ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងដឹកនាំក្រុមគណៈប្រតិភូជាន់ខ្ពស់ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប (ASEM) លើ ទី១០ ដែលនឹងត្រូវធ្វើឡើងពីថ្ងៃ ទី១៦-១៧ តុលា នៅ ប្រទេសអ៊ីតាលី។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ដ្រីជាន់ខ្ពស់រួមមាន លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងមន្ដ្រីជាច្រើនរូបទៀត។
សេចក្ដីប្រកាសព័ត៌មាននេះបន្តថា៖ «កិច្ចប្រជុំកំពូល ASEM លើក ទី១០ នេះត្រូវបានគេរំពឹងថា នឹងពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាធំៗមួយចំនួនចាប់ពីបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុដល់បញ្ហាក្នុងតំបន់ផ្សេងទៀត និងប្រធានបទអន្តរជាតិអំពីប្រយោជន៍ និងការបារម្ភរួម»។
អឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ឈានមុខគេទីពីរបន្ទាប់ពីអាមេរិកដែលនាំចូលទំនិញមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌ និងផលិតផលកសិកម្មមួយចំនួនជាពិសេសអង្ករ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ១២៧ ៨៨៧ តោន ដែលមានតម្លៃជាង ៧៩ លានដុល្លារអាមេរិកនៅក្នុងឆមាស ទី១ ឆ្នាំ២០១៤ នេះទៅកាន់អឺរ៉ុប ខណៈដែលការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក៕