
ភ្នំពេញៈ នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ កញ្ញា ស៊ុំ ធារ៉ាអាយុ២៣ឆ្នាំនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
នៅខណៈពេលនេះនាងត្រូវការប្រាក់សម្រាប់ការរស់នៅប្រចាំថ្ងៃនិងចំណាយលើការសិក្សារបស់នាងដោយធ្វើការក្នុងរង្គសាល និងភោជនីយដ្ឋានមួយនៅភ្នំពេញ។ នាងមិនមានពេលវេលាច្រើនសម្រាប់ធ្វើកិច្ចការសាលានិងរំឭកមេរៀនសម្រាប់ប្រឡងទេ។
នាងគឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតជាច្រើនក្នុងវគ្គសិក្សានេះដែលត្រូវការរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង។
ធារ៉ាបាននិយាយថា៖ «ខ្ញុំតែងតែចង់ធ្វើជាមេធាវី។ខ្ញុំចង់ធ្វើជាមេធាវីដ៏ល្អម្នាក់និងជួយមនុស្សទូទៅដូចជាអ្នកក្រីក្រមកពីជនបទដើម្បីស្វែងរកសិទ្ធិឲ្យពួកគេ។ ខ្ញុំចង់ធ្វើជាមេធាវីស្រី និងចង់ឲ្យស្ត្រីទាំងឡាយធ្វើជាមេធាវីដែរដោយសារតែកម្ពុជាមិនមានមេធាវីស្រីច្រើនទេ»។
ធារ៉ាគឺជាករណីលើកលែងមួយ។ សព្វថ្ងៃនេះនិស្សិតកម្ពុជាភាគច្រើនជ្រើសរើសមុខវិជ្ជាតាមគ្នា ដោយគិតថានឹងទទួលបានប្រាក់ខែខ្ពស់។ នៅទីបញ្ចប់ទាំងនិស្សិតមានសមត្ថភាពនិងគ្មានសមត្ថភាព ភាគច្រើននៅតែគ្មានការងារធ្វើក្រៅពីជួយរកស៊ីគ្រួសារឬក៏ចាប់ផ្ដើមរកស៊ីដោយខ្លួនឯង។
ទន្ទឹមនឹងនេះដែរនិយោជកក្រុមហ៊ុននៅក្នុងឧស្សាហកម្មជាច្រើនអះអាងថាការអនុវត្តជាក់ស្តែងរបស់និស្សិតបញ្ចប់ការសិក្សាទាំងនោះនៅខ្សោយ។
លោកស្រី ចាប ចំរើនគុណកើត ស្ថាបនិកនិងជានាយកគ្រប់គ្រងភា្នក់ងារជ្រើសរើសបុគ្គលិកបម្រើការងារ Human to Human ដឹងអំពីបញ្ហាប្រឈមទាំងនេះ។ លោកស្រីនិយាយថាកង្វះជំនាញភាសាអង់គ្លេសឬភាសាចិននិងជំនាញការិយាល័យនាំឲ្យនិស្សិតដែលទើបបញ្ចប់ការសិក្សាជាច្រើនមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការងារ។
លោកស្រីថ្លែងថា៖ «ទោះបីជាយ៉ាងណាក៏ដោយបុគ្គលិកការិយាល័យជាច្រើនបានត្អូញត្អែរថាវាមានការគាបសង្កត់ខ្លាំងពេកក្នុងការងាររោងចក្រហើយកេរ្តិ៍ឈ្មោះដែលធ្វើឲ្យការងារក្នុងរោងចក្រអាចនឹងមិនល្អ។ ពួកគេនិយាយថាប្រាក់ខែទាបពេកឱកាសការងារក៏មិនសូវមានទៀត»។
ក្រុមហ៊ុន Human to Human ព្យាយាមដើម្បីដោះស្រាយចំពោះសេចក្តីព្រួយបារម្ភទាំងនោះតាមរយៈការផ្តល់ការបណ្ដុះបណ្ដាលនិងចំណេះដឹង។ ដូច្នេះបេក្ខជនជាច្រើនចេញទៅក្រុមហ៊ុនផ្សេងឬក៏ទៅបរទេសមុនពេលការបណ្ដុះបណ្ដាលចប់។
លោក ញឹម ប៊ុណ្ណារិទ្ធ អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Apsara Garment Co បាននិយាយថាក្រុមហ៊ុនរបស់លោកប្រឈមការលំបាកក្នុងការរើសបុគ្គលិកថ្មីដែលអាចកាន់កាប់ការងារជាអ្នកគ្រប់គ្រងថ្នាក់កណ្ដាលនោះ។លោកបន្តថាតំណែងដូចជានាយកគ្រប់គ្រងធនធានមនុស្សនាយកបច្ចេកទេសនិងនាយកបណ្ដាញផលិតគឺត្រូវការចាំបាច់ណាស់ក្នុងរោងចក្ររបស់លោកហើយមានជនជាតិកម្ពុជាតែពីរឬបីនាក់ប៉ុណ្ណោះដែលអាចធ្វើការងារនេះបាន។
