ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​វៀតណាម​ក្នុង​គោលបំណង​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា​។

ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ផ្សារដា​នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​អង្គារ ដោយសារ​លោក​ចង់​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​ពី​វៀតណាម​ដើម្បី​ផលិត​សម្រាប់​ការនាំចេញ​បន្ត​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវតែ​ផ្លាស់ប្តូរ​ព្រំដែន​ដែលជា​កំហឹង​នៃ​សង្គ្រាម​ទៅជា​សន្ដិភាព​សម្រាប់​ពាណិជ្ជកម្ម ការវិនិយោគ សន្ដិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​»​។ លោក​បន្តថា​៖ «​យើង​ត្រូវតែ​ប្រញាប់​អភិវឌ្ឍ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​វៀតណាម ដោយសារ​តែ​យើង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​រួចហើយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ដែល​រោងចក្រ​ជាច្រើន​ដែល​បាន​បង្កើតឡើង​ហើយ​នៅទីនេះ​យើង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្បូងឃ្មុំ​ថារី​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​ទៀត​ត្រូវបាន​បង្កើតឡើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​វៀតណាម ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​វៀតណាម​កាន់តែ​ច្រើន​ព្រមទាំង​ក្រុម​វិនិយោគិន​ផ្សេងទៀត​សម្រាប់​ការផលិត​នាំចេញ​។ បើ​យើង​អាច​បង្កើត​បាន​កាន់តែ​ច្រើន​ថែមទៀត យើង​អាច​កែច្នៃ​ផលិតផល​កសិកម្ម​ជា​ទំនិញ​សម្រេច​សម្រាប់​ការនាំចេញ​»​។

លោក Tran Lam Tung លេខាធិការ​ទី​ ២ ​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ភ្នំពេញ​ឲ្យ​ដឹងថា គំនិត​ផ្តួចផ្ដើម​ដែល​បាន​បង្កើតឡើង​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន មានបំណង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​រវាង​ប្រទេស​ទាំង​ ២ ព្រមទាំង​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​ការវិនិយោគ និង​ពាណិជ្ជកម្ម​។

លោក​បន្តថា​៖ «​នេះ​ជា​គំនិត​ផ្តួចផ្ដើម​ដ៏ល្អ​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយសារ​តែ​វា​ច្បាស់​ថា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការការពារ​ខ្សែក្រវាត់​ព្រំដែន​នឹង​បង្កើត​ការអភិវឌ្ឍ​ច្រករបៀង​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​»​។

លោក​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះដែរ​បើ​ប្រជាជន​របស់​ប្រទេស​ទាំង​ ២ ​នៅ​តាម​ព្រំដែន​អាច​ដោះដូរ​ទំនិញ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ព្រំដែន​របស់​ប្រទេស​ទាំង​ ២ ​នឹង​មាន​ស្ថិរភាព សន្ដិភាព​ជា​រៀងរហូត​។ តាម​គំនិត​របស់ខ្ញុំ នេះ​គឺជា​ចំណុច​ដ៏សំខាន់​មួយ​ស្រប​ជាមួយ​នឹង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន​»​។

បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រហែល​ ២៣ ​ដែល​កំពុង​ប្រតិបត្តិការ​ជាមួយ​នឹង​រោងចក្រ​ ៤៩០ ដែល​ផ្ដល់​ការងារ​ប្រហែល ១៣០ ០០០ ​នាក់​។ នេះ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។

ទិន្នន័យ​បាន​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន​វៀតណាម​មាន​គម្រោង​វិនិយោគ​ ២០៦ នៅ​កម្ពុជា​ជាមួយ​នឹង​ទុនវិនិយោគ​ចំនួន ៣,២ ​ពាន់​លាន​ដុល្លារ​។

ការវិនិយោគ​របស់​កម្ពុជា​នៅក្នុង​ប្រទេស​វៀតណាម​មាន​ចំនួន​ ២១ ​គម្រោង​ជាមួយ​នឹង​ទុនវិនិយោគ​សរុប​ជិត ៦៤ លាន​ដុល្លារ​។ កាលពី​ឆ្នាំ​មុន ទំហំ​ពាណិជ្ជកម្ម​ផ្លូវការ​រវាង​កម្ពុជា និង​វៀតណាម​មាន​ជាង​​ ៤,៧ ​ពាន់​លាន​ដុល្លារ កើនឡើង​ ២៣,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧៕ LA