
ភ្នំពេញៈ កម្ពុជាបាននាំចូលប្រេងឥន្ធនៈជាង ១,៣១ ពាន់លានតោននៅរយៈ ១០ ខែ ឆ្នាំ២០១៣ ធ្លាក់ចុះ ២,២ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង ១,៣៤ពាន់លានតោន។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
មន្ត្រី និងអ្នកជំនាញយល់ថា ការថយចុះនេះមិនមែនមានន័យថា ចង្វាក់ផលិតកម្មរោងចក្រ និងសហគ្រាសក្នុងស្រុកថយចុះនោះទេ។
លោក ប៊ិន ម៉ៃមាលា អនុប្រធានគ្រប់គ្រងនៅក្រុមហ៊ុនប្រេងឥន្ធនៈ PTT បញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានការថយចុះ ១០ ភាគរយក្នុងការផ្គត់ផ្គង់ ប្រេងខ្មៅទៅកាន់រោងចក្រនានាក្នុងរយៈពេល ១០ ខែនេះ តែថា តម្រូវការប្រេងឥន្ធនៈសម្រាប់យន្តហោះមានកំណើន ២២ ភាគរយធៀបនឹងឆ្នាំមុន។
លោកបានពន្យល់ថា៖ «ដោយសារកំណើនភ្ញៀវទេសចរចូលមកកម្ពុជា ទើបយើងឃើញមានកំណើនក្នុងការផ្តល់ប្រេងយន្តហោះ។ ចំណែកការថយចុះប្រេងខ្មៅគឺដោយសាររោងចក្រភាគច្រើនបានងាកមក ប្រើប្រាស់ថាមពលអគ្គិសនីវិញ។ អគ្គិសនីដែលទិញមកពីប្រទេសវៀតណាម ឬ អគ្គិសនីដែលបានមកពីវារីអគ្គិសនីនៅគិរីរម្យ និងនៅកំចាយ»។
លោកបានបញ្ជាក់ថា ប្រេងខ្មៅដែលផ្គត់ផ្គង់ទៅដល់បណ្ដារោងចក្រផលិតនានាមានពី ២០០ ទៅ ៣០០ តោនក្នុងមួយខែ។
លោក ម៉េង សក្ដិធារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលឲ្យដឹងថា វិស័យដែលប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងគេនោះគឺ វិស័យសាធារណៈការ និងដឹកជញ្ជូន។
លោកថ្លែងថា៖ «វាអាចមកពីយើងឥឡូវប្រើថាមពលមកពីវារីអគ្គិសនី និងការទិញអគ្គិសនីមកពីថៃ និងវៀតណាមជាដើម ដែលនេះក៏ជាកត្តាដែលនាំឲ្យការប្រើប្រាស់ប្រេងឥន្ធនៈជាថាមពល មានការថយចុះ»។
លោកមើលឃើញថាការថយចុះនៃការនាំចូលប្រេងឥន្ធនៈនឹងអាចបន្តទៅទៀតបើកម្ពុជាអនុវត្តផែនការយុទ្ធសាស្រ្ត កាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈជាប្រភព ថាមពលចម្បង។
បច្ចុប្បន្នកម្ពុជានាំចូលប្រេងឥន្ធនៈទាំងស្រុង មានដូចជាពីប្រទេសវៀតណាម សិង្ហបុរី និងប្រទេសថៃ។ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០១៣ កម្ពុជាបានចំណាយប្រាក់ជាង ១,២៦ ពាន់លានដុល្លារ ក្នុងការនាំចូលប្រេងឥន្ធនៈ៕