ភ្នំពេញៈ​ ក្រសួង​សាធារ​ណៈ​ការ និង​ដឹក​ជញ្ជូន​ (MPWT) ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​នា​វា​ដឹក​អ្នក​ដំ​ណើរ​​ជា​លើក​​ដំ​បូង​នៅ​ថ្ងៃសុក្រ​​នេះ​ ដោយ​ត​ភ្ជាប់​​ជា​បឋម​ពីចំ​ណតនៅ​ខ័ណ្ឌ​ឬស្សី​កែវ ​ទៅ​ក្រុងតា​​ខ្មៅ​ខេត្ត​កណ្ដាល​ ដោយ​មាន​ប្រើ​ប្រាស់​ចំណត​ចំនួន ​៤ ​ទី​តាំង​។ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​​ក្រសួង​​។

​លោក ​វ៉ា ​ស៊ី​ម​សូរិយា អ្នក​នាំពាក្យ​​ ដឹក​ជញ្ជូន បាន​ថ្លែង​ថា ​ពិធី​ដាក់​ឲ្យដំណើរ​ការ​ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដោយ​មាន​វត្ត​មាន​ពី​​លោក ​ស៊ុន​ ចាន់​ថុល​ រដ្ឋ​មន្ដ្រីក្រ​សួង​​សាធារ​ណៈ​ការ និង​ ដឹក​ជញ្ជូន​។ ​

ពិធី​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចំណត​ជិត​ផ្សារ​រាត្រី​ ជា​ចំណត​ធំ​ជាង​គេ​។

តាម​លោក ស៊ី​ម​សូរិយា​ សេវានា​វា​ដឹក​អ្នក​ដំ​ណើរ​នេះ​នឹងដាក់​ឲ្យ​ដំ​ណើរ​ការ​ដំ​បូង​ដោយមិន​​គិត​ថ្លៃ​ជា​បណ្តុះ​អា​សន្ន​​សម្រាប់​សា​ធារណៈ​ជន។ ​លោក​មិន​ទាន់​អាច​បញ្ជាក់​​ទេថា​ ​សេវា​មិន​គិតថ្លៃ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​។​

លោក​ថ្លែង​ថា​៖ «​យើង​ចាប់​ផ្ដើម​ចំណត​ដំបូង​ចំនួន​ ​៤ ហើយ​បន្ត​សាង​សង់​ជា​បន្ត​បន្ទាប់​​ដើម្បី​ពង្រីក​ចំ​នួន​ចំ​ណត​​។​​ នៅ​ពេល​យើង​ធ្វើ​ចំ​ណត​ទី​​ ៦ ​ចប់​ យើង​នឹងដំ​ណើរ​ការ​ចំ​ណត​ទី ​៦ នេះ​ ហើយ​​នៅពេល​ចំណត​ទី ​៧ យើង​បន្ត​បន្ថែម​ការ​ដំ​ណើរ​ការ​នេះ​ឲ្យ​​កាន់​តែ​ច្រើន​»​។​

​ចំណត​ចំនួន ​៤​ ដែល​ត្រូវ​ដំ​ណើរ​ការ​នា​ពេល​ដំ​បូង​នេះ​រួម​មាន​​ចំណត​នៅ​ឫស្សី​កែវ ​ផ្សាររាត្រី ​អរិយក្សត្រ​ និង ​តា​ខ្មៅ​។

យោង​តាម​ព័ត​មាន​​នៅ​លើ​គេ​ហទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​ កាលពី​ខែ​មករា​ឆ្នាំ​នេះ​ គម្រោងនា​វា​ដឹក​អ្នក​ដំ​ណើរ​​នេះ​នឹង​មា​ន​ចំណត​សរុប​ដល់​ ១៥ ​ចំ​ណត​។

​លោក​ ​​សូរិយា ​មិន​ទាន់​​អាច​ផ្ដល់​ព័ត៌​មាន​លម្អតិ​នៅ​ឡើយ​ទេ ​អំពី​ពេលវេលា​ការដឹក​ជញ្ជូន ​តម្លៃ ​ឬ ចំ​នួន​អ្នក​ដំណើរ​តាម​​កាណូត​ចម្លង​​នីមួយៗ​ ​ប៉ុន្តែ​​លោក​ថ្លែង​ថា ​ក្រុម​ហ៊ុន​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP)​ ដែល​ជា​ប្រតិបត្តិករ​ក្នុង​គម្រោង​សេវា​នា​វាដឹក​អ្នក​ដំ​ណើរ​​សាធារ​ណៈ​​នេះ​ នឹង​ប្រើ​ប្រាស់​នាវា​​ ៣ ​សម្រាប់​ប្រតិ​បត្តិ​ការ​នា​ពេល​ដំបូង​៕ LA