ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគិន​វៀតណាម​មក​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​អង្ករ​នៅ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​ឈាន​ដល់​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​។

ថ្លែង​ក្នុង​ពិធី​ពិសារ​អាហារ​ជាមួយ​សហគមន៍ និង​ធុរកិច្ច​វៀតណាម​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​វៀតណាម​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃ​សុក្រ​លោកនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ចន្លោះ​ពី​ ១ ​លាន​តោន​ ទៅ​ ២ ​លាន​តោន​ ក្នុង​ ១ ​ឆ្នាំ ដែល​មិន​បាន​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​បាន​ថ្លែងថា​៖ «​វៀតណាម​បាន​ជួយ​ទិញស្រូវ​ពី​កម្ពុជា​ចន្លោះ​ ១ ​ទៅ​ ២ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ ដែល​មិនបាន​កត់ត្រា​ក្នុង​ជើង​លេខ​ពន្ធគយ​នោះទេ​។ មូលហេតុ​នេះហើយ យើង​អំពាវនាវ​ឲ្យ​មិត្ត​វៀតណាម​វិនិយោគ​នៅ​កម្ពុជា​លើ​ឧស្សាហកម្ម​កែច្នៃ​ដើម្បី​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និង​វិនិយោគិន​វៀតណាម​»​។

លោក​បន្តថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា អ្នក​វិនិយោគិន​បរទេស ជាពិសេស​វៀតណាម​នឹង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏មាន​សក្តានុពល និង​ពង្រីក​អាជីវកម្ម​បន្ថែមទៀត​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​»​។

លោក ង្វៀន ថាញ់ យុង ប្រធាន​ក្លិប​ធុរកិច្ច​វៀតណាម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ទំហំ​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​សម្រេចបាន​ ៥,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

លោក​បន្តថា វៀតណាម​ជា​វិនិយោគិន​បរទេស​ធំជាងគេ​លំដាប់​ទី​ ៣ ​នៅ​កម្ពុជា​។ វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន​ ២១៤ នៅ​កម្ពុជា​ដែលមាន​ទុនវិនិយោគ​សរុប​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​នោះ​គម្រោង​ដែល​ចុះបញ្ជី​ប្រតិបត្តិការ​មាន​ចំនួន ១៧៦ ដែលមាន​តម្លៃ​ ២,៧៧ ​ពាន់​លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​ការវិនិយោគ​របស់​វៀតណាម​ផ្តោតលើ​វិស័យ​សំខាន់ៗ រួមមាន​កសិកម្ម ធនាគារ ទូរគមនាគមន៍ ព័ត៌មានវិទ្យា និង​ឧស្សាហកម្ម​កែច្នៃ​»​។

ទិន្នន័យ​ពី​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ដឹងថា​កាលពី​ឆ្នាំមុន វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន ២០៦ នៅ​កម្ពុជា​ជាមួយ​ទុន​ចុះបញ្ជី​វិនិយោគ​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​។

ការវិនិយោគ​របស់​វៀតណាម​បាន​ផ្តោតលើ​វិស័យ​សំខាន់​នៅ​កម្ពុជា​គឺ​កសិកម្ម ដោយ​គ្រប់គ្រង​ ៧០ ​ភាគរយ​នៃ​ទុនវិនិយោគ​សរុប ខណៈ​វិស័យ​ហិរញ្ញវត្ថុ ធនាគារ និង​ធានារ៉ាប់រង​មាន​ចំនួន​ ៩,៤ ​ភាគរយ​។

ក្រៅពី​គម្រោង​វិនិយោគ​ទាំងនោះ​នៅ​មាន​គម្រោង​ផ្សេងទៀត​ដូចជា អាកាសចរណ៍ ធនធាន​រ៉ែ រោងចក្រ​ឧស្សាហកម្ម ឃ្លាំង​ជួល ដឹកជញ្ជូន សុខភាព សំណង់ និង​ទេសចរណ៍ សណ្ឋាគារ អចលនទ្រព្យ និង​សេវា​ផ្សេងទៀត​។ ការវិនិយោគ​របស់​កម្ពុជា​នៅ​វៀតណាម​មាន​ក្នុង​រង្វង់​ ២១ ​គម្រោង​ជាមួយ​ទុនវិនិយោគ​សរុប​ជិត​ ៦៤ ​លាន​ដុល្លារ​។

ប្រទេស​កម្ពុជា​ឈរ​លំដាប់​ទី​ ៥៤ ​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១៣២ ដែល​វិនិយោគ​នៅ​វៀតណាម​៕LA