ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ការស្តុកទុកប្រេងច្រើនរបស់បណ្តាស្ថានីយដែលបានទិញក្នុងតម្លៃថ្លៃ ជាហេតុធ្វើតម្លៃលក់រាយក្នុងស្រុកមានការធ្លាក់ថ្លៃយឺត ខណៈពេលដែលតម្លៃទីផ្សារអន្តរជាតិនៅតែបន្តធ្លាក់ចុះមកក្រោម ៦០ ដុល្លារក្នុងមួយបារ៉ែលកាលពីល្ងាចថ្ងៃពុធ។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យថ្លែងថា ទន្ទឹមនឹងតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិធ្លាក់ចុះទាបជាង ៦០ ដុល្លារក្នុងមួយបារ៉ែល តម្លៃលក់រាយក្នុងស្រុកគួរស្ថិតក្នុងកម្រិតទាបជាង ៤០០០ រៀលក្នុងមួយលីត្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីម្សិលមិញថា បើទោះបីជាតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិមានការធ្លាក់ថ្លៃ តែតម្លៃលក់រាយក្នុងស្រុកគឺមិនអាចមានការទម្លាក់ថ្លៃឲ្យបានរហ័សនោះទេ។ លោកថ្លែងថា៖ «យើងក៏មានការយោគយល់ ត្រូវមានការយល់មួយឲ្យច្បាស់ ហេតុអីបានជាថាប្រេងនៅញូវយ៉កចុះថ្លៃ ថ្ងៃហ្នឹងអ៊ីចឹងអ្នកដែលចង់ឲ្យតម្លៃប្រេងចុះ ថ្ងៃស្អែកត្រូវចុះថ្លៃ វាមិនអាចទៅរួចទេ។ មូលហេតុត្រង់ថានៅពេលដែលតម្លៃប្រេងថ្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែល ក្រុមហ៊ុនប្រេងទាំងនេះបានទិញប្រេងយកមកស្តុកទុក អ៊ីចឹងគឺបើសិនជាថ្ងៃស្អែកចាប់ចុះ មកនៅដូចថា វាធ្លាក់មកនៅ ៧០ [ដុល្លារ] គឺបានសេចក្តីថា អ្នកដែលស្តុកប្រេងនេះគឺងាប់តែម្តង»។
ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាកាលពីចុង ខែវិច្ចិកា បានធ្វើការបញ្ចុះតម្លៃលក់រាយរបស់ខ្លួនក្នុងរង្វង់ ១០០ ទៅ ១៥០ រៀលក្នុងលីត្រ។
លោក កង ច័ន្ទតារារ័ត្ន អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានជំរុញឲ្យបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈក្នុងស្រុកខិតខំបញ្ចេញប្រេងពីស្តុករបស់ខ្លួនដើម្បីធ្វើការបញ្ចុះតម្លៃបន្ថែមចំពោះទីផ្សារលក់រាយរបស់ខ្លួន។
លោកថ្លែងថា បើមើលទៅលើនិន្នាការជាក់ស្តែង វាគួរតែមានការធ្លាក់ចុះបន្ថែមទៀត ដោយសារយើងត្រូវមើលទៅលើកម្លាំងពីរ គឺកម្លាំង ទី១ ការវិវឌ្ឍថ្លៃនៅលើទីផ្សារអន្តរជាតិគឺមានការធ្លាក់ចុះ និងនៅតែបន្តធ្លាក់ចុះទៀត ហើយកម្លាំងទីពីរគឺការសល់នៅក្នុងស្តុករបស់យើងច្រើនដូច្នេះយើងគួរតែបញ្ចេញ»។
លោកអះអាងថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរតែហៅពួកគេ [ក្រុមហ៊ុន] មកជជែកគ្នាបន្តទៀតដើម្បីឲ្យតម្លៃនៃការលក់រាយស្របទៅនឹងនិន្នាការនៃថ្លៃ អន្តរជាតិដូច្នេះគឺវាល្អគឺយើងគួរតែធ្វើ អ៊ីចឹងយើងធ្វើនៅពេលណាដែលតម្លៃលក់រាយរបស់យើងមិនដូចនិន្នាការអន្តរជាតិ តែបើដូចហើយយើងមិនចាំបាច់អន្តរាគមន៍ទេ»៕