
ការប្រមូលផលស្រូវរបស់កសិករនៅខេត្តបាត់ដំបងដោយប្រើគ្រឿងចក្រកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងស្វែងរកទីផ្សារឲ្យបានកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មកម្ពុជា ពិសេសអង្ករ ដោយលោកអះអាងថា កម្ពុជាមិនអាចពឹងផ្អែកតែទីផ្សារមួយនោះទេ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០១៨-២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា វិស័យកសិកម្មកម្ពុជាកំពុងបង្ហាញពីការរីកចម្រើន ខណៈកម្ពុជាអាចផលិតស្រូវលើសរហូតជិត ៦ លានតោន ដែលអាចកែច្នៃជាអង្ករបានជិត ៤ លានតោន។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីពេលនេះ ខណៈកម្ពុជាកំពុងប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)។
បើតាមលោកនាយករដ្ឋមន្ត្រី លទ្ធភាពនៃការកែច្នៃអង្ករកង្វះទីផ្សារ និងថ្លៃដើមផលិតខ្ពស់គឺជាឧបសគ្គដែលធ្វើឲ្យការនាំចេញអង្ករ និងផលិតផលផ្សេងៗទៀតរបស់កម្ពុជាពិបាកប្រកួតជាមួយប្រទេសជិតខាង។ លោកថ្លែងថា៖ «ជាក់ស្តែងបច្ចុប្បន្ននេះ ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេស ហ្វីលីពីន មិនអាចប្រកួតឈ្នះតម្លៃអង្កររបស់វៀតណាម និងថៃ ឡើយ»។
លោកបន្តថា នៅឆ្នាំនេះកម្ពុជានឹងជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារឲ្យបានកាន់តែច្រើន។
លោកថ្លែងថា៖ «ថ្ងៃស្អែក (ថ្ងៃសុក្រនេះ) គម្រោងនៃការលើករបស់ខ្ញុំ គឺចង់ស្នើឲ្យកូរ៉េ ជួយទិញផលិតផលរបស់កម្ពុជាបន្ថែមទៀត។ ទីផ្សាររបស់យើងមិនអាចទៅចំណុះលើទីផ្សារណាមួយដោយគេខ្ទប់ច្រមុះយើងឲ្យស្លាប់នោះទេ ហើយនៅឆ្នាំនេះខ្ញុំនឹងដើរទៅកាន់ប្រទេសអាស៊ី-អឺរ៉ុប មួយចំនួនទៀត ដើម្បីទាញយកផលិតផលយើងទៅទីនោះ ហើយយើងនឹងតម្រង់ឆ្ពោះទៅកាន់ទីផ្សារនៅមជ្ឈិមបូព៌ាថែមទៀត យើងបើកទីផ្សារកាន់តែធំ»។
លោកនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម រួមគ្នាសម្រេចឲ្យបាននូវការនាំចេញអង្ករទៅកាន់ទីផ្សារចិនឲ្យបាន ៤០ ម៉ឺនតោន និងប្រទេស វៀតណាម ៣០ ម៉ឺនតោន។
តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ឆ្នាំ ២០១៨-២០១៩ កម្ពុជាផលិតស្រូវបាន ១០,៨៧ លានតោន លើសឆ្នាំមុន ៣,៣៧ ភាគរយ និងសល់ស្រូវលើស ៥,៨ លានតោន ដែលអាចកិនជាអង្ករបានជាង ៣,៧ លានតោន។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាននិយាយថា ជាការល្អបើកម្ពុជាអាចទទួលបានទីផ្សារថ្មីៗសម្រាប់នាំចេញផលិតផលរបស់ខ្លួន។ លោកថ្លែងថា៖ «ប្រសិនបើយើងអាចបើកទីផ្សារបរទេសថ្មីបន្ថែមបាន អ្នកវិនិយោគផ្តោតលើវិស័យធំៗសម្រាប់ការនាំចេញ និងចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។
លោកបន្តថា ក្រៅពីវិស័យស្រូវអង្ករ កម្ពុជានៅមានផលិតផលកសិកម្ម និងកសិឧស្សហកម្មជាច្រើនសម្រាប់នាំចេញ។ ការពឹងលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេសតិចតួច មិនអាចធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាមានភាពរឹងមាំទេ។
លោកថ្លែងថា៖ «ការជួយស្វែងរកទីផ្សារថ្មីបន្ថែមពីថ្នាក់ដឹកនាំ គឺជាក្តីប្រាថ្នាដ៏ចម្បងសម្រាប់វិស័យឯកជន»។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយឲ្យដឹងថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលសម្រាប់ការនាំចេញទំនិញផ្សេងៗទៅប្រទេស កូរ៉េ និងបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា។ ទោះបីយ៉ាងណា ដើម្បីអាចទទួលបានទីផ្សារថ្មីៗ កម្ពុជាក៏ត្រូវមានយន្តការនៅក្នុងការរឹតបន្តឹងផ្នែកគុណភាពផងដែរ។
លោកថ្លែងថា៖ «ជាធម្មតាពេលយើងធ្វើពិពិធកម្មការនាំចេញទំនិញបានច្រើន វានឹងជួយដល់ផលិតកម្មក្នុងស្រុក និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន»។
តួលេខនៃការនាំចេញអង្ករបង្ហាញថា ក្នុងឆ្នាំ ២០១៨ កន្លងមក កម្ពុជានាំចេញអង្ករបានចំនួនជាង ៦២,៦ ម៉ឺនតោន ខណៈកាលពីឆ្នាំ ២០១៧ បាន ៦៣,៥ ម៉ឺនតោន៕LA