ភ្នំពេញៈ សហគមន៍​អាជីវកម្ម​ទាំង​ក្នុងស្រុក និង​បរទេស​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ដែលថា បរិយាកាស​វិនិយោគ និង​អាជីវកម្ម​នឹង​កាន់តែ​មាន​ភាពប្រសើរឡើង និង​មាន​ទំនុកចិត្ត ដោយសារតែ រដ្ឋាភិបាល​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺឆ្លង​កូវីដ​ ១៩​ ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈនេះ​។

ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​នឹងត្រូវ​ចាប់ផ្តើម​ចាក់​ជូន​អ្នកស្ម័គ្រចិត្ត​ដែលមាន​អាយុ​ចន្លោះ​ពី​ ១៨ ​ដល់​ ៥៩ ​ឆ្នាំ​នៅតាម​មន្ទីរពេទ្យ​ដែល​បានកំណត់​ចំនួន​ ៤ នៅ​ទីក្រុង​ភ្នំពេញ​នៅថ្ងៃនេះ​។ ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ទទួល​វ៉ាក់សាំង​លើកដំបូង​ចំនួន​ ៦០០ ០០០ ​ដូស​ ក្នុង​ចំណោម​ ១ ​លានដូស​ ដែល​បានផ្ដល់​ដោយ​រដ្ឋាភិបាល​ចិន និង​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញ​នូវ​ការអបអរសាទរ និង​ការកោតសរសើរ​ដល់​វិធានការ​បង្ការ​ជំងឺ​កូវីដ​ ១៩ ​របស់​រាជរដ្ឋាភិបាល ​ជាពិសេស​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​។

លោក​ថ្លែងថា​៖ «​តាំង​នាម​ឱ្យ​វិស័យ​ឯកជន ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការរក​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ ចាក់​ជូន​ប្រជាជន ទោះបី​ជា​យើង​ជា​ប្រទេស​តូច​មួយ​ក៏ដោយ យើង​អាច​មាន​វ៉ាក់សាំង​សម្រាប់​ប្រជាជន​យើង​»​។

លោក​បន្ថែមថា​៖ «​ការចាក់​វ៉ាក់សាំង​នេះ គឺជា​អ្វី​ដែលជា​បំណងប្រាថ្នា​របស់​វិស័យ​ឯកជន ខណៈ​ដែល​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​រារាំង និង​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម និង​ផលិតកម្ម​។ យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ​នេះ គឺជា​ចំណុច​ពិសេស​មួយ​ក្នុង​ការទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែច្រើន ដែល​កំពុង​ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើដំណើរ​របស់​ពួកគេ​មក​ប្រទេស​របស់​យើង ឬ​វា​ក៏​នឹង​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​ផងដែរ​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ឱ្យ​ដឹងថា ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​មាន​សារៈសំខាន់​ណាស់ និង​មាន​ភាពវិជ្ជមាន​មិនមែន​សម្រាប់​បរិយាកាស​ប្រកប​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​សាធារណជន​ផងដែរ​ដោយសារ​តែ​វា​អាច​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ប្រកបដោយ​ទំនុកចិត្ត​។

លោក​បន្តថា​៖ «​ខ្ញុំ​រីករាយ​ដែល​បានដឹងថា រដ្ឋាភិបាល​មាន​ផែនការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩ ដល់​ប្រជាជន​សំខាន់ៗ​បំផុត ដែល​រួមទាំង​អ្នក​សារព័ត៌មាន​ផងដែរ បាន​និង​រួមបញ្ចូល​គ្នា រវាង​វិទ្យាសាស្ដ្រ និង​ជំនឿ​ចិត្តវិទ្យា​ដែល​ធ្វើឱ្យ​ប្រជាជន​ជាច្រើន​មាន​អារម្មណ៍​វិជ្ជមាន​លើ​បរិយាកាស​អាជីវកម្ម និង​លើកទឹកចិត្ត​ដល់​ពួកគេ​ឱ្យធ្វើ​អាជីវកម្ម​តាម​ធម្មតា ព្រមទាំង​ជំរុញ​សកម្មភាព​ធ្វើដំណើរ​ក្នុងស្រុក​»​។

លោក​បានឱ្យ​ដឹងថា ការចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង​នេះ គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​ភ័យខ្លាច មាន​អារម្មណ៍​ថា​ធូរស្រាល​នោះទេ ចំណែកឯ​អាជីវកម្ម​ក៏​នឹង​មាន​សកម្មភាព ដែល​រួមទាំង​ការធ្វើ​ដំណើរ​អន្តរជាតិ​ក៏​នឹង​ចាប់ផ្ដើម​ល្អប្រសើរ​ឡើងវិញ​។

លោក លី វីរៈ អគ្គនាយក​របស់​សាលា​អន្តរជាតិ Westview Cambodian International School ក៏បាន​ចង្អុល​បង្ហាញថា ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដែល​បាន​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​នេះ​ជា​បេសកកម្ម​ដ៏សំខាន់​នៅពេល​បច្ចុប្បន្ន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការសម្រេចបាន​ដោយ​ជោគជ័យ​ដូចជា​ការគ្រប់គ្រង​វីរុស​នេះ​ជាដើម​។ ផែនការ​នេះ​អាច​បង្កើនល្បឿន​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច ការស្ដារ​ទំនុកចិត្ត​វិនិយោគិន នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ព្រមទាំង​កែប្រែ​មុខមាត់​របស់​ប្រទេស​ឱ្យ​ក្លាយ​ជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ជាច្រើន​ដែលមាន​សុវត្ថិភាព​បំផុត​នៅលើ​ពិភពលោក​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management បានឱ្យដឹងថា ផែនការ​របស់​រដ្ឋាភិបាល​មាន​ភាពវៃឆ្លាត​យ៉ាងខ្លាំង និង​ភាពប៉ិនប្រសប់ មិន​គ្រាន់តែ​ជា​ការទប់ស្កាត់​ការផ្ទុះ​ឡើង​ដែល​អាច​កើតមាន​ប្រកប​ដោយ​ភាពជឿជាក់ និង​យ៉ាងសកម្ម​នៅពេល​មុន​នោះទេ ប៉ុន្តែ​នៅពេល​នេះ​ថែមទាំង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​បាន​យ៉ាង​រហ័ស​ទៀត​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ជឿជាក់ថា នៅ​ទីបំផុត​យើង​អាច​មើលឃើញ​ពន្លឺ នៅត្រង់ថា ការរួមបញ្ចូល​គ្នា​នៃ​កំណត់ត្រា​មួយ​ក្នុងចំណោម​កំណត់ត្រា​ជាច្រើន​ដែល​ល្អ​បំផុត​នៅលើ​ពិភពលោក​ក្នុង​ការដោះស្រាយ​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ និង​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​បាន​យ៉ាង​រហ័ស ដែល​អាចធ្វើឱ្យ​មាន​ការត្រួតពិនិត្យ​ការបើក​ដំណើរការ​តាម​ព្រំដែន​កាន់តែ​ឆាប់​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​»​។

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹងថា នឹង​ស្ទុះ​ងើបឡើង​វិញ​ ៤ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ បន្ទាប់ពី​ការធ្លាក់ចុះ​ខ្លាំង​រហូត ដក​ ៣,១ ​ភាគរយ​កាលពី​ឆ្នាំមុន ដោយសារ​តែ​ផលប៉ះពាល់​ដោយសារតែ​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​យោងតាម​ការព្យាករ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ខែមករា​។

កាលពី​ថ្ងៃទី​ ១ ​ខែ​កុម្ភៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​កម្ពុជា បាន​ស្វែងរក​ជំនួយ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​បម្រុង​ទុក​វ៉ាក់សាំង ២០ ​លានដូស​ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ ១០ ​លាន​នាក់​។ ប្រទេស​កម្ពុជា​ បាន​ទទួល​ការសន្យា​ផ្ដល់​វ៉ាក់សាំង​ចំនួន​ ១១ ​លាន​ដូស​រួច​ហើយ​មកទល់​ពេល​នេះ​៕LA