សិង្ហបុរីៈ នាយករដ្ឋមន្ដ្រី​​សិង្ហ​បុរី នៅ​ថ្ងៃចន្ទ​នេះ ​បាន​អំពាវ​នាវ​ដោយ​អារម្មណ៍​ជ្រាលជ្រៅ​​មួយ​​ឲ្យ​មាន​​​ការ​បើក​ចំហ​ទី​ផ្សារ និង​​បាន​រំឭក​ថា​ «​សម្ពាធ​នយោបាយ​» កំពុង​ធ្វើ​ឲ្យ​ប្រ​ទេស​​នានា​​បែក​បាក់គ្នា​​ ក្នុង​គ្រា​ដែល​ការវាយ​ប្រហារ​លើ​កិច្ច​​គាំពារ​និយ​ម​​កំពុង​​កើនឡើង។

ថ្លែង​នៅ​វេទិកា​ពាណិជ្ជ​កម្ម​មួយ​​មុន​​កិច្ចប្រជុំ​អាស៊ាន​នៅ​សប្ដាហ៍​នេះ​ លោក លី ស៊ានឡុង នាយករដ្ឋ​មន្ដ្រី​ប្រទេស​សិង្ហបុរី​ បានអំពាវ​នាវ​​ដល់​ក្រុម​ហ៊ុននៅ​​អាស៊ីអា​គ្នេយ៍​​ឲ្យ​វិនិយោគ​កាន់​តែច្រើន​​លើទី​ផ្សាររបស់គ្នា​​ទៅវិញ​ទៅ​មក និង​​មាន​ការ​​បើកចំហ​​បន្ថែមទៀតឲ្យ​មាន​ការ​​​ប្រកួត​ប្រជែងពី​​​បរទេស។

​លោកថ្លែងថា​៖ «​​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ និង​ការ​បើកចំ​ហ​ទី​ផ្សារ​របស់យើង​កាន់តែច្រើន ​ ​ហើយ​​​ច្បាប់​​ និង​បរិយាកាស​ពាណិជ្ជកម្ម​​​​របស់យើងកាន់តែ​មាន​​ការអនុ​គ្រោះ​ដល់​ការ​វិនិយោគ​បរទេស កំណើន​នឹង​កាន់តែ​​កើនឡើង​ ហើយ​យើង​នឹងទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើនដែរ»។

លោក​បានថ្លែង​ថា សមាគម​ប្រជាជាតិ​អាស៊ាន​ (ASEAN) ១០ ​ប្រទេស​ «​​មាន​សក្ដានុ​ពល​ធំបំ​ផុត ប៉ុន្តែ​​សម្រេច​បាន​ពេញលេញ​ឬ​យ៉ាង​ណា​នោះ វា​ពឹង​ផ្អែ​ក​លើ​ថា តើ​យើងជ្រើសរើស​ការធ្វើ​សមាហរ​ណ​កម្ម​កាន់តែ​ខ្លាំង​ឬ​យ៉ាងណា ហើយ​ធ្វើ​​ការងារ​​ឆ្ពោះទៅ​ទិសដៅ​នេះ​​នៅ​ក្នុងពិ​ភ​ព​លោក​មួយ​ដែលពហុ​ភាគី​កំពុង​​​ឈ្លោះ​គ្នា​នោះ ស្ថិត​ក្រោម​សម្ពាធ​នយោ​បាយ»។

ជម្លោះ​ពាណិជ្ជ​កម្ម​អា​មេរិក និងចិ​ន កំពុង​ធ្វើឲ្យ​មាន​ផល​ប៉ះពាល់ហួស​ពី​​ប្រទេសទាំង​ពីរ​ដែល​មាន​សេដ្ឋ​កិច្ច​ឈា​នមុខគេ​លើ​ពិ​ភព​លោក។

បណ្ដា​ប្រទេស​អាស៊ី​ដែល​ពឹង​ផ្អែក​លើ​​ការនាំចេញ​មួយចំនួន ​បាន​មើលឃើញ​សកម្ម​ភាព​ផលិតកម្ម​ចុះខ្សោយ​រួច​ទៅ​ហើយ​ ខណៈដែល​​លោក​នាយ​ករដ្ឋ​មន្ដ្រី​របស់​ប្រទេសិង្ហ​បុរី​រូបនេះ បាន​ព្រមាន​កាល​ពី​ដើម​ឆ្នាំនេះថា សង្គ្រាម​ពាណិជ្ជ​កម្ម​មួយ​​នឹង​​មាន «​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដ៏ធំ​មួយ» លើ​សិង្ហបុរី​ដែលជា​មជ្ឈ​មណ្ឌល​​ហិរញ្ញវត្ថុ​មួយ​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​​នេះ៕ AFP/LA