ភ្នំពេញៈ លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ ​១៩ បាន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ៦ ​ភាគរយ​សម្រាប់​ឆ្នាំនេះ ខណៈ​ដែល​ស្ថាប័ន​មួយ​នេះ​បាន​ព្យាករ​ថា​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​ពី​ដក​ ៣,៥ ​ក្នុង​ឆ្នាំ​ ២០២០ ដល់​ ៤,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ នេះ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មាន​គោលនយោបាយ​បុរេ​សកម្ម​ប្រកប​ ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​។

លោកស្រី Kristalina បាន​ថ្លែង​បែបនេះ​នៅក្នុង​ការបើក​សន្និសីទ​សារព័ត៌មាន នៅក្នុង​កិច្ចប្រជុំ​និទាឃ​រដូវ​ឆ្នាំ​ ២០២១ របស់ IMF និង​ធនាគារ​ពិភពលោក ដែល​បាន​ធ្វើឡើង​តាម​វីដេអូ ដោយ​បាន​ចង្អុលបង្ហាញ​ថា ចក្ខុវិស័យ​ពិភពលោក​គឺ​កាន់តែ​ស្រឡះ ដោយសារ​តែ​ប្រជាជន​រាប់លាន​នាក់ កំពុង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការចាក់​វ៉ាក់សាំង និង​មាន​ការគាំទ្រ​គោលនយោបាយ​បន្ថែម​ពី​រដ្ឋាភិបាល​របស់ខ្លួន​។

លោកស្រី​ថ្លែងថា​៖ «​ការណ៍​នេះ​កំពុង​បន្ថែម​ដល់​វិធានការ​ជាពិសេស និង​សម្របសម្រួល​ដែល​បាន​ធ្វើឡើង​ក្នុង​រយៈពេល ១ ​ឆ្នាំ​កន្លងមក​។ ក៏ប៉ុន្តែ​ខណៈ ដែល​មាន​ភាពភ្លឺថ្លា វិបត្តិ​សុខភាព នេះ​ក៏​បន្ត​បង្ក​ស្រមោល​អន្ទោល​តាម​ប្រាណ​»​។

លោកស្រី​បន្តថា បណ្ដា​សេដ្ឋកិច្ច ទីផ្សារ​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​ទីផ្សារ​អភិវឌ្ឍន៍​រីកចម្រើន​រហ័ស​មួយចំនួន​តូច ដែល​ត្រូវបាន​នាំមុខ​ដោយ​អាមេរិក​ និង​ចិន កំពុងដំណើរការ​ទៅមុខ ចំណែកឯ​បណ្ដា​ប្រទេស​ទន់ខ្សោយ និង​បណ្ដា​ប្រទេស​ក្រីក្រ​កំពុង​នៅ​ពីក្រោយ​ការស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿន​ខុសៗ​គ្នា​។

លោកស្រី​លើកឡើង​ពី​អាទិភាព​សំខាន់ៗ​ចំនួន​ ៣ ​ដែល​ត្រូវ​ដោះស្រាយ​ដោយ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នីមួយៗ​គឺ ទី​១ ឱកាស​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ដោយ​យុត្តិធម៌ ដែល​ជា​ការផ្ដល់​មូលនិធិ​យ៉ាង​ពេញលេញ​ដោយ COVAX ហើយ​ត្រូវ​ធានាថា វ៉ាក់សាំង​ដែល​លើស​ចំនួន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​បណ្ដា​ប្រទេស​ក្រីក្រ​ខ្លាំង​។ ទី​២ ឱកាស​ទទួលបាន​សម្ទុះ​ងើបឡើង​វិញ​ដោយ​យុត្តិធម៌​ដែល​ជា​គន្លឹះ​ដ៏សំខាន់ ដើម្បី​គាំទ្រ​គ្រួសារ​ដែល​ងាយ​ទទួលរង​គ្រោះ និង​ក្រុមហ៊ុន​ដែល​អាច​បន្ត​រស់​បាន ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​សារពើពន្ធ​ជា​ទិសដៅ និង​ការរក្សា​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ដោយ​អនុគ្រោះ​។ និង​ទី​​៣ គឺ​ឱកាស​ទទួល​បាន​នៅពេល​អនាគត ដែល​ប្រហែល​ជា​ការសម្រេច​ចិត្ត​ដោយ​ពិបាក​បំផុត​ដែល​រដ្ឋាភិបាល​ណាមួយ​អាច​ធ្វើ​បាន​នៅ​ឆ្នាំនេះ​។ ការផ្ដោត​ការយកចិត្ត​ទុកដាក់ គួរតែ​ធ្វើ​ឡើងលើ​ការបង្កើន​ការវិនិយោគ​សាធារណៈ​ក្នុង​គម្រោង​បៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ផ្នែក​សុខភាព​របស់​ប្រជាជន និង​ការអប់រំ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការដោះ​សោរ​សក្ដានុពល​នេះ បណ្ដា​ប្រទេស​នានា​នឹង​ត្រូវ​ការប្រាក់​ចំណូល​សាធារណៈ​គ្រប់គ្រាន់ ហើយ​ពួកគេ​នឹងត្រូវការ​ការចំណាយ​កាន់តែ​មាន​ប្រសិទ្ធភាព​។ នៅក្នុង​ករណី​ជាច្រើន​នេះ​នឹង​មានន័យថា ការយក​ពន្ធ​កាន់តែ​មាន​ការរីកចម្រើន និង​កិច្ចព្រមព្រៀង​លើ​បញ្ហា​នានា ដូចជា​ការយកពន្ធ​អប្បបរមា​សម្រាប់​ក្រុមហ៊ុន និង​សិទ្ធិ​ពន្ធ​អន្តរជាតិ​។ ការណ៍​នេះ​ត្រូវ​តែ​គួបផ្សំ​ជាមួយ​ការគាំទ្រ​កាន់តែ​រឹងមាំ សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ​ខ្លាំង ដោយសារ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​នេះ និង​ស្វែងរក​ការវិនិយោគ​នៅពេល​អនាគត​»​។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ អាស៊ាន​លើក​ទី​២៥ នៅ​ថ្ងៃទី​ ៣០ មីនា ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ថា​រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ចំណាយ​នូវ​ទឹកប្រាក់​ប្រមាណ​ជា​ជិត​ ២ ​ពាន់​លាន​ដុល្លារ​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​គ្រប់គ្រង​ផលប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍​។

លោក​បាន​អះអាងថា វិធានាការ​ ៨ ​ជុំ​កន្លងមក​មាន​ទិសដៅ​អនុវត្ត​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​​កូវីដ​ ១៩ និង​គ្រប់គ្រង​ផលប៉ះពាល់​មកលើ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ១ ១៦៤ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២០ និង​ ៧១៩ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១៕ LA