ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងថា ខណៈវិស័យទេសចរណ៍របស់កម្ពុជា មានសក្ដានុពលក្នុងការចាប់យកអត្ថប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យា ប្រទេសនេះក៏ត្រូវការការអនុវត្តវិធានការមួយចំនួនដើម្បីកាត់បន្ថយហានិភ័យផងដែរ។

ក្នុងសន្ទរកថានៃទិវាទេសចរណ៍ពិភពលោកថ្ងៃទី ២៧ កញ្ញា ក្រោមប្រធានបទ «ទេសចរណ៍ និងការផ្លាស់ប្តូរឌីជីថល» លោក ហ៊ុន សែន បានថ្លែងថា បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់វិស័យជាច្រើន ដែលរួមទាំងវិស័យទេសចរណ៍ផងដែរ។

លោកថ្លែងថា កម្ពុជា មានសក្ដានុពលធំ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន តាមរយៈបច្ចេកវិទ្យា ដោយសារតែជាច្រើនយុវជនអាចសម្របខ្លួនតាមបច្ចេកវិទ្យាថ្មីយ៉ាងរហ័សជាមួយនឹងការកើនឡើងល្បឿននៃការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងកំណើននៃលំហូរចូលបច្ចេកវិទ្យាថ្មីពីការវិនិយោគផ្ទាល់ពីបរទេស (FDI)។

លោកថ្លែងថា៖ «ដោយសង្ឃឹមថា ឧស្សាហកម្ម ៤.០ នឹងនាំយកការអភិវឌ្ឍវិជ្ជមានទូទាំងប្រទេស រួមទាំងវិស័យទេសចរណ៍កម្ពុជា បដិវត្តន៍នេះក៏អាចនាំមកនូវក្តីកង្វល់ជាច្រើន និងបញ្ហាប្រឈមមួយចំនួន»។

លោកបន្ថែមថា បញ្ហាប្រឈមដូចនោះរួមមាន ការបាត់បង់ការងារ ការទទួលបានផលប្រយោជន៍កាន់តែមិនស្មើគ្នា ឧក្រិដ្ឋកម្មទាក់ទងនឹងបច្ចេកវិទ្យា និងហានិភ័យជាប់ទាក់ទងនឹងសន្ដិសុខជាតិ។

យោងតាមលោកនាយករដ្ឋមន្ដ្រី ដើម្បីកាត់បន្ថយហានិភ័យ ទាក់ទងនឹងបច្ចេកវិទ្យានៅក្នុងវិស័យទេសចរណ៍ កម្ពុជាត្រូវការភ្ជាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ ជាមួយនឹងចក្ខុវិស័យទេសចរណ៍ឆ្នាំ ២០៣០ ដោយផ្អែកលើយុទ្ធសាស្ដ្រចតុកោណ ការរៀបចំកម្មវិធី ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងវិស័យទេសចរណ៍ និងជំរុញការស្រាវជ្រាវ និងនវានិវត្តន៍ផ្នែកទេសចរណ៍ តាមរយៈវេទិកាឌីជីថល៕LA