
សកម្មភាពនៃការកសាងផ្លូវនៅក្នុងខេត្តត្បូងឃ្មុំ នាពេលកន្លងមក។ រូបថត ក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលបានចំណាយទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារ ជារៀងរាល់ខែសម្រាប់បើកប្រាក់ខែ ការជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងប្រទេស។
ថ្លែងក្នុងពិធីពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតក តេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានឲ្យដឹងថា ជាមួយនឹងភាពល្អប្រសើរលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៩ នេះរំពឹងថានឹងមានកំណើន ៧,១ ភាគរយ។
លោកបានបន្តថា បច្ចុប្បន្នកម្ពុជាអាចមានសមត្ថភាពរកចំណូលបានរហូតដល់ប្រមាណ ៥០០ លានដុល្លារនៅក្នុង ១ ខែ ខណៈការចំណាយមានប្រមាណ ៣០០ លានដុល្លារ។
លោកអះអាងថា៖ «១ ខែ យើងចាយប្រមាណ ៣០០ លានដុល្លារ តែប្រាក់ចំណូលរបស់យើង មានលើសពី ៤០០ លានដុល្លារ ក្នុង ១ ខែ ដូច្នេះអតិរេកមានលើសពី ១០០ លានដុល្លារក្នុង ១ ខែ»។
តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការប្រមូលចំណូលគយក្នុងខែកក្កដា គិតត្រឹមចុងសប្តាហ៍មុន (ថ្ងៃសៅរ៍)បានជាង ២៥០ លានដុល្លារ។
លោកថ្លែងថា៖ «មេគយបានប្រាប់ខ្ញុំថា នៅសល់ ៣ ថ្ងៃទៀត ដោយ ១ ថ្ងៃ គិតជាមធ្យម ១០ លាន អ៊ីចឹងក្នុងខែនេះនឹងកើនដល់ ២៨០ លានដុល្លារ បូកនឹងថវិកាពីពន្ធដារផ្ទៃក្នុង និងចំណូលមិនមែនសារពើពន្ធ ខែនេះយើងនឹងមានប្រាក់ចំណូលប្រមាណ ៥០០ លានដុល្លារ»។
ការបង្ហាញពីទិន្នន័យលម្អិតពីចរន្តចំណូល និងចំណាយរបស់លោកនាយករដ្ឋមន្ត្រី នៅពេលនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីការដាក់ទណ្ឌកម្មមកលើកម្ពុជា ដូចជាច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជារបស់អាមេរិក និងការប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបជាដើម។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ កម្ពុជាមានទុនបម្រុងអន្តរជាតិ ១១,១ ពាន់លានដុល្លារ ដែលអាចធានាឲ្យការនាំចូលទំនិញ និងសេវាកម្មសម្រាប់គ្រាអាសន្នបានរយៈពេល ៤,៩ ខែ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានប្រាប់ថា លោកពិតជាចង់ឃើញមានការជជែកគ្នាដោយចំហពីចំណូល និងចំណាយរបស់ជាតិ មិនថាតែនៅក្នុងកម្រិតនយោបាយ និងបច្ចេកទេសនោះទេ។ ការបង្ហាញពីចំណូល និងចំណាយ ជាព័ត៌មានតម្លាភាពមួយដើម្បីជាមូលដ្ឋានសម្រាប់ការពិនិត្យមើលទៅលើការគ្រប់គ្រង និងអាចបញ្ចៀសពីហានិភ័យផ្នែកសេដ្ឋកិច្ច។
លោកថ្លែងថា៖ «ការបង្ហាញពីចំណូលចំណាយ វាមិនមែនជារឿងដែលត្រូវលាក់បាំងនោះទេ»។
លោកបន្តថា ម៉្យាងវិញទៀត វាក៏ជាឱកាសមួយសម្រាប់ការផ្តល់មតិយោបល់ពីតួអង្គពាក់ព័ន្ធដូចជាសង្គមស៊ីវិល និងអ្នកជំនាញសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍផងដែរ។
លោកលើកឡើងថា បើមានឧត្តមភាពចំណូលជាង ១០០ លានដុល្លារ នៅក្នុង ១ ខែនោះ កម្ពុជាគួរតែគិតគូរពីការកាត់បន្ថយកម្ចីពីបរទេស និងការអភិវឌ្ឍវិស័យមួយចំនួនឲ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ការកាត់បន្ថយកម្ចីពីបរទេស គឺជារឿងមួយដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ»៕ LA