
កម្មការិនីកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀបំពាក់ ហ្គ្រេនធ្វីន នៅភ្នំពេញកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ការនាំចេញផលិតផលកាត់ដេរកម្ពុជានឹងនៅបន្តកំណើនរឹងមាំរហូតដល់ដាច់ឆ្នាំនេះ បើទោះបីជាកំពុងរងការ គំរាមកំហែងថានឹងត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុប ដែលជាទីផ្សារសំខាន់របស់ខ្លួនក៏ដោយ ដោយសារការបញ្ជាទិញសម្រាប់ការនាំចេញនៅត្រីមាសចុងក្រោយត្រូវបានព្រមព្រៀងរួចរាល់។ នេះបើតាមការបញ្ជាក់ពីតំណាងឧស្សាហកម្មនេះកាលពីថ្ងៃអង្គារ។
ព័ត៌មានទាក់ទងនឹងការព្រមាន ឬលទ្ធភាពនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកបញ្ជាទិញ ដែលអាចធ្វើឲ្យមានការស្ទាក់ស្ទើរឬកាត់បន្ថយបរិមាណបញ្ជាទិញ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មកាត់ដេរ។
យ៉ាងណាក៏៏ដោយ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនរោងចក្រកាត់ដេរកម្ពុជា នឹងនៅតែមើលឃើញកំណើនការនាំចេញដ៏រឹងមាំ ក្នុងអំឡុងខែ តុលា ដល់ខែ ធ្នូ ដោយសារតែការបញ្ជាទិញនៅអំឡុងពេលនេះត្រូវបានដាក់រួចហើយ ពីអ្នកទិញ ចាប់តាំងពីខែ សីហា និងខែ កញ្ញា។
លោកបន្ថែមថា នេះនឹងធ្វើឲ្យទំហំការនាំចេញនៅឆមាសទី ២ នៅតែរឹងមាំដូច ឆមាសទី ១ នៅឆ្នាំនេះ។
ប៉ុន្តែលោក ម៉ូនីកា បានឲ្យដឹងថា ការព្រមានពីការបាត់បង់ប្រព័ន្ធអនុគ្រោះ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ទៅទីផ្សារអឺរ៉ុប អាចធ្វើឲ្យមានផលប៉ះពាល់ផ្នែកផ្លូវចិត្ត ដល់អ្នកទិញអន្តរជាតិ ហើយឥទ្ធិពលរបស់វា នឹងមើលឃើញកាន់តែច្បាស់ឡើងៗ នៅឆ្នាំក្រោយ។
លោកបានថ្លែងថា៖ «សម្រាប់ការនាំចេញត្រីមាសចុងក្រោយ ការបញ្ជាទិញត្រូវបានធ្វើឡើងប្រហែល ២ ខែមុន ប្រហែលខែ សីហា និងខែ កញ្ញា នៅពេលមិនទាន់មានព័ត៌មានរសើបអំពី EBA នៅឡើយ»។
លោកព្យាករថា អត្រាកំណើនការនាំចេញសម្លៀកបំពាក់ នៅឆមាសទី ២ ឆ្នាំនេះ នឹងមើលឃើញកំណើនស្រដៀងគ្នានឹងឆមាសទី ១ ដែរ។
លោកថ្លែងថា៖ «យើងអាចមើលឃើញអ្វីដែលជាផលប៉ះពាល់ដោយសារព័ត៌មានការដក EBA កាន់តែច្បាស់ ជិតពាក់កណ្ដាលឆ្នាំក្រោយ»។
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាមានតម្លៃ ៤ ពាន់លានដុល្លារនៅឆមាសទី ១ ឆ្នាំនេះ កើនឡើង ១១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីខែកក្កដា។
រោងចក្រកាត់ដេររបស់កម្ពុជា ផ្គត់ផ្គង់ដល់យីហោពិភពលោកដូចជា ក្រុមហ៊ុន Gap Inc (GPS.N) យីហោសម្លៀកបំពាក់ទាន់សម័យរបស់ប្រទេស ស៊ុយអែត H & M Hennes & Mauritz AB (HMb.ST) យីហោសម្លៀកបំពាក់កីឡា Nike (NKE.N) យីហោ Puma និងយីហោ Adidas (ADSGn.DE) និងយីហោជាច្រើនផ្សេងទៀត។
ទីផ្សារសំខាន់របស់កម្ពុជា សម្រាប់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងគឺអាមេរិក និងអឺរ៉ុប។ ការនាំចេញរបស់កម្ពុជាទៅ EU មានប្រហែល ៤០ ភាគរយដែលមានតម្លៃ ៤,៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧ ឬ ២០ ភាគរយនៃ GDP ហើយប្រហែល ៩០ ភាគរយស្ថិតក្រោមប្រព័ន្ធអនុគ្រោះ EBA។
ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានពិភពលោក Moody’s Investors Services ព្រមានថា ការបាត់បង់សក្ដានុពលអនុគ្រោះពន្ធពាណិជ្ជកម្មរបស់កម្ពុជាចូលទៅសហភាពអឺរ៉ុប នឹងធ្វើឲ្យចុះខ្សោយដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយនឹងធ្វើឲ្យចំណាត់ថ្នាក់របស់ប្រទេសនេះស្ថិតក្នុង ភាពអវិជ្ជមាន។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មកររោងចក្រកាត់ដេរកម្ពុជា (CCAWDU) ដែលតំណាងកម្មកររោងចក្រ ៨០ ០០០ នាក់ បានឲ្យដឹងកាលពីម្សិលមិញថា ការរំពឹងថា តើ EBA នឹងបន្ត ឬផ្អាក អាចប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តរបស់អ្នកទិញ ដែលធ្វើឲ្យពួកគេស្ទាក់ស្ទើរ ឬពិចារណា មុនពេលដាក់ការបញ្ជាទិញ។
លោកបន្ថែមថា ព័ត៌មាននេះអាចធ្វើឲ្យការបញ្ជាទិញ សម្រាប់ការនាំចេញឆ្នាំ ២០១៩ ធ្លាក់ចុះ ទោះបីជាវាមិនទាន់ប៉ះពាល់នៅឆ្នាំនេះនៅឡើយក៏ដោយ។
លោកថ្លែងថា៖ «ព័ត៌មានអំពីលទ្ធភាពនៃការដក EBA កំពុងដាក់សម្ពាធ ដល់អ្នកទិញអន្តរជាតិ អ្នកទិញមួយចំនួនអាចមិនហ៊ានដាក់ការបញ្ជាទិញចំនួនច្រើន ដូចពីមុន ឬមិនហ៊ានចុះកិច្ចព្រមព្រៀងទិញពីប្រទេស កម្ពុជា ក្នុងរយៈពេលវែង ដើម្បីគេចផុតពីហានិភ័យ»៕LA