ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​នឹង​​ទៅ​ចូលរួម​កិច្ច​ប្រជុំ ​«ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ​ឆ្នាំ​ ​២០១៩» ​នៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ពិភព​​លោក (WTO) ​នៅ​សប្តាហន៍​នេះ​​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុជា​។

កិច្ច​ប្រជុំ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃទី ​៣ ​ដល់ ​៥​ ខែ ​កក្កដា ​នៅ​​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេស ​ស្វ៊ីស ក្រោម​ប្រធានបទ​ «គាំទ្រ​ពិពិធកម្ម ​និង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន​តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម»​។

កិច្ច​ប្រជុំ​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​​​បំណង​ពិនិត្យ​មើល​ពី​របៀប​ជំនួយ​ពាណិជ្ជកម្ម​អាច​ទ្រទ្រង់​ប្រកប​ដោយ​ប្រសិទ្ធភាព​ដល់​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​​។

មន្ត្រី​ជាន់​ខ្ពស់​ដែល​នឹង​រួម​ដំណើរ​​ជាមួយ​នាយក​រដ្ឋមន្ត្រី ​រួម​​មាន ​លោក ​អូន ​ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក ​ប៉ាន​ សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​។

លោក ​ហ៊ុន ​សែន ​ក៏​នឹង​ឡើង​ថ្លែង​សុន្ទរក​ថា ​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នឹង​ប្រកាស​ជា​​​ផ្លូវ​​ការ​នូវ​យុទ្ធសាស្ត្រ​​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ​ឆ្នាំ ​២០១៩​-២០២៣​។

ក្រៅ​ពី​កិច្ច​ប្រជុំ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏​នឹង​ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​​លើក​​ទី​៤១​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ ​ដើម្បី​ឆ្លុះ​បញ្ចាំង​​ពី​ការ​ប្តេជ្ញាចិត្ត​​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ផង​ដែរ​៕​LA