The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - និន្នាការ​នៃ​ការ​ជួញដូរ​ក្នុង​ផ្សារ​ហ៊ុន​ កម្ពុជា ​បង្ហាញ​ពី​កំណើន

និន្នាការ​នៃ​ការ​ជួញដូរ​ក្នុង​ផ្សារ​ហ៊ុន​ កម្ពុជា ​បង្ហាញ​ពី​កំណើន

Content image - Phnom Penh Post
បុគ្គលិក​កំពុងដើរកាត់ផ្ទាំង​អេក្រង់​​​បង្ហាញ​ពី​សន្ទស្សន៍​ថ្លៃ​មូលបត្រ នៅ​ទីស្នាក់​ការ​​ផ្សារមូល​បត្រកម្ពុជានាពេល​កន្លង​មក​​។ ហេង ជីវ័ន

និន្នាការ​នៃ​ការ​ជួញដូរ​ក្នុង​ផ្សារ​ហ៊ុន​ កម្ពុជា ​បង្ហាញ​ពី​កំណើន

ភ្នំពេញៈ សន្ទស្សន៍​ថ្លៃ​​ទីផ្សារ​ភាគហ៊ុន​កម្ពុជា (CSX) ​នា​ចុង​ឆ្នាំ​ ២០១៨ នេះ​បាន​បង្ហាញ​ពី​កំណើន​ជាង​ ២២ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ដើម​ឆ្នាំ​ ដែល​បាន​ជំរុញ​ឲ្យ​សន្ទស្សន៍​ថ្លៃ​បាន​កើន​ឡើង​​ដល់​ ៤១៦,៣ ​​ពិន្ទុ​នៅ​ពេល​​​បិទ​ការ​ជួញ​ដូរ​​កាល​​ពី​ថ្ងៃ​សុក្រ ដែល​​កើន​ឡើង​ពី ៣៤០,២២ ពិន្ទុ​ធៀប​នឹង​​ដើម​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ផ្សារ​មូលបត្រ​កម្ពុជា។

អ្នក​នៅ​ក្នុង​វិស័យ​នេះ​មាន​សុទិដ្ឋិ​និយម​ថា និន្នាការ​នៃ​ការ​យល់​ដឹង​ពី​ទីផ្សារ​មូលបត្រ​ដ៏​ក្មេង​ខ្ចី​របស់​កម្ពុជា​នឹង​ជំរុញ​ ​ទៅ​​រក​កំណើន​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។​

ក្នុង​អំឡុង​ពេល ៨ ​ខែ​នៃ​ឆ្នាំ​​ ២០១៨ ​តួលេខ​ថ្លៃ​ភាគហ៊ុន​ទាំង​អស់​ ដែល​​​បាន​ចុះ​បញ្ជី​នៅ CSX ឬ​ហៅ​ថា​​ សន្ទស្សន៍​ CSX បាន​ប្រែ​ប្រួល​ស្ថិត​​ក្រោម​កម្រិត ៣៥០ ​ពិន្ទុ​ប៉ុណ្ណោះ ​ដោយ​គិត​ជា​​មធ្យម​ប្រមាណ ​៣៣៤ ​ពិន្ទុ។ ទោះ​បី​ជា​យ៉ាង​ណា​ កាល​ពី​ថ្ងៃ​សុក្រ​​ សន្ទស្សន៍​ផ្សារហ៊ុន​បាន​កើន​ឡើង​ដល់​ ៤២១,៤២ ​​ពិន្ទុ មុន​ពេល​ធ្លាក់​មក​ ៤១៦,៣០ ​ពិន្ទុ​ពេល​បិទ​ផ្សារ។

លោក​ស្រី គឹម សុផានីតា ប្រធាន​ស្តី​ទី​នាយកដ្ឋាន​ប្រតិបត្តិ​ការ​ទីផ្សារ​​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ និន្នាការ​សន្ទស្សន៍​ថ្លៃ​ផ្សារ​ហ៊ុន​​​បាន​ចាប់​ផ្តើម​កើន​ឡើង​ជា​បន្ត​បន្ទាប់​តាំង​ពី​ចុង​ត្រី​មាស​ទី​ ៣ ​ដោយ​​នៅ​មុន​ពេល​នោះ​សន្ទស្សន៍​ថ្លៃ​ទីផ្សារ​ស្ថិត​នៅ​​ចន្លោះ​ជាង ៣០០ ​ពិន្ទុ​តែ​ប៉ុណ្ណោះ​។

លោក​ស្រី​ថ្លែង​ថា៖​ «យើង​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ការ​របស់​ផ្សារហ៊ុន​​​នា​ពេល​នេះ ពិសេស​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​យើង​ឃើញ​​មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​បាន​មក​បើក​គណនេយ្យ​សម្រាប់​ជួញ​ដូរ។ នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន។ កំណើន​ចុះ​បញ្ជី​នឹង​​ធ្វើ​ឲ្យ​ការ​ជួញ​ដូរ​កើន​ឡើង​កាន់​តែ​លឿន​»។

សេចក្តី​ប្រកាស​របស់​ CSX បង្ហាញ​ថា ការ​កើន​ឡើង​ខ្ពស់​នៃ​សន្ទស្សន៍​នេះ​ដោយ​សារ​​មាន​​ហេតុ​ផល​ចម្បង​ៗ​ ៣ រួម​មាន ការ​​កើនឡើង​​នៃ​ចំនួន​គណនី​ជួញដូរ ដែល​បាន​កើន​ឡើង​ទ្វេ​ដង​ពី​ប្រមាណ​ ៩ ​៨៩១ នាក់​ទៅ​ជាង ២០​ ០០០ នាក់​នៅ​អំឡុង​ពេល​​ពី​ខែ​កក្កដា​ ដល់​ខែ​វិច្ឆិកា។

ក្រុមហ៊ុន​ចុះ​បញ្ជី​ភាគ​ច្រើន​បាន​បង្ហាញ​លទ្ធផល​ប្រាក់​​ចំណេញ និង​ទិន្នផល​​ភាគ​លាភ​​ខ្ពស់​គួរ​ឲ្យ​ទាក់​ទាញ ពិសេស​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សន្ទស្សន៍​ថ្លៃ​ភាគហ៊ុន។

ការ​សហការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ផ្សារ​មូលបត្រ​កម្ពុជា ​ក្នុង​ការ​ទាក់​ទាញ​ទាំង​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​តាម​រយៈ​ការ​ធ្វើ​សិក្ខា​សាលា​ និង​ជួប​ជជែក​ពិភាក្សា​ផ្ទាល់​ជា​មួយ​វិនិយោ​គិន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក៏ជា​ផ្នែក​មួយ​ដែល​ជំរុញ​កំណើន​នៅ​ក្នុង​ទីផ្សារ​មូល​បត្រ​កម្ពុជា​ផង​ដែរ។​

លោក អីុវ រ៉ា​ណ្ណា​រិទ្ធិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RHB Indochina Securities Plc បាន​​និយាយ​ថា កំណើន​សន្ទស្សន៍​ថ្លៃ​ទីផ្សារ​ភាគ​ហ៊ុន​​​ជាង​ ២០ ​ភាគរយ​​នា​ពេល​នេះ ​មាន​ន័យ​ថា តម្លៃ​ភាគហ៊ុន​​របស់​ក្រុម​ហ៊ុន​​ដែល​ចុះ​បញ្ជី​ទាំង​ ៥ ជា​រួម​បាន​កើន​ឡើង​ជាង​ ២០​ ភាគរយ​បើ​ធៀប​​ទៅ​នឹង​ដើម​ឆ្នាំ​​។ ទោះ​​​ជា​យ៉ាង​​ណា​ កម្រិត​នៃ​ការ​កើន​ឡើង​សន្ទស្សន៍​ថ្លៃ​របស់​ក្រុមហ៊ុន​នីមួយ​ៗ​មិន​ដូច​គ្នា​​ទេ​។​

លោក​ថ្លែង​ថា៖​ «​ដោយ​សារ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​​ព្យាករ​​ថា ​នឹង​មាន​​កំណើន​​ជាង​ ៧ ​ភាគ​រយ​នោះ ដូច្នេះ​ខ្ញុំ​រំពឹង​ថា​សន្ទស្សន៍​​តម្លៃ​ភាគ​ហ៊ុន​នៅ​កម្ពុជា ក៏​នឹង​បន្ត​​កើន​ឡើង​បន្ថែម​ទៀត​ដែរ»​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ៥ ដែល​​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​ត្រ​កម្ពុជា​រួម​មាន រដ្ឋាករ​ទឹក​​​​ស្វយ័ត​ភ្នំពេញ ក្រុមហ៊ុន ហ្រ្គេន ធ្វីន​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ៕ LA

អត្ថបទគួរចាប់អារម្មណ៍