ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​នៅតែ​ធ្វើការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ទោះបី​ជា​ច្រកទ្វារ​ព្រំដែន​ត្រូវបាន​រឹតបន្តឹង និង​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ចេញចូល​ទៅវិញទៅមក​ក៏ដោយ​។

ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ដ្រី​នឹង​ក្លាយជា​សារ​ដ៏ច្បាស់លាស់​ដល់​សាធារណជន​ចំពេល​មាន​ការភ័យខ្លាច​ថា ទំនិញ​ប្រើប្រាស់​នឹង​កើនឡើង ខណៈ​រាល់​សកម្មភាព​ទាំងអស់​ត្រូវបាន​ធ្វើឡើង​នៅ​ច្រកព្រំដែន​ជាមួយ​វៀតណាម ថៃ និង​ឡាវ កាលពី​ចុង​សប្ដាហ៍​មុន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​លើកឡើង​ថា ការហាមឃាត់​គ្រាន់តែ​អនុវត្ត​ចំពោះ​ប្រជាជន និង​ប្រជាជន​តែប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​សកម្មភាព​ពាណិជ្ជកម្ម​នោះទេ​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែង​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ៤០០ ​នាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ២៥ ​ខែមីនា ឆ្នាំ​ ២០២០ នៅ​វិមាន​សន្ដិភាព​ថា​៖ «​កាលពី​ម្សិលមិញ​យើង​ទទួលបាន​ប្រាក់ចំណូល​ប្រហែល​ ២ ​លាន​ដុល្លារ​ពី​ពន្ធគយ មកពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ថៃ​។ ជាមួយ​គ្នា​នេះ​យើង​ក៏​នៅតែ​ប្រមូល​ប្រាក់ចំណូល​លើ​ពន្ធគយ​ពី​ច្រកទ្វារព្រំដែន​ជាមួយ​ប្រទេស​វៀតណាម និង​ឡាវ ដោយសារ​តែ​យើង​នៅតែ​ធ្វើការ​ផ្លាស់ប្តូរ​ទំនិញ​ទៅវិញ​ទៅមក ប៉ុន្តែ​យើង​គ្រាន់តែ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ឆ្លងកាត់​ព្រំដែន​តែប៉ុណ្ណោះ​»​។

មន្ដ្រី​មួយរូប​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​សប្ដាហ៍​មុន​ថា ទោះបី​ជា​វៀតណាម​កំពុង​ពង្រឹង​វិធានការ​ឆ្លងកាត់​តាម​បណ្ដោយ​ព្រំដែន​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ ក៏​ប្រទេស​ទាំង​ ២ ​នៅតែ​ផ្លាស់ប្តូរ​ទំនិញ​ទៅវិញ​ទៅមក​ជាធម្មតា​។

មន្ដ្រី​នោះ​ថ្លែងថា​៖ «​សកម្មភាព​ពាណិជ្ជកម្ម​នៅ​តែ​ធ្វើឡើង​ជាធម្មតា​។ ភាគី​វៀតណាម​នៅ​ថ្នាក់មូលដ្ឋាន​ដែល​មាន​ព្រំដែន​ជាមួយ​កម្ពុជា​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​ធ្វើឲ្យ​ប្រាកដថា សកម្មភាព​នោះ​ដំណើរការ​ល្អប្រសើរ​»​។

មន្ដ្រី​នោះ​បន្ថែមថា​៖ «​ខ្ញុំ​គិតថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មិន​អាច​ចៀសផុត​បាន​ទេ ដោយសារ​តែ​ជំងឺ​នេះ​បង្ក​ផលប៉ះពាល់​ដ៏អាក្រក់​លើ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​មិន​គ្រាន់តែ​ប្រទេស​​វៀតណាម ឬ​កម្ពុជា​នោះទេ​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ភាគី​វៀតណាម​បាន​រៀបចំ​ផែនការ​លើកកម្ពស់​ពាណិជ្ជកម្ម​រួចហើយ ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​យើង បន្ទាប់ពី​ជំងឺ​នេះ​មាន​ភាព​ធូរស្រាល​។ ដូច្នេះ​សូម​ជឿជាក់​ថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​យើង​នឹង​ស្ទុះ​ងើប​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​»​។

លោក គីម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការបិទច្រក​ព្រំដែន​នៅពេល​នេះ​មាន​ផលប៉ះពាល់​តិចតួច​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង ដោយសារ​តែ​ការប្រមូលផល​ទាំងអស់​ជិត​បញ្ចប់​ទៅ​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ​ព័ត៌មាន​ការបិទច្រក​ព្រំដែន​មួយចំនួន​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​ ១៨ ដែល​ធ្វើឲ្យ​កសិករ​ពន្យារពេល​ការប្រមូលផល​របស់​ពួកគេ​។

លោក​លើកឡើងថា​៖ «​ខ្ញុំ​មិន​គិតថា មាន​បញ្ហា​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​ក្នុង​ការនាំ​ចេញ​ទៅ​ប្រទេស​ថៃ​នោះទេ ប៉ុន្តែ​អ្វី​ជា​បញ្ហា​គឺថា ការ​នាំចូល​ផលិតផល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​អាច​មាន​តម្លៃ​កាន់តែ​ខ្ពស់ ដោយសារ​តែ​ការដឹកជញ្ជូន​អាច​ចំណាយ​ខ្ពស់​»​។

ប្រទេស​កម្ពុជា និង​ថៃ​បាន​យល់ព្រម​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំនេះ ខណៈ​ប្រទេស​វៀតណាម​នឹង​ជំរុញ​ឲ្យ​ដល់​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​៕LA