ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ស្នើឲ្យ​ថ្នាក់ដឹកនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ដើម្បី​រក​វិធី​បន្ធូរបន្ថយ​បន្ទុក​បំណុល​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះ​ទឹកជំនន់​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​នៅ​ខេត្ត​កណ្តាល លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ធនាគារ​ជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ធ្វើការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយ​ដើម្បី​អនុគ្រោះ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​នឹង​គ្រោះ​ទឹកជំនន់​»​។

លោក​បន្ត​ថា​គួរ​មាន​ការ​បន្ធូរបន្ថយ​រយៈពេល​សង ឬ​បន្ធូរបន្ថយ​មិន​យក​ការប្រាក់​ក្នុង​រយៈពេល​ណា​មួយ ដើម្បី​កាត់បន្ថយ​ការលំបាក​ដល់​កសិករ​។ លោក​ថ្លែង​ថា​៖ «​ពេល​នេះ​ស្រូវ​ដែល​គាត់​ធ្វើ ផលដំណាំ​ដែល​គាត់​បាន​ធ្វើ​បាន​ខូចខាត​ទៅ​ហើយ ដូច្នេះ​លទ្ធភាព​សង​របស់​គាត់​តាម​កាលកំណត់ គឺ​មិន​អាច​មាន​ទេ​។ ដូច្នេះ​សូម​កុំ​រឹបអូស​ទ្រព្យសម្បត្តិ​គាត់​ផ្ទុយ​ទៅ​វិញ​ត្រូវ​មាន​ការយោគយល់ និង​អធ្យាស្រ័យ​ដល់​គាត់ ពន្យារពេល​សង​ថែម​ទាំង​មិន​យក​ការប្រាក់​»​។

លោក សាយ សូនី ប្រធាន​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ បាន​ប្រាប់​ថា​មក​ទល់​ពេល​នេះ​ស្ថាប័ន​របស់​លោក​មិន​មាន​បញ្ហា​ទាក់ទង​នឹង​ការផ្តល់​ប្រាក់កម្ចី ឬ​ការសង​ត្រឡប់​នៅ​តំបន់​ទទួល​រងគ្រោះ​ទឹកជំនន់​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​កន្លងមក​ការទូទាត់​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​»​។

ទឹកជំនន់​បាន​លិច​ខេត្ត​មួយ​ចំនួន​ដូចជា ស្ទឹងត្រែង បាត់ដំបង កំពង់ចាម ក្រចេះ កំពត និង​កំពង់ស្ពឺ​៕LA