ភ្នំពេញៈ ការនាំចេញជ័រកៅស៊ូសរុបរបស់កម្ពុជាបានកើនឡើង១២ភាគរយនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្ម។
ទោះបីយ៉ាងនេះក្តីស្ថិតិបង្ហាញថាចំណូលពីការនាំចេញបានធ្លាក់ចុះយ៉ាងគំហុកខណៈតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិចុះថោកជាពិសេសនៅទីផ្សារចិន។
តំណាងមកពីឧស្សាហកម្មកៅស៊ូបាននិយាយថា ការធ្លាក់ចុះតម្លៃដ៏គំហុកនេះគឺបណ្ដាលមកពីវិបត្តិ ក្នុងតំបន់អឺរ៉ុបដែលមានតម្រូវការច្រើនបំផុតនៅក្នុងវិស័យឧស្សាហកម្មផលិតសំបកកង់រថយន្ត។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូសរុបចំនួន៣៩៣៦០តោនក្នុងអំឡុងពេលពីខែមករាដល់ខែកញ្ញាពោលគឺកើន១២ភាគរយបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនដែលមាន៣៥ ០៨០តោនខណៈប្រាក់ចំណូលបានមកពីការនាំចេញនេះបានធ្លាក់ចុះពី១៦០លានដុល្លារមកនៅត្រឹម១១៦លានដុល្លារ គឺធ្លាក់ចុះ២៧ភាគរយ។

លោក ម៉ក់គឹមហុងប្រធានសមាគមកៅស៊ូកម្ពុជាមានប្រសាសន៍ថា តម្រូវការបានធ្លាក់ចុះតាំងពីដើមឆ្នាំមកម៉្លេះដោយធ្វើឲ្យប្រាក់ចំណូលបានមកពីឧស្សាហកម្មនេះធ្លាក់ចុះផងដែរ។ លោកបន្តថា៖ «យើងនាំចេញភាគច្រើនទៅកាន់ប្រទេសចិនដែលជាទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មផលិតសំបកកង់រថយន្តដូច្នេះនៅពេលអឺរ៉ុបកំពុងបន្តមានវិបត្តិនៅឡើយតម្រូវការសំបកកង់រថយន្តនៅតែមានការធ្លាក់ចុះ»។
បើទោះបីតម្លៃកៅស៊ូបានធ្លាក់ចុះខ្លាំងក៏ដោយ ក៏វាមិនប៉ះពាល់ដល់ឧស្សាហកម្មនេះដែរ។ នេះបើតាមលោកម៉ក់គឹមហុង។ លោកថ្លែងថា៖ «ឥឡូវនេះយើងកំពុងលក់ក្នុងរង្វង់តម្លៃ២៨០០ដុល្លារក្នុងមួយតោនប៉ុន្តែយើងនៅតែរកបានប្រាក់ចំណេញដរាបណាវាមិនធ្លាក់នៅក្រោមតម្លៃ១ ០០០ដុល្លារនោះ»។
លោក ម៉ាក់ គឹម ជាម្ចាស់ចម្ការកៅស៊ូក្រែកហើយដែលបច្ចុប្បន្នលោកមានផ្ទៃដីដាំដើមកៅស៊ូទំហំប្រហែល១៧ ០០០ហិកតានៅឃុំជប់ ខេត្តកំពង់ចាមនិងមួយកន្លែងទៀតមានទំហំចន្លោះពី៣ពាន់ទៅ៤ពាន់ហិកតានៅក្នុងខេត្តស្ទឹងត្រែង។
តាមតម្លៃនៅម៉ាឡេស៊ីបង្ហាញថា ជ័រកៅស៊ូត្រូវបានលក់ក្នុងតម្លៃ១ ៨៦៨ដុល្លារក្នុងមួយតោនកាលពីថ្ងៃពុធគឺធ្លាក់ចុះ២៤ភាគរយបើធៀបតម្លៃ២ ៤៧៦,៥ដុល្លារក្នុងមួយតោនក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ កៅស៊ូកម្ពុជាត្រូវបាននាំចេញទៅកាន់ម៉ាឡេស៊ី វៀតណាម និងចិន។
កៅស៊ូគឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពលមួយដែលរដ្ឋាភិបាលកំពុងតម្រង់ទិសឲ្យក្លាយជាផលិតផលកសិកម្មមួយដ៏សំខាន់បន្ទាប់ពីអង្ករ។
លោក លី ផល្លាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូមិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីថ្ងៃម្សិលមិញប៉ុន្តែលោកធ្លាប់បានរាយការណ៍ពីមុនមកថា តំបន់ដែលគេប្រើសម្រាប់ដាំដើមកៅស៊ូបានកើនឡើង៣០ភាគរយរៀងរាល់ឆ្នាំគឺកើនឡើងពីទំហំ១៣៦១០៧ហិកតានៅក្នុងឆ្នាំ២០០៩ ដល់ទំហំ១៨១៤០០ហិកតានៅក្នុងឆ្នាំ២០១០ហើយបានកើនឡើង២១ហិកតាថែមទៀតកាលពីឆ្នាំមុន។
លោកបន្តថា ចំនួនប្រហែល៤៥ភាគរយបានមកពីម្ចាស់កៅស៊ូតូចតាច២៩ភាគរយបានមកពីការផ្តល់សម្បទានដីសេដ្ឋកិច្ចនិងចំនួន២៦ភាគរយទៀតបានមកពីចម្ការកៅស៊ូកសិឧស្សាហកម្ម។ កាលពីឆ្នាំ២០១០គេបានប្រមូលផលត្រឹមតែ២០ភាគរយប៉ុណ្ណោះព្រោះដំណាំថ្មីត្រូវការពេលវេលាលូតលាស់។
បើតាមគោលដៅរបស់រដ្ឋាភិបាលប្រទេសកម្ពុជាគឺត្រូវបង្កើនដីដាំដំណាំកៅស៊ូសរុបមានទំហំ៣០០០០០ហិកតាដែលនឹងផ្ដល់ជាជ័របានចំនួនប្រហែល២៩០ ០០០តោនត្រឹម២០២០។ នេះបើយោងតាមលោកអគ្គនាយកលី ផល្លា៕ PN