ភ្នំពេញៈ ​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​ម៉ាស៊ីន​ភ្លើង​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​រហូត​ដល់ ​២០០ ​មេហ្គាវ៉ាត់​ពី​ប្រទេស ​ហ្វាំងឡង់។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​​របស់​លោក ​ហ៊ុន​ សែន​។

លោក​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​ថ្លែង​ថា ​ការ​បញ្ជា​ទិញ​ម៉ាស៊ីន​ភ្លើង​ពី​ក្រុមហ៊ុន​ហ្វាំងឡង់​អាច​ផលិត​ថាមពល​អគ្គិសនី ​២០០ មេហ្គាវ៉ាត់ ដោយ​អាច​ជួយ​បំពេញ​តម្រូវ​ការ​ខ្វះខាត​អគ្គិសនី​កម្ពុជា​បាន​មួយ​កម្រិត​​។

ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​ ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយលោក ​វិល​ ស្គីនណារី(Ville Skinnari )​ រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រទេស ​ហ្វាំងឡង់ កាល​ពី​ថ្ងៃទី ៣ ​កក្កដា ​ក្រោយ​ពី​​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ​ឆ្នាំ ២០១៩ ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ​(WTO) ​នៅ​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេស ​ស្វ៊ីស។​​

លោក​ ហ៊ុន ​សែន ​បាន​ថ្លែង​ថា៖ «​[កិច្ច​ព្រមព្រៀង​ទិញ​លក់​] ម៉ាស៊ីន​ភ្លើង​ដែល​អាច​ផលិត​ថាមពល​រហូត​ដល់​ ២០០ មេហ្គាវ៉ាត់​នេះ ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ ​ដោយសារ​កន្លង​ទៅ​កម្ពុជា​ខ្វះ​អគ្គិសនី​។ ​កម្ពុជា​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​ម៉ាស៊ីន​ភ្លើង​​មក​ដល់​​កម្ពុជា​ឲ្យ​បាន​ឆាប់»​។

កាល​ពី​ខែ​មិថុនា ​រដ្ឋាភិបាល​កម្ពុជា​បាន​​អនុម័ត​ក្នុង​ការ​ទិញ​ម៉ាស៊ីន​ភ្លើង ​២ ​​ពី​ប្រទេស ​អាល្លឺម៉ង់ ​និង​ប្រទេស ​ហ្វាំងឡង់ ​ដែល​ម៉ាស៊ីន​នីមួយៗ​មាន​សមត្ថភាព ​២០០ ​មេហ្គាវ៉ាត់។​

បន្ទាប់​ពី​ការ​អនុម័ត​នេះ ​អគ្គិសនី​​កម្ពុជា​ (EdC) ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​​ក្រុមហ៊ុន​​​ចិន ២ ​​កាល​ពី​ខែ​មុន ដើម្បី​​សាងសង់​រោងចក្រ​ថាមពល​ដំណើរការ​ដោយ​ប្រេង ​និង​ឧស្ម័ន​ធម្មជាតិ​ នៅ​ឃុំ​កោះរះ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល​ដែល​មាន​តម្លៃ ​៣៨០ ​លាន​ដុល្លារ​​។​

ក្រុមហ៊ុន​ CGGC-Un Power​ នឹង​សាងសង់​រោងចក្រ​ថាមពល​សម្រាប់​ម៉ាស៊ីន​ដែល​នាំចូល​ពី​ហ្វាំងឡង់ Finnish​ Wartsila ដែល​មាន​សមត្ថភាព ​២០០ ​មេហ្គាវ៉ាត់​ ហើយ​​​ក្រុមហ៊ុន​ China National Heavy Machinery Corporation ​ដំឡើង​រោងចក្រ​សម្រាប់​ម៉ាស៊ីន​ដែល​ទិញ​ពី​​​ក្រុមហ៊ុន MAN Energy Solutions​ របស់​​ប្រទេស ​អាល្លឺម៉ង់​។

គម្រោង​ទាំង​​មូល​​នឹង​មាន​តម្លៃ ​៣៨០ ​លាន​ដុល្លារ​ ក្នុង​នោះ ​៣០០ ​លាន​ដុល្លារ ​ផ្ដល់​ដោយ​រដ្ឋាភិបាល និង​ទឹក​ប្រាក់​នៅ​សល់​បាន​មក​ពី EdC។​

EdC បាន​ឲ្យ​ដឹង​ថា​ ទឹក​ប្រាក់​​ប្រហែល ​៣៥៥ ​លាន​ដុល្លារ ​នឹង​ត្រូវ​បាន​លៃ​ទុក​សម្រាប់​ការ​សាងសង់​រោងចក្រ​​ និង ​២៥ ​លាន​ដុល្លារ​ សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​។

ក្នុង​ជំនួប​នេះ​ផង​ដែរ ​លោក​ ហ៊ុន ​សែន​ ក៏​ថ្លែង​ស្នើសុំ​ឲ្យ​ប្រទេស ​ហ្វាំងឡង់ ​ជួយ​ទិញ​អង្ករ​កម្ពុជា​ ក្រោយ​ពី​សហគមន៍​អឺរ៉ុប​បាន​សម្រច​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​។ ​លោក​ ហ៊ុន​ សែន ថ្លែង​ប្រាប់​រដ្ឋ​មន្ត្រី​ហ្វាំងឡង់​ថា ការ​យក​ពន្ធ​​លើ​អង្ករ​កម្ពុជា​ជា​រឿង​អយុត្តិធម៌។

សហភាព​អឺរ៉ុប​ កាល​ពី​ខែ​ មករា ​ឆ្នាំ​ ២០១៩ ​បាន​សម្រេច​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​ ដោយ​អះអាង​​ថា អង្ករ​រួច​ពន្ធ​ពី​កម្ពុជា​​បាន​ធ្វើ​​ឲ្យ​ខូចខាត​ទីផ្សារ​នៃ​រដ្ឋ​សមាជិក​របស់​ខ្លួន​ ក្រោយ​ពី​មាន​បណ្តឹង​ពី​ប្រទេស​អ៊ីតាលី​ និង​អេស្ប៉ាញ៕LA