
ក្រាហ្វិកបង្ហាញពីការទិញលក់ ភាគហ៊ុននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ពីសំណាក់ក្រុមហ៊ុនក្រៅប្រទេស។
ភ្នំពេញៈ ការកើនឡើងនៃ ការប្រកួតប្រជែងនៅក្នុងវិស័យហិរញ្ញវត្ថុដ៏តូចចង្អៀតរបស់ កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេមើលឃើញថា មានការទិញលក់ភាគហ៊ុន ឬទិញយកទាំងស្រុងនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា។
និន្នាការនេះត្រូវបានអ្នក នៅក្នុងឧស្សាហកម្មនេះលើកឡើងថា ដោយសារសម្ពាធនៃការប្រកួតប្រជែង។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក បានលក់ភាគហ៊ុនទំាងស្រុងឲ្យទៅធនាគារកូរ៉េ NongHyup កាលពីចុងខែមុន ជាអ្វីដែលលោក គីង កបកល្យាណ ជានាយកប្រតិបត្តិបានបញ្ជាក់ថា ជាការសម្រេចចិត្តកើតចេញពីសម្ពាធនៃការប្រកួតប្រជែងដែលកាន់តែខ្លាំងឡើងនៅក្នុងវិស័យនេះ។
លោកបញ្ជាក់ថា ស្ថានភាពទីផ្សារក្នុងវិស័យមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្នត្រូវការម្ចាស់ភាគហ៊ុនដែលមានដើមទុនរឹងមាំដើម្បីបន្តដំណើរក្នុងទីផ្សារនេះ។
លោកថ្លែងថា៖«លទ្ធភាពរបស់ម្ចាស់ភាគហ៊ុន [មុន] មានកម្រិតក្នុងការពង្រីកការវិនិយោគបន្ថែម អ៊ីចឹងយើងត្រូវបង្ខំចិត្តដើរចេញ ហើយទុកឲ្យភាគហ៊ុនថ្មីដែលគាត់មានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ច្បាស់លាស់ចូលមកប្រកួតប្រជែងក្នុងទីផ្សារបច្ចុប្បន្ន»។
គ្រឹះស្ថានមួយផ្សេងទៀតគឺ អេ អឹម ខេ ក៏បានជូនដំណឹងពីការលក់ភាគហ៊ុននេះដូចគ្នា។ អេអឹមខេ បានសម្រេចលក់ហ៊ុន ៨០ ភាគរយឲ្យទៅធនាគារមួយឈ្មោះ ធនាគារ ពាណិជ្ជ និង សន្សំ ស៊ាងហៃ។
ការពង្រឹងលទ្ធភាពប្រកួតប្រជែង និងការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិទាក់ទងនឹងការដំឡើងដើមទុនអប្បបរមាបានធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗជាច្រើនផ្លាស់ប្តូរភាគហ៊ុនជាបន្តបន្ទាប់ ដោយការលក់ភាគហ៊ុនទៅឲ្យធនាគារធំៗមួយចំនួនក្នុងតំបន់អាស៊ី។
គ្រឹះស្ថានប្រាសាក់ គ្រឹះស្ថាន ហត្ថាកសិករ និង គ្រឹះស្ថាន VisionFund ដែលបច្ចុប្បន្នប្រតិបត្តិការក្រោមឈ្មោះ WB Finance បានប្រកាសលក់ភាគហ៊ុនទាំងស្រុង ឬភាគហ៊ុនភាគច្រើនឲ្យធនាគារនៅអាស៊ី។
ការច្របាច់បញ្ចូលគ្នា ការលក់ភាគហ៊ុន នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា (MFI) បានកើតឡើងខ្លាំងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយសារការប្រកួតប្រជែងទីផ្សារ និងការរឹតបន្តឹងពីធនាគារជាតិនៃកម្ពុជាទាក់ទងនឹងតម្រូវការទុនអប្បបរមា។ នេះបើយោងតាមអ្នកជំនាញ។
លោក អិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានឲ្យដឹងថា ការកើនឡើងនៃការប្រកួតប្រជែង នៅក្នុងឧស្សាហកម្មនេះ បានជំរុញឲ្យភាគទុនិកដែលមានស្រាប់មួយចំនួនចាកចេញពីទីផ្សារ ខណៈឧស្សាហកម្មនេះត្រូវការភាគទុនិកមានដើមទុនកាន់តែរឹងមាំ។
លោកថ្លែងថា៖ «កន្លងមកក្រុមវិនិយោគិននៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ មិនត្រូវការការផ្លាស់ប្តូរដ៏ធំនេះទេ ដូច្នេះភាគទុនិកពីមុនមិនមានបំណងលក់ភាគហ៊ុនរបស់ពួកគេទេ»។
លោកបន្តថា៖ «នៅពេលនេះពួកគេប្រឈមនឹង ការប្រកួតប្រជែងកាន់តែខ្លាំង ដូច្នេះ [ពួកគេ] ត្រូវការមានភាគទុនិកថ្មី ដែលមានទុនរឹងមាំ»។
លោកបន្តថា ការផ្លាស់ប្តូរភាគទុនិក នៅក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ គឺជាវិធានការដ៏ល្អដែលឆ្លុះបញ្ចាំងថាវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានទាក់ទាញក្នុងចំណោមធនាគារធំៗ នៅក្នុងតំបន់។
ធនាគារកណ្ដាលរបស់កម្ពុជាកាលពីខែមីនា ឆ្នាំ ២០១៦ បានប្រកាសបង្កើនមូលធនអប្បបរមារបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយបង្កើនជាង ១០ ដងសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ប្រកាសរបស់ NBC បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលយកប្រាក់បញ្ញើ តម្រូវឲ្យបង្កើនមូលធនអប្បបរមាដល់ ៣០ លានដុល្លារ ដែលកើនឡើងពី ២,៥ លានដុល្លារ។ MFI មិនទទួលបានអាជ្ញាប័ណ្ណទទួលយកប្រាក់បញ្ញើ ត្រូវតែបង្កើនឲ្យដល់ ១,៥ លានដុល្លារ ពីកម្រិតលើកមុនតែ ៦២ ៥០០ ដុល្លារប៉ុណ្ណោះ។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងថា ការផ្លាស់ប្តូរបច្ចុប្បន្ននៃភាគទុនិកនៅក្នុងវិស័យនេះ គឺជាករណីធម្មតា។
ខណៈគ្រឹះស្ថានផ្ដល់កម្ចីទាំងអស់ត្រូវបានបង្កើតឡើងដោយ មូលនិធិអង្គការមិនមែនរដ្ឋាភិបាល (NGO) និងបានប្រតិបត្តិការជា NGO កាលពីទសវត្សរ៍ ១៩៩០ វាត្រូវបានប្រែក្លាយជាលក្ខណៈពាណិជ្ជកម្មនៅក្នុងវិស័យនេះ ហើយគ្រឹះស្ថានជាច្រើនបានផ្លាស់ប្តូរក្លាយជាសហគ្រាសឯកជនកាលពីចុងទសវត្សរ៍ ២០០០។ លោកថ្លែងថា៖ «ពេលនេះ ខ្ញុំគិតថា វាជារបត់ថ្មីដ៏សំខាន់មួយ ដែលធនាគារបរទេសជាច្រើនកំពុងចូលមក និងទិញភាគហ៊ុន MFI សំខាន់ៗ»។
លោកបន្ថែមថា ទោះបីជា MFI កម្ពុជា កំពុងជម្នះនឹងការកម្រិតអត្រាការប្រាក់ក៏ដោយ ក៏ក្រុមវិនិយោគិនបរទេស នៅតែមានទំនុកចិត្តលើសក្ដានុពលរបស់វិស័យនេះ។
លោកបញ្ជាក់ថា៖ «ពួកគេអាចមានមូលធនរឹងមាំ និងប្រភពមូលធន មានអត្រាការប្រាក់ទាប ដូច្នេះមានសង្ឃឹមថា ការផ្លាស់ប្តូរនេះ នឹងមានផលប៉ះពាល់វិជ្ជមានលើឧស្សាហកម្មនេះ»។
ប៉ុន្តែលោក ស៊ាន ធនិន្ទ សាស្ដ្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យកម្ពុជា និងជាអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងនៅពេលថ្មីៗនេះថា ការផ្លាស់ប្តូរក្នុងការគ្រប់គ្រង នឹងផ្លាស់ប្តូរគំរូអាជីវកម្មរបស់ MFI ដោយជំរុញវាឆ្ពោះទៅសេវាធនាគារសម្រាប់ SME ឬផ្នែកកម្ចីពាណិជ្ជកម្ម។
លោកថ្លែងថា៖ «នៅពេល MFI ជាច្រើនផ្លាស់ប្តូរការផ្ដោតរបស់ពួកគេពីមីក្រូ និងកម្ចីខ្នាតតូចទៅជាកម្ចីមធ្យមគ្រួសារមានប្រាក់ចំណូលទាប នឹងចាកចេញដោយមានជម្រើសកាន់តែតិចសម្រាប់ទទួលបានហិរញ្ញប្បទាន។
លោកលើកឡើងថា៖ «បន្ទាប់មកពួកគេអាចនឹងងាកទៅវិស័យក្រៅផ្លូវការ ដូចជាអ្នកផ្ដល់ប្រាក់កម្ចីឯកជន ជាមួយនឹងកម្ចីអត្រាការប្រាក់កាន់តែខ្ពស់»៕LA