ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍អំពាវនាវឲ្យកសិករផ្លាស់ប្តូរការដាំដំណាំកសិកម្មផ្សេងទៀតជាជាងគ្រាន់តែដាំដុះស្រូវនៅក្នុងរដូវប្រាំង ដោយសារតែបញ្ហានៃការធ្លាក់ចុះកម្រិតទឹកនឹងប៉ះពាល់គុណភាពស្រូវ និងអាចបណ្តាលឲ្យតម្លៃធ្លាក់ចុះ។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងអំឡុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីម្សិលមិញ ដោយលោកបានលើកឡើងថា ដើម្បីគេចផុតពីការប៉ះពាល់ដល់ទិន្នផលដែលមិនបានរំពឹងទុកណាមួយ និងការធ្លាក់ចុះតម្លៃនៅអំឡុងពេលប្រមូលផលនៃរដូវប្រាំងនេះប្រជាកសិករគួរតែផ្លាស់ប្តូរពីការដាំដុះស្រូវទៅដាំដុះដំណាំកសិកម្មផ្សេងទៀតដូចជាអំពៅដែលធន់នឹងទឹក។
លោកថ្លែងថា៖ «យោងតាមរបាយការណ៍បានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រមូលផលស្រូវរដូវវស្សាជិតបញ្ចប់ហើយរហូតមកដល់ពេលនេះយើងបានប្រមូលទិន្នផលស្រូវលើផ្ទៃដីជាង ២ លានហិកតាលើផ្ទៃដីសរុបជាង ២,៧ លានហិកតា»។
លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ទិន្នផលស្រូវនៅរដូវវស្សានេះនឹងមិនរងផលប៉ះពាល់ដោយកង្វះទឹកនោះទេ។ ប៉ុន្តែស្រូវនៅក្នុងរដូវប្រាំងនឹងប្រឈមកង្វះទឹកនោះជាមូលហេតុដែលកាលពីសប្ដាហ៍មុន ខ្ញុំបានចេញសារាចរណែនាំមួយដល់កសិករត្រូវធ្វើស្រូវម្ដងក្នុងរដូវប្រាំង ហើយបន្ទាប់មកគួរតែផ្លាស់ប្តូរទៅដាំដំណាំកសិកម្មផ្សេងទៀត»។
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីសប្ដាហ៍មុនបានឲ្យដឹងថា បញ្ហាគុណភាពស្រូវមិនល្អបានកាត់បន្ថយតម្លៃនៅតាមតំបន់មួយចំនួនដែលប្រឈមនឹងកង្វះទឹក។
លោក លុន យ៉េង អគ្គលេខាធិការរង CRF បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា ការធ្លាក់ចុះគុណភាពគឺដោយសារតែភាពរាំងស្ងួត។ លោកបន្តថា៖ «តម្លៃស្រូវមានគុណភាពល្អ ស្រូវផ្កាម្លិះ ផ្ការំដួល គឺដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃប្រហែល ១ ២០០ រៀល ក្នុង ១ គីឡូក្រាម ខណៈស្រូវសែនក្រអូបមានតម្លៃ ១០០០ រៀល»។ លោកលើកឡើងថា៖ «រោងម៉ាស៊ីនកិនស្រូវមិនចង់បន្ទាបតម្លៃស្រូវនោះទេ ប៉ុន្តែពួកគេមិនមានជម្រើស ដោយសារតែគុណភាពស្រូវមិនល្អ»។
លោកនាយករដ្ឋមន្ដ្រីបានឲ្យដឹងថា ចំពោះតំបន់ណាមួយដែលមិនមានទឹកគ្រប់គ្រាន់ កសិករគួរតែផ្លាស់ប្តូរទៅដាំដុះដំណាំកសិកម្មផ្សេងៗដែលអាចផ្ដល់ទិន្នផលកាន់តែប្រសើរ និងអាចទទួលបានតម្លៃកាន់តែប្រសើរ។
លោកបញ្ជាក់ថា៖ «ពិតហើយ យើងបានអំពាវនាវឲ្យវិស័យឯកជនមិនត្រូវទម្លាក់តម្លៃស្រូវនោះទេ ប៉ុន្តែយើងមិនកំណត់តម្លៃឲ្យវិស័យឯកជននោះទេ ព្រោះប្រទេសយើងជាប្រទេសដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរី»។
របាយការណ៍ផ្លូវការមួយបង្ហាញថា នៅរយៈពេល ១១ ខែដំបូងឆ្នាំនេះ ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិមានចំនួនសរុប ៥១៤ ១៤៩ តោន។ ចំនួននេះកើន ៣,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕LA