉ុន្តែលោក វ៉ាថារ៉ូ បានឲ្យដឹងថា ការធានារ៉ាប់រងទូទៅ និងការធានារ៉ាប់រងអាយុជីវិត ផ្ដល់អត្ថប្រយោជន៍ផ្សេងគ្នា ដោយសារប្រភេទការងារលើហានិភ័យផ្សេងៗគ្នា។ លោកបន្ថែមថា ជាទូទៅបុព្វលាភធានារ៉ាប់រងអាយុជីវិត តែងតែធំជាង ការធានារ៉ាប់រងទូទៅ។
ការធានារ៉ាបរ់ងអាយុជីវិតត្រូវបានបង្កើតឡើងនៅទីផ្សារកម្ពុជាកាលពីឆ្នាំ ២០១២ ដែលពេលនោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Cambodian Life ដែលជាការវិនិយោគរួមរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជនបរទេស ៤ ត្រូវបានដាក់ឲ្យដំណើរការ។ ក្រោយមកវិស័យនេះត្រូវបានចូលរួមដោយប្រតិបត្តិករផ្សេងទៀត រួមមាន Manulife ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេស កាណាដា ក្រុមហ៊ុន Prudential Corporation Asia និងក្រុមហ៊ុនផ្សេងទៀត។
សេវាធានារ៉ាប់រងទូទៅបានចាប់ផ្ដើមដំណើរការនៅក្នុងប្រទេស កម្ពុជា កាលពីឆ្នាំ ១៩៩០ តាមរយៈក្រុមហ៊ុនធានារ៉ាប់រងជាតិកម្ពុជា (CAMINCO) ដែលគាំទ្រដោយរដ្ឋ។
តួលេខរបស់ IAC បង្ហាញថា គិតមកត្រឹមចុងឆ្នាំ ២០១៨ មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ៨ ដែលប្រតិបត្តិការនៅកម្ពុជា ខណៈការធានារ៉ាប់រងទូទៅមាន ១២ ក្រុមហ៊ុន។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុង សន្និសីទស្ដីពីភោគាត្រាសំណងធានារ៉ាប់រងប្រចាំអាស៊ីឆ្នាំ ២០១៩ ដែលធ្វើឡើងនៅភ្នំពេញកាលពីម្សិលមិញ លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ឧស្សាហកម្មធានារ៉ាប់រងកម្ពុជា បានមើលឃើញកំណើនគួរឲ្យកត់សម្គាល់ ជាមួយនឹងអត្រាកំណើន នៅក្នុងវិស័យនេះទាំងមូល មានប្រហែល ៣៥ ភាគរយ ក្នុង ១ ឆ្នាំ នៅក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ។
កម្ពុជា ត្រូវបានមើលឃើញថាកំពុងបង្កើនប្រាក់ចំណូលពីប្រទេសមានប្រាក់ចំណូលមធ្យមទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់ ដែលអាចឲ្យប្រជាជនរបស់ខ្លួន បង្កើនលក្ខខណ្ឌរស់នៅ និងអាចសន្សំប្រាក់បាន។
លោកថ្លែងថា៖ «ប្រជាជនកម្ពុជា នៅពេលនេះ អាចធ្វើការសន្សំប្រាក់នៅក្នុងវិស័យហិរញ្ញវត្ថុ ឬសន្សំប្រាក់ក្នុងទម្រង់នៃការការពារហានិភ័យតាមរយៈវិស័យធានារ៉ាប់រង»។ លោកបន្តថា៖ «កំណើនបុព្វលាភធានារ៉ាប់រង ៣៥ ភាគរយក្នុងមួយឆ្នាំ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ឆ្លុះបញ្ចាំងពីការរួមចំណែកធនធានដែលបានពីកំណើនសេដ្ឋកិច្ច»។
លោកអគ្គនាយក ម៉ី វ៉ាន់ មិនបានផ្ដល់ព័ត៌មានលម្អិតពីចំនួនទឹកប្រាក់ដែលវិស័យនេះ បានសងជាសំណងលើការធានារ៉ាប់រងទេក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ប៉ុន្តែលោកបានឲ្យដឹងថា ចំនួននេះជិតពាក់កណ្ដាលនៃបុព្វលាភធានារ៉ាប់រង ដែលត្រូវបានលក់មកដល់ពេលនេះ៕LA