ក្រុងប៉េកាំងៈ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang កាលពីសប្តាហ៍មុនបានបង្ហាញការរំពឹងទុករបស់លោកចំពោះសហគមន៍សេដ្ឋកិច្ចជប៉ុន ដើម្បីឲ្យសហគមន៍នេះចាប់យកឱកាសពីការបើកចំហសេដ្ឋកិច្ចរបស់ចិនបង្កើនការវិនិយោគនៅចិន និងពង្រីកវិស័យកិច្ចសហប្រតិបត្តិការទ្វេភាគីនានា ដើម្បីលើកកម្ពស់សមិទ្ធផលបន្ថែមទៀតផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោក Li បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំមួយជាមួយគណៈប្រតិភូមួយក្រុមមកពីសហគមន៍អាជីវកម្មជប៉ុនដែលដឹកនាំដោយលោក Sho-ji Muneoka ប្រធានសមាគមសេដ្ឋកិច្ច និងពាណិជ្ជកម្មជប៉ុន-ចិន លោក Akio Mimura ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Nobuyuki Koga ប្រធានក្រុមប្រឹក្សាអ្នកពិគ្រោះយោបល់នៃសហព័ន្ធពាណិជ្ជកម្មជប៉ុន។
លោក Li បានថ្លែងថា ទំនាក់ទំនងជប៉ុន-ចិន បានវិលត្រឡប់មករកផ្លូវត្រូវវិញចាប់ពីឆ្នាំមុន ដោយសារកិច្ចប្រឹងប្រែងរួមគ្នារបស់ភាគីទាំង ២ ហើយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ បានរីកចម្រើនជាលំដាប់ ខណៈចក្ខុវិស័យកិច្ចសហប្រតិបត្តិការទ្វេភាគីមានទូលំទូលាយ។
លោកនាយករដ្ឋមន្ត្រីបានបន្តថានៅពេលដែលទំនាក់ទំនងចិន និងជប៉ុនបានជួបប្រទះការលំបាក សហគមន៍សេដ្ឋកិច្ចជប៉ុនបានបង្កើតកិច្ចប្រឹងប្រែង និងការចូលរួមចំណែកសំខាន់ៗ ដើម្បីរក្សាការអភិវឌ្ឍប្រកបដោយសុខភាព និងស្ថិរភាព និងពន្លឿនកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំង ២។
លោក Li ថ្លែងទៀតថា ចិននិងជប៉ុនជាប្រទេសមានសេដ្ឋកិច្ចធំ ២ ហើយគួរតែធ្វើការងាររួមគ្នាដើម្បីសេដ្ឋកិច្ចពិភពលោក៕ People''s Daily/KC