
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងកម្មវិធីមួយ កាលពីខែមុន។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំរយៈពេល ៣ ថ្ងៃនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្ដីពីអាស៊ាននៅទីក្រុងហាណូយ វៀតណាមនៅខែក្រោយជាមួយមេដឹកនាំអាស៊ានផ្សេងទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ WEF កាលពីថ្ងៃម្សិលមិញ។
ការបញ្ជាក់ពីវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងព្រឹត្តិការណ៍នេះចំពេលដែលរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងត្រូវបង្កើតឡើង បន្ទាប់ពីការបោះឆ្នោតបានធ្វើឡើងកាលពីថ្ងៃទី ២៩ កក្កដា ២០១៨។
កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញាស្ថិតក្រោមប្រធានបទ អាស៊ាន: សហគ្រិន និងបដិវត្តន៍ឧស្សាហកម្មលើកទី ៤។
លោក Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិ នៅ WEF ថ្លែងថា អាស៊ានជាតំបន់មួយក្នុងចំណោមតំបន់ដ៏ល្អរបស់ពិភពលោក សម្រាប់កំណើនសេដ្ឋកិច្ច។ លោកថ្លែងថា៖ «យើងមានកិត្តិយសក្នុងការស្វាគមន៍គណៈប្រតិភូដែលបញ្ជាក់ពីវត្តមានរបស់ខ្លួន»។
វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាជាលើកដំបូងកាលពីឆ្នាំមុន៕LA