ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​បន្ថែម​ដើម្បី​ជំរុញ​ការ​នាំចេញ​អង្ករ​កម្ពុជា​តាម​រយៈ​ការ​កាត់​បន្ថយ​តម្លៃ​​ផលិត ដើម្បី​ធ្វើ​ឲ្យ​មាន​សមត្ថភាព​ប្រកួត​​ប្រជែង​កាន់​តែ​ខ្លាំង​។​

ថ្លែង​នៅ​ក្នុង​ជំនួប​ជា​មួយ​កម្មករ​កាត់​ដេរ​នៅ​ខេត្ត​កណ្ដាល​កាល​ពី​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​ថា ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា ​មិន​អាច​សម្រេច​បាន​ ១ លាន​តោន​ប្រចាំ​ឆ្នាំ​នោះ​ទេ​ ដោយ​សារ​តែ​មាន​ការ​​ប្រកួត​ប្រជែង​ទីផ្សារ​ខ្លាំង​។​

លោក​​នាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​ផលិត​ ដើម្បី​​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ជា​មួយ​ទីផ្សារ​ជិត​ខាង ដូច​ជា​ថៃ និង​វៀតណាម​។​

ប៉ុន្តែ​​លោក​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​​ថា ​កម្ពុជា​សម្រេច​បាន​រួច​ហើយ​​នូវ​​​គោលដៅ​​មួយ​នៃ​គោល​នយោបាយ​​​របស់​រដ្ឋាភិបាល​ ជា​ប្រទេស​​ផលិត​ស្រូវ​​លើស​តម្រូវ​ការ ​ដែល​នឹង​កើន​ឡើង​ដល់ ​៦ ​លាន​តោន​ស្រូវ​នៅ​ឆ្នាំ​នេះ។​

លោក​បន្ត​ថា៖ «យើង​បាន​ធ្វើ​ពី​ប្រទេស​ខ្វះ​អង្ករ​បរិភោគ​ឲ្យ​ជា​ប្រទេស​ផលិត​ស្រូវ​សម្រាប់​ការ​នាំចេញ ​ប៉ុន្តែ​សម្រាប់​ការ​នាំចេញ​អង្គរ ​១ លាន​តោន ​យើង​មិន​អាច​សម្រេច​តាម​គោល​ដៅ​របស់​យើង​បាន​ទេ ​ដោយ​សារ​ដៃ​គូ​ប្រកួត​ប្រជែង​របស់​យើង​ខ្លាំងៗ​ពេក​ដូច​​ជា​ប្រទេស ​ថៃ ​និង​​​វៀតណាម​»។

លោក​នាយក​រដ្ឋមន្ដ្រី​លើក​ឡើង​ថា ប្រទេស ​ថៃ ​អាច​នាំចេញ​អង្ករ ​៦ លាន​តោន ​និង​វៀតណាម​ អាច​នាំចេញ​អង្ករ ៥ ​លាន​តោន​ប្រចាំ​ឆ្នាំ ​ដោយ​សារ​តែ​សមត្ថភាព​ដ៏​រឹងមាំ​ខ្លាំង​​របស់​ពួក​គេ (សមត្ថភាព​ក្នុង​ការ​ទិញ​សម្រាប់​ការ​ស្ដុក​​ទុក និង​ការ​សម្ងួត ​ព្រម​ទាំង​ភូត​គាម​​អនាម័យ និង​អនាម័យ ​ហើយ​​តម្លៃ​ផលិត​ក៏​ទាប) ​ធៀប​នឹង​កម្ពុជា​។​

លោក​ថ្លែង​ថា៖ ​«យើង​នឹង​ដាក់​ចេញ​​គោល​នយោបាយ​ថ្មីៗ​បន្ថែម​ទៀត​​ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ដូច​ជា​បញ្ហា​​តភ្ជាប់​អគ្គិសនី​របស់​យើង​ទៅ​កាន់​តំបន់​ដែល​មាន​ប្រភព​ទឹក​ដើម្បី​ប្រើ​មូទ័រ​បូម​ទឹក​ជំនួស​ម៉ាស៊ីន​បូម​ទឹក​ដោយ​ប្រេង​ដែល​មាន​ថ្លៃ​ដើម​ហួស​»​។

ការ​នាំចេញ​អង្ករ​របស់​ប្រទេស ​កម្ពុជា ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ការ​​ប្រែប្រួល​បន្តិច​បន្តួច​ក្នុង​អំឡុង​រយៈ​​ពេល​ ​៣ ​ឆ្នាំ​ចុង​ក្រោយ​គិត​ត្រឹម​ឆ្នាំ ​២០១៨ ​ខណៈ​​វិស័យ​នេះ​នៅ​ពេល​នេះ​​​ហាក់​ដូច​ជា​ចូល​ទៅ​ក្នុង​បញ្ហា​ប្រឈម​​បន្ថែម​ទៀត​ដែល​​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ត្រូវ​​ធ្វើ​ការងារ​កាន់​តែ​​ខ្លាំង​ ដើម្បី​រក្សា​វិស័យ​នេះ​មាន​ស្ថានភាព​ល្អ​​​។​

បញ្ហា​ប្រឈម​ទាំង​នេះ​នឹង​ផ្ដោត​លើ​ទីផ្សារ​​សហភាព​អឺរ៉ុប (EU) ខណៈ​​ប្លុក​​នេះ​បាន​សម្រេច​​យក​ពន្ធ​នាំចូល​លើ​​អង្ករ​កម្ពុជា​ដែល​បាន​បន្ថែម​លើ​បញ្ហា​​ដែល​មាន​ស្រាប់​ដូច​ជា ​តម្លៃ​ផលិតកម្ម​ខ្ពស់ ​និង​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​វិស័យ​នេះ​ជា​ដើម​។​

លោក​នាយក​រដ្ឋមន្ដ្រី​ជំរុញ​ឲ្យ​មាន​ការ​​សិក្សា​ពី​ការ​ផលិត​ជី​ក្នុង​ស្រុក ដើម្បី​ទទួល​បាន​ជី​តម្លៃ​ទាប​សម្រាប់​ឧស្សាហកម្ម​ស្រូវ ដើម្បី​កាត់​បន្ថយ​តម្លៃ​ផលិត​។​

ក្រសួង​ពាក់​ព័ន្ធ​ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម ចាំបាច់​ត្រូវ​ពង្រីក​ និង​ស្វែង​រក​ទីផ្សារ​ថ្មីៗ ​ខណៈ​​​កម្ពុជា​​មាន​ឈ្មោះ​ល្បី​ដោយ​សារ​​អង្ករ​គុណភាព​ល្អ។ នេះ​បើ​យោង​តាម​លោក ​ហ៊ុន សែន។​

លោក វង្ស​ ប៊ុនហេង​ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្វាគមន៍​សម្រាប់​វិធានការ​នេះ​ និង​ជឿជាក់​ថា ​កម្ពុជា​នឹង​សម្រេច​បាន ​១ លាន​តោន​ ​ប្រសិន​បើ​គោល​នយោបាយ​ថ្មី នៃ​តម្លៃ​ផលិត​ត្រូវ​បាន​អនុវត្ត​ល្អ​ប្រសើរ។​​​

លោក​ថ្លែង​ថា​៖ «​​បញ្ហា​របស់​​យើង​ គឺ​តម្លៃ​ផលិត ​បើ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ថែម​លើ​តម្លៃ​ផលិត ខ្ញុំ​ជឿ​ជាក់​ថា ការ​នាំចេញ​អង្ករ​របស់​យើង​នឹង​សម្រេច​​បាន​តាម​ទិសដៅ​របស់​រដ្ឋាភិបាល​​ជា​មិន​ខាន​»។

លោក​បន្ត​ថា​៖ «​យើង​មាន​ស្រូវ​ដែល​មាន​គុណភាព​រួច​ហើយ ​ប្រសិន​បើ​តម្លៃ​ផលិត​​ពិត​ជា​ត្រូវ​បាន​ដោះស្រាយ ​យើង​នឹង​អាច​ប្រកួត​​ប្រជែង​ជា​មួយ​វៀតណាម និង​ទៅ​ដល់​ទីផ្សារ​ថ្មីៗ​»៕LA