ក្រុងអូតាវ៉ាៈ លោក Justin Trudeau នាយករដ្ឋមន្ដ្រី​ប្រទេស​ កាណាដា កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​ការចោទ​ប្រកាន់ថា លោក​បាន​លះបង់​ឧស្សាហកម្ម​អាលុយមីញ៉ូម​របស់​ប្រទេស​កាណាដា ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​ថ្មី​មួយ​។

កិច្ចព្រមព្រៀង​ថ្មី​នេះ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​ម៉ិកស៊ិក​ចែង​ថា ៧០ ​ភាគរយ​នៃ​ដែកថែប និង​អាលុយមីញ៉ូម​ដែល​ប្រើប្រាស់​ក្នុង​រថយន្ត​នៅ​អាមេរិក​ខាងជើង​ត្រូវតែ​ផលិត​នៅក្នុង​ប្រទេស​​ កាណាដា អាមេរិក ឬ​ម៉ិកស៊ិក​។

កិច្ចព្រមព្រៀង​អាមេរិក ម៉ិកស៊ិក កាណាដា (USMCA) ដែល​កែសម្រួល​នេះ​បញ្ជាក់ថា ដែកថែប​នោះ​ត្រូវតែ​ជា​ដែក​ដែល​ត្រូវបាន​រំលាយ​នៅ​អាមេរិកខាងជើង​។

ប៉ុន្តែ​នោះ​មិនមែន​ជា​ករណី​សម្រាប់​អាលុយមីញ៉ូម​នោះទេ ដែល​អាច​បើកចំហ​ទ្វារ​ដើម្បី​ការប្រើប្រាស់​ដែក​របស់​ប្រទេស​ចិន​ដែល​កែច្នៃ​ឡើងវិញ​នៅ​ប្រទេស​ម៉ិកស៊ិក​។ នេះ​បើ​យោង​តាម​ឧស្សាហកម្ម​ប្រទេស​កាណាដា និង​អ្នកប្រឆាំង​មួយចំនួន​នៅ​ក្រុង​អូតាវ៉ា​។

កិច្ចព្រមព្រៀង​ថ្មី​នេះ​បញ្ជាក់ថា លក្ខខណ្ឌ​តម្រូវ​សម្រាប់​អាលុយមីញ៉ូម​នឹង​ត្រូវបាន​ពិចារណា​ក្នុង​ពេល ១០ ​ឆ្នាំ​ក្រោយ​។

លោក Yves-Francois Blanchet មេដឹកនាំ​គណបក្ស​ឯករាជ្យ Bloc Quebecois នៅ​សភា បាន​រិះគន់​លោក Trudeau ពីបទ​យល់ព្រម​ចំពោះ​លក្ខខណ្ឌ​នេះ ដោយ​ថ្លែងថា «​រយៈពេល​ ១០ ​ឆ្នាំ​ក្រោយ​ប្រទេស​កាណាដា​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ការពារ​អាលុយមីញ៉ូម ដូច​ដែកថែប​ដែរ​»​។

ប៉ុន្តែ​លោក Trudeau បាន​ប្រាប់​តំណាងរាស្ដ្រ​ថា​៖ «​កិច្ចព្រមព្រៀង​ថ្មី​នេះ​តំណាង​ឲ្យ​ផលចំណេញ​សម្រាប់​កម្មករ​ក្នុង​វិស័យ​អាលុយមីញ៉ូម​» ​ដោយសារ​លក្ខខណ្ឌ​តម្រូវ​អាលុយមីញ៉ូម​ក្នុង​ស្រុក ៧០ ​ភាគរយ​ មិនត្រូវ​បានផ្ដល់​សិទ្ធិអំណាច​នៅ​ឡើយ​ក្នុង​កិច្ចព្រមព្រៀង NAFTA ឆ្នាំ​ ១៩៩៤ ដែល​ត្រូវបាន​ជំនួស​ដោយ​កិច្ចព្រមព្រៀង USMCA នេះ​។

លោក​បាន​កត់សម្គាល់​ថា រដ្ឋាភិបាល​របស់​លោក​កាលពី​ខែ​ឧសភា​បាន​ចរចា​ការលុបចោល​ពន្ធ​នាំចូល​ពិន័យ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បាន​ដាក់​លើ​អាលុយមីញ៉ូម​របស់​កាណាដា និង​ម៉ិកស៊ិក​។

កាណាដា​ជា​ប្រទេស​ផ្គត់ផ្គង់​អាលុយមីញ៉ូម​ឈានមុខ​គេ​ដល់​អាមេរិក ហើយ​រោងចក្រ​ ៨ ​ក្នុង​ចំណោម​រោងចក្រ​ផលិត​អាលុយមីញ៉ូម ៩ មាន​មូលដ្ឋាន​នៅ​ទីក្រុង Quebec​។

ឧស្សាហកម្ម​អាលុយមីញ៉ូម​នេះ​ក៏​ជំទាស់​នឹង​ច្បាប់ពាណិជ្ជកម្ម​ថ្មី​នេះ​ផងដែរ​៕ LA