ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជនបន្តប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ ដោយលើកឡើងថា ក្រដាសប្រាក់ទាំងនេះនៅតែចរាចរណ៍ជាធម្មតានៅក្នុងសេដ្ឋកិច្ច។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រីធ្វើឡើងបន្ទាប់ពីសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃទី ២៨ ខែឧសភាថា ខ្លួនកំពុងពិចារណាមិនទទួលយកក្រដាសប្រាក់ដុល្លារតម្លៃទាបៗពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយសារវាកំពុងកើនឡើងច្រើនក្នុងស្ដុករបស់ខ្លួន និងមានតម្រូវការទាប។
លោកនាយករដ្ឋមន្ដ្រីបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី ២៩ ខែឧសភាថា ក្រដាសប្រាក់អាមេរិកតម្លៃទាបនៅតែចរាចរណ៍ជាធម្មតានៅក្នុងប្រទេសកម្ពុជាដូចដែល NBC បានពន្យល់រួចហើយនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។ លោកសរសេរថា៖ «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជានៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេសគឺមិនមានការហាមប្រាមមិនឲ្យចាយដូចពាក្យចចាមអារ៉ាមនោះទេ»។
លោកបន្ថែមថា៖ «ក្នុងករណីប្រសិនបើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះគឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ក្រដាសប្រាក់អាមេរិកប្រភេទ ($1, $2, $5) ដោយសេរីដោយគ្មានការកាត់ទឹក ឬកាត់ផុក [ភក់] អ្វីទាំងអស់»។
សេចក្ដីប្រកាសរបស់ NBC ឲ្យដឹងថា ធនាគារជាតិទុកពេល ៣ ខែដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែកញ្ញា ត្រូវយកក្រដាសប្រាក់ទាំងអស់នោះមកដូរនៅធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនទៅបរទេសដោយមិនគិតតម្លៃសេវា។ បន្ទាប់ពីពេលកំណត់នេះពួកគេនឹងគិតតម្លៃសេវាជាមិនខាន។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី ២៩ ខែឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដល់សាធារណជនថា សមាគមគាំទ្រគំនិតផ្តួចផ្ដើមដែលបានធ្វើឡើងដោយ NBC ថានឹងជំរុញឲ្យមានការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកយ៉ាងទូលំទូលាយ។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា៖ «ជាមួយគ្នានេះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាស្នើសមាជិកទាំងអស់អនុវត្តយ៉ាងទូលំទូលាយ និងប្រកាសដល់សាធារណជនថា ក្រដាសប្រាក់ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារនៅតែទទួលយកដោយពឹងផ្អែកលើតម្លៃសេដ្ឋកិច្ច។ សមាគមក៏ជំរុញឲ្យសាធារណជនប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល) យ៉ាងទូលំទូលាយ»។
លោក ប៊ុន មុនី សមាជិកក្រុមប្រឹក្សាភិបាល CMA និងជាអគ្គនាយក Vithey Microfinance Plc បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអាទិត្យថា សមាជិករបស់ CMA នៅតែទទួលយកក្រដាសប្រាក់ទាំងនេះ និងអំពាវនាវឲ្យប្រជាជនកុំភ័យខ្លាចពីពាក្យចចាមអារ៉ាមថា គ្រឹះស្ថានហិរញ្ញវត្ថុបញ្ឈប់ការទទួលយកក្រដាសប្រាក់ទាំងនេះ។
លោកថ្លែងថា៖ «លោកនាយករដ្ឋមន្ដ្រី និងធនាគារជាតិនៃកម្ពុជាបានប្រកាសយ៉ាងច្បាស់លាស់ដល់សាធារណជនឲ្យប្រើប្រាស់ក្រដាសប្រាក់អាមេរិកទាំងនោះជាធម្មតា ហើយយើងមើលមិនឃើញសមាជិកណាមួយរបស់យើងមិនទទួលយកវានោះទេ»។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ ២០១៩ បានឲ្យដឹងថា ចំណែកប្រាក់រៀលកំពុងចរាចរណ៍នៅកម្ពុជាបានកើនឡើងប្រហែល ៣៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើង ៣៧ ភាគរយ។
របាយការណ៍នេះបានកត់សម្គាល់ឃើញការកើនឡើងជាប្រចាំតម្រូវការរូបិយប័ណ្ណក្នុងស្រុកជាមួយនឹងអនុបាតប្រាក់បញ្ញើជាប្រាក់ដុល្លារបានធ្លាក់ចុះមកនៅត្រឹម ៨២,៩ ភាគរយ កាលពីឆ្នាំមុនធៀប ៨៤,៨ ភាគរយ កាលពីឆ្នាំ ២០១៨៕LA