
ភ្នំពេញៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យក្រសួងពាក់ព័ន្ធលើកស្ទួយ ត្រសក់ចាវ ម៉ាំល្ហុង និងត្រីឆ្អើរ ជាម្ហូបសម្គាល់អត្តសញ្ញាណជាតិ ជាផ្នែកមួយចូលរួមក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងជំរុញឲ្យមានការនាំចេញដូច គីមឈី របស់ប្រទេស កូរ៉េ ដែរ។
លោកថ្លែងដូច្នេះក្នុងពិធីអបអរសាទរខួបលើក ទី១៦ ទិវាវប្បធម៌ជាតិ នៅសាលសន្និសីទចតុមុខកាលពីម្សិលមិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំសុំស្នើឲ្យមានការគិតគូរយកចិត្តទុកដាក់អំពីវប្បធម៌ខ្មែរ ដូចជាត្រសក់ចាវ ម៉ាំល្ហុង ត្រីឆ្អើរជាដើម ដែលត្រូវធ្វើឲ្យទៅជាអត្តសញ្ញាណមួយរបស់ខ្មែរដែលអាចពង្រីកទៅជាឧស្សាហកម្មម្ហូបខ្មែរដែលត្រូវបានធ្វើពាណិជ្ជកម្មនៅទូទាំងប្រទេស»។
លោកបន្តថា៖ «បណ្តាប្រទេសនីមួយៗគេបានខិតខំណាស់ ពេលដែលយើងបានទៅដល់ប្រទេសរបស់គេ គេក៏ចាប់ផ្តើមដាក់ម្ហូបគេមកសម្រាប់យើង។ ឯយើង នៅពេលមានពីធីជប់លៀងម្តងៗ យើងក៏គួរបង្ហាញនូវម្ហូបរបស់យើងដែរ»។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ត្រសក់ចាវ ម៉ាំល្ហុង និងត្រីឆ្អើរ គួរតែត្រូវបានជំរុញឲ្យមានការនាំចេញដូច គីមឈី របស់ប្រទេស កូរ៉េ ផងដែរ។
លោកថ្លែងថា៖ «ប្រទេសខ្លះ ដូចជា ខាង កូរ៉េ គេបានបញ្ជូនមកដល់ស្រុកយើង គឺ គីមឈី។ ឥឡូវនៅតាមហាងនានា គីមឈី ក៏ដាក់លក់ដែរ។ យើងត្រូវគិតពីបញ្ហានេះ»។
ត្រសក់ចាវ និងម៉ាំល្ហុង ជាមុខម្ហូបផ្អាប់ដែលទាមទារដំណាក់កាលនិងពេលវេលាច្រើនក្នុងការផលិតដែលទាមទារការសម្ងួតក្រោមកម្តៅថ្ងៃនិងគ្រឿងផ្សំ ដែលមានដូចជា ត្រីម៉ាំជាដើម។ ត្រសក់ចាវ និងម៉ាំល្ហុង ជាម្ហូបបន្ទាប់បន្សំ ដ៏ពេញនិយមរបស់ប្រជាជនខ្មែរ។
លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រសួងបាន និងកំពុងរៀបចំយន្តការដើម្បី ដាក់ត្រសក់ចាវ ម៉ាំល្ហុង និងត្រីឆ្អើរ ជាម្ហូបសម្គាល់អត្តសញ្ញាណជាតិ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងនឹងពិភាក្សាជាមួយចុងភៅនៅភោជនីយដ្ឋានធំៗ បង្កើតជាស្តង់ដាកម្រិតជាតិមួយក្នុងការធ្វើត្រសក់ចាវ និងម៉ាំល្ហុងនេះ។ យើងធ្វើឲ្យស្អាត និងឲ្យឆ្ងាញ់ និងមានស្តង់ដារសម្រាប់ភ្ញៀវទេសចរ»។ លោកបន្តថា ក្រោយពីមានស្តង់ដារត្រឹមត្រូវភោជនីយដ្ឋានធំៗនឹងត្រូវបានលើកទឹកចិត្តឲ្យដាក់មុខម្ហូបទាំងនេះក្នុងបញ្ជីរាយមុខម្ហូប។
លោកបន្តទៀតថា ក្រៅពី ត្រសក់ចាវ ម៉ាំល្ហុង និងត្រីឆ្អើរ ដែលស្ថិតក្នុងផែនការជំរុញឲ្យក្លាយជាម្ហូបសម្គាល់អត្តសញ្ញាណជាតិ ប្រហុកខ្ទិះ ប្រហុកគ្រឿង និង អាម៉ុក ក៏មានឈ្មោះនៅក្នុងបញ្ជីនេះផងដែរ។
លោកបន្ថែមថា៖ «ត្រសក់ចាវ និងម៉ាំល្ហុងជាមួយ ត្រីឆ្អើរ គឺឆ្ងាញ់ណាស់ ហើយ អាម៉ុក ជាដើមហ្នឹងសុទ្ធតែជារបស់ខ្មែរហើយ»។
កម្ពុជា មានទិសដៅក្លាយជាគោលដៅទេសចរណ៍ផ្នែកវប្បធម៌ និងធម្មជាតិ។ ផលិតផលទេសចរណ៍ថ្មីនេះនឹងបន្ថែមភាពទាក់ទាញដល់ភ្ញៀវទេសចរចូលមក កម្ពុជា។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាចុងភៅដែលល្បីឈ្មោះខាងការច្នៃរសជាតិម្ហូបខ្មែរនោះ បាននិយាយថា លោកត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូលត្រសក់ចាវ និងម៉ាំល្ហុងនេះ បន្ថែមទៅក្នុងបញ្ជីរាយមុខម្ហូបសម្រាប់ភោជនីយដ្ឋានរបស់លោក។
លោកមានប្រសាសន៍ថា៖ «ជាចុងភៅ យើងសប្បាយចិត្តដែលមានការលើកទឹកចិត្ត ទីមួយ ចុងភៅយើងមានឱកាសធំតែម្តងក្នុងការចូលរួមលើកកម្ពស់មុខម្ហូបខ្មែរជាពិសេសខ្លួនខ្ញុំចូលចិត្តម្ហូបរបស់ខ្មែរ»។
លោកបន្តថា ការផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រីនឹងជួយជំរុញភ្ញៀវទេសចរឲ្យបរិភោគមុខម្ហូបខ្មែរកាន់តែច្រើន ដែលកត្តានេះនឹងជួយកាត់បន្ថយការនាំចូលប្រភេទបន្លែបរទេសផងដែរ។
លោក លូ ម៉េង ថ្លែងថា៖ «នៅពេលដែលយើងលើកម្ហូបនឹងទៅជាម្ហូបជាតិទៀត ពេលនោះភ្ញៀវទេសចរមានឱកាសភ្លក្សរសជាតិម្ហូបខ្មែរ។ សរុបទៅយើងនឹងជួយដល់កសិកម្មយើងដែរ ព្រោះយើងមិននាំរបស់ចូលមកច្រើននោះទេ»។
ចំណែក លោក ម៉ៅ បូរ៉ា អ្នកលក់ ម៉ាំល្ហុងស្លៀកឯកសណ្ឋាន ដែលល្បីល្បាញក្នុងចំណោមអ្នកទីក្រុងភ្នំពេញដែរនោះ និយាយថា លោកត្រេកអរនៅពេលដែលបានដឹងពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ។
លោកថា បច្ចុប្បន្នម៉ាំល្ហុងរបស់លោកក៏ត្រូវបានផ្ញើចេញទៅសម្រាប់អតិថិជននៅក្រៅប្រទេសផងដែរ។ លោកថ្លែងថា៖ «ខ្ញុំអាចធ្វើបានលើការពង្រឹងស្តង់ដារ និងអនាម័យ។ បច្ចុប្បន្នខ្ញុំមានអតិថិជនច្រើនរួចហើយ។ អ្វីដែលខ្ញុំត្រូវការពេលនេះគឺដើមទុនបន្ថែមដើម្បីអាចផលិតតាមស្តង់ដារ និងអនាម័យក្នុងកម្រិតមួយ»។
លោកបន្តថា លោកត្រៀមខ្លួនជានិច្ចក្នុងការបង្កើនស្តង់ដារ និងសមត្ថភាពផលិតម៉ាំល្ហុងរបស់លោកនៅពេលដែលយន្តការជំរុញ ម៉ាំល្ហុងជាម្ហូបសម្គាល់អត្តសញ្ញាណជាតិនេះចេញជារូបរាង ហើយពេលនេះលោកក៏កំពុងស្វែងរកទុនដើម្បីពង្រីកអាជីវកម្មផងដែរ៕