និសិ្សតកម្ពុជាជាច្រើនមានការគិតខុសថាពួកគេនឹងរកបានការងារមានប្រាក់ខែច្រើនពេលដែលមានសញ្ញាបត្រសាកលវិទ្យាល័យក្នុងដៃនោះប៉ុន្តែលោកនិយាយថានោះមិនមែនជាការពិតទេ។
លោក ប៊ុណ្ណារិទ្ធ បានថ្លែងថា៖ «ខ្ញុំឆ្ងល់ណាស់ថាតើនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដូចម្ដេចហើយឪពុកម្ដាយពួកគេមានអារម្មណ៍យ៉ាងណាពេលគេដឹងពីប្រាក់ខែពិតប្រាកដរបស់បុគ្គលិកផ្នែកគ្រប់គ្រងថ្នាក់កណ្ដាលនោះ»។
ខណៈកម្ពុជាមានសាកលវិទ្យាល័យរដ្ឋចំនួន២០ហើយ៣០ជាសាកលវិទ្យាល័យឯកជន ក្រសួងអប់រំយុវជន និងកីឡាបានប្រាប់សាកលវិទ្យាល័យញូវវើលពីថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១២ថាបច្ចុប្បន្នមានតែនិស្សិត១៥០ ០០០ នាក់ប៉ុណ្ណោះបានចុះឈ្មោះសិក្សាថ្នាក់ឧត្តម។
លោកMaeve Galvin អ្នកប្រឹក្សាយោបល់នៅអង្គការពលកម្មអន្តរជាតិ(ILO) បានឲ្យដឹងថារោងចក្រជាច្រើនមានការលំបាកក្នុងការរកកម្មករដោយសារតែកំណើនក្នុងវិស័យនេះ។(កើនឡើង៣៥ភាគរយក្នុងឆ្នាំ២០១១ និង ១៥ ភាគរយក្នុងឆ្នាំ២០១២)
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាការអប់រំវិជ្ជាជីវៈបច្ចេកទេសនិងបណ្ដាញបណ្ដុះបណ្ដាលក៏ដូចជាយន្តការណែនាំការងារនឹងត្រូវការចាំបាច់។ លោកបន្តថា៖ «ក្រុមហ៊ុនជាច្រើនគួរតែមានគោលការណ៍ក្នុងការជ្រើសរើសបុគ្គលិកត្រឹមត្រូវក្រុមហ៊ុនដែលផ្ដល់ឱកាសការងារដល់និស្សិតទើបនឹងបញ្ចប់ការសិក្សានិងចូលរួមបង្កើនជំនាញលើការបណ្ដុះបណ្ដាលនិងឱកាសការងារសម្រាប់ការតែងតាំងមុខងារនោះ»។
លោក Sandra Damaico មកពីភ្នាក់ងារជ្រើសរើសបុគ្គលិក HRINC (Cambodia) Co បានសរសេរក្នុងរបាយការណ៍ «ការអប់រំថ្នាក់ឧត្តមនិងជំនាញសម្រាប់ទីផ្សារការងារក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០»។លោកបានបន្តទៀតថា៖ «បញ្ហាដទៃទៀតគឺគុណភាពនៃការអប់រំ។សូម្បីតែក្នុងការសិក្សានិស្សិតបញ្ចប់ការសិក្សាមិនមានជំនាញត្រឹមត្រូវសម្រាប់ទីផ្សារពលកម្មនោះទេ។ កម្មវិធីសិក្សានិងវិធីសាស្ត្រ ក្នុងការបង្រៀនផ្ដោតច្រើនលើទ្រឹស្ដីនិងមិនផ្ដោតគ្រប់គ្រាន់លើជំនាញអនុវត្តការងារផ្ទាល់នោះទេដូចជាការវិភាគការដោះស្រាយបញ្ហាការធ្វើការសម្រេចចិត្តជាដើម»។
លោក Maeve Galvin បានបន្ថែមថា៖«ជារឿយៗ និយោជកនិយាយថាជំនាញងាយៗដូចជា ការទំនាក់ទំនងនិងជំនាញទាក់ទងរវាងបុគ្គលិកគឺកំពុងខ្វះខាតក្នុងចំណោមនិស្សិតទើបបញ្ចប់ការសិក្សាទាំងនោះ។និស្សិតទាំងនោះភាគច្រើនកំពុងចូលរួមទីផ្សារការងារក្រោយពីពួកគេចេញពីសាលាដោយគ្មានសមត្ថភាពនិងខ្វះខាតនូវសមត្ថភាពដូចជាគណិតវិទ្យាជាមូលដ្ឋាន ជំនាញភាសានិងចំណេះដឹងកុំព្យូទ័រនិងជំនាញកន្លែងធ្វើការដែលសហគ្រាសឯកជនត្រូវការបុគ្គលិកដើម្បីធ្វើការងារនោះ»។
លោក Tapas R Dash សាស្រ្តាចារ្យនិងជាអនុប្រធានមកពីសាកលវិទ្យាល័យ បៀលប្រាយបានឲ្យដឹងថា បញ្ហានេះជាការពិតចំពោះនិស្សិតទាំងនោះ។ បើសិនជានិស្សិតទាំងនោះផ្លាស់ប្តូរការងាររបស់ពួកគេក្រោយពីការសិក្សានោះបញ្ហានេះមុខជាដោយសារតែឱកាសការងារមិនគ្រប់គ្រាន់និងសមស្រប»។
លោក Dash បន្តថា៖ «យើងចែករំលែកបទពិសោធរបស់យើងជាមួយនិស្សិតទាំងនោះ។យើងអញ្ជើញអ្នកដែលមានជំនាញផ្សេងគ្នាដើម្បីពិភាក្សានិងចែករំលែកបទពិសោធជាមួយពួកគេស្ដីពីឱកាសការងារ។ យើងមានមជ្ឈមណ្ឌលមួយដែលនិស្សិតទាំងនោះមានចំណាប់អារម្មណ៍ក្នុងការទទួលនូវឱកាសការងារដើម្បីអនុវត្តសកម្មភាពស្រាវជ្រាវជាមួយនឹងបណ្ដាមន្ត្រីជាន់ខ្ពស់នានា។ លើសពីនេះទៅទៀតដើម្បីជួយសម្រួលនិស្សិតទាំងនោះកសាងនូវជំនាញទំនាក់ទំនងរបស់ពួកគេ»។
យោងតាមរបាយការណ៍របស់ HRINCមានតែ៥ភាគរយនៃសិស្សដែលមានសក្ដានុពលបានចុះឈ្មោះចូលរៀនកម្រិតសិក្សាទី៣ (ទុតិយភូមិ) ក្នុងឆ្នាំ២០១០ដែលនេះជាកម្រិតទាបបើធៀបជាមធ្យមជាមួយនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
រាយការណ៍ដដែលបង្ហាញថាដូច្នេះហើយមុខតំណែងការងារមួយចំនួនអាចផ្ដល់ឲ្យច្រើនខាងនិស្សិតពាណិជ្ជកម្មនិងនិសិ្សតភាសាបរទេស។និស្សិតដែលបានចុះឈ្មោះចូលរៀនវគ្គសិក្សាទាក់ទងខាងពាណិជ្ជកម្មនិងច្បាប់មានច្រើនខណៈនិស្សិតខាងវិស្វកម្មមានចំនួនតិច។
របាយការណ៍បានដឹងថាខាងវិទ្យាសាស្រ្ត គណិត កសិកម្ម និងសុខភាពជាវិស័យដែលសង្គមត្រូវការនៅមិនទាន់មានកម្មករជំនាញគ្រប់គ្រាន់នៅឡើយទេ។
និស្សិត ស៊ុំ ធារ៉ា ដឹងថាអ្វីដែលនាងត្រូវការគឺខ្លាចតែពេលរៀនចប់គ្មានការងារធ្វើ។ ប្រាក់ដែលនាងបានចំណាយសម្រាប់ការសិក្សានៅមហាវិទ្យាល័យគឺគ្មានបានការអ្វីទាំងអស់។
តាមការប៉ាន់ប្រមាណរបស់ HRINC បានឲ្យដឹងថាទោះបីជាយ៉ាងណាក៏ដោយតម្រូវការសម្រាប់មហាវិទ្យាល័យត្រូវបានព្យាករថានឹងកើនឡើងដល់១៥ភាគរយក្នុងមួយឆ្នាំដើម្បីបង្រ្គប់មុខតំណែងចំនួន ២១ ០០០ កន្លែងក្នុងឆ្នាំ២០១៤ខាងមុខ។ ពីឆ្នាំ២០០៩ដល់២០១៤ ប្រព័ន្ធនៃការអប់រំខ្ពស់អាចនឹងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ២២០០០០នាក់ហើយទីផ្សារនឹងស្រូបយកនិស្សិតចំនួន ៨៦ ០០០នាក់។ ជាលទ្ធផលចំនួននិស្សិតរៀនចប់មហាវិទ្យាល័យយ៉ាងច្រើនមានឱកាសចេញទៅប្រទេសក្រៅ។
លោក Maeve ឲ្យដឹងថា៖ «ខ្ញុំគិតថាមូលហេតុនