
លោក ហ៊ុន សែន ថ្លែងនៅក្នុងការជួបជាមួយកម្មករកាត់ដេរ ២៧ ៤៤៤ នាក់នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃពុធ។
ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងកាលពីម្សិលមិញថា កម្ពុជាត្រូវការបង្កើនល្បឿនក្នុងការធ្វើពិពិធកម្ម និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែរឹងមាំ។
ថ្លែងនៅក្នុងការជួបជាមួយកម្មករកាត់ដេរ ២៧ ៤៤៤ នាក់នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃពុធ លោក ហ៊ុន សែន បានឲ្យដឹងថា៖ «ភាពលូតលាស់របស់យើងមិនអាចពឹងតែលើវិស័យណាមួយតែមួយមុខនោះទេ។ [យើង] ត្រូវធ្វើពហុវិស័យដើម្បីចៀសវាង [វិបត្តិ] និង [ពង្រឹង] ភាពធន់នឹងវិបត្តិដែលអាចមានពីខាងក្រៅ»។
ខណៈលោកនាយករដ្ឋមន្ដ្រី មិនបានលើកឡើងពីវិស័យណាមួយ ដែលសេដ្ឋកិច្ចកម្ពុជា កំពុងពឹងផ្អែកលើភាគច្រើន ហើយវិស័យអ្វីគួរតែធ្វើពិពិធកម្មនោះ លោកបានលើកឧទាហរណ៍ពីសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡា ដែលកំពុងរងគ្រោះ ដោយសារប្រទេសនេះពឹងផ្អែកភាគច្រើនលើការបូមប្រេងតែមួយគត់។
យោងតាមលោកនាយករដ្ឋមន្ដ្រី ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ គឺជាភាពខ្លាំងរបស់កម្ពុជា រហូតមកទល់ពេលនេះ ដែលអាចរក្សាអត្រាអតិផរណាទាប និងរក្សាបានអំណាចនៃការទិញរបស់ប្រជាជន។
លោក ហ៊ុន សែន ប្រៀបធៀបការទទួលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំងជាងការទទួលរងផលប៉ះពាល់ដោយសារគ្រាប់បែក។
លោក ហ៊ុន សែន ថ្លែងថា៖ «គ្រាប់បែកពិតមួយគ្រាប់ អាចសម្លាប់មនុស្ស ១ ក្រុម ឬមនុស្ស ១ ភូមិ ប៉ុន្តែប្រសិនបើគ្រាប់បែកសេដ្ឋកិច្ចវិញ បើវាផ្ទុះ វាបំផ្លាញប្រជាជននៅក្នុងប្រទេសទាំងមូល»៕LA