ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​បាន​គំរាម​ទៅ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន ដែល​បង្កើន​តម្លៃ​ក្នុង​អំឡុង ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​រថយន្តក្រុង ២០០ គ្រឿង​សម្រាប់​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ដោយ​មិន​គិត​ប្រាក់​នៅ​ឆ្នាំ​ក្រោយ​ប្រសិន​បើ​ក្រុមហ៊ុន​ឯកជន​បន្ត​បង្កើន​តម្លៃ​។

លោក​នាយក​រដ្ឋមន្ដ្រី​រួម​ទាំង​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​រថយន្ត​ក្រុង ៦០ គ្រឿង​សម្រាប់​ការដឹកជញ្ជូន​ដោយ​មិន​គិត​ប្រាក់​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​ចំនួន​ ៥ ​ខ្សែ​ក្នុង​អំឡុង​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១២ ស្អែក​នេះ​ទៅ​។

លោក ហ៊ុន សែន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​នេះ​ជា​ឆ្នាំ​សាកល្បង ដើម្បី​ដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​ចាប់ពី​ថ្ងៃ ១២ ដល់​ទី​ ១៨ យើង​ដក​បទពិសោធ តើ​ក្រុមហ៊ុន​ដឹក​ជញ្ជួន​ឡើង​ថ្លៃ​ទៀត​អត់ បើ​នៅ​តែ​ហ៊ាន​ដំឡើង​ថ្លៃ​ទៀត ឆ្នាំ​ក្រោយ​ដាក់​រថយន្តក្រុង ២០០ ​គ្រឿង​ដឹក​ហ្មង​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​ដាច់​ជើង ព្រោះ​និយាយ​អត់​ស្តាប់​គ្នា​»​។

លោក​បន្ត​ថា​៖ «​ពេល​ហ្នឹង​យើង​ប៉ាវ​យក​ហ្មង ហើយ​ផ្លូវ​ហ្នឹង​ជា​ផ្លូវ​របស់​រដ្ឋ រដ្ឋ​ដាក់​ឡាន​ប៉ុណ្ណឹង​សិន ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប គ្មាន​ប្រាក់​ធ្វើ​ដំណើរ​»​។

អ្នកស្រី ប៉ែន សុធារី អ្នក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន សេវា​តាក់ស៊ី​ឯកជន មេគង្គ អ៊ិចប្រេស បាន​ស្វាគមន៍​នឹង​ការប្រកាស​នេះ និង​ថ្លែង​ថា​ក្រុមហ៊ុន​មិន​បាន​ដំឡើង​តម្លៃ​របស់​ខ្លួន​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ​។

អ្នកស្រី​បាន​ថ្លែង​ថា​៖ «​សេវា​នេះ​ល្អ​សម្រាប់​ប្រជាជន​ដែល​កំពុង​ស្វែងរក​ការ​ជិះ​ដោយ​មិន​គិត​ប្រាក់​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​»​។ អ្នកស្រី​បន្ត​ថា​៖ «​វា​នឹង​មិន​ប៉ះពាល់​ដល់​ពួកយើង​នោះ​ទេ យើង​មាន​អតិថិជន​ដែល​តែងតែ​គាំទ្រ​ដល់​ពួកយើង និង​ចង់​បាន​សេវា​របស់​យើង​»​។

អ្នកស្រី ប៉ែន សុធារី បាន​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​មក​ថា ក្រុមហ៊ុន​បាន​បង្កើន​តម្លៃ ដោយសារ​តែ​ការកកស្ទះ​ចរាចរណ៍​ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ជាតិ​ដែល​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្រេងសាំង​ច្រើន ហើយ​បុគ្គលិក​ត្រូវ​ទទួល​ប្រាក់​បន្ថែម​ម៉ោង​ធ្វើ​ការងារ​ក្នុង​អំឡុង​រដូវ​បុណ្យ​។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «​ប្រសិន​បើ​រដ្ឋាភិបាល​មើល​ទៅ​តម្លៃ​ប្រេងសាំង​នោះ​តម្លៃ​សំបុត្រ​នឹង​មិន​បង្កើន​នោះ​ទេ​»​។

តំណាង​នៅក្នុង​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ភ្នំពេញ​សូរិយា និង​ក្រុមហ៊ុន កាពីតូល ដែល​ជា​ក្រុមហ៊ុន​រថយន្តក្រុង​ធំ​ ២ ​ផ្សេង​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​៕ LA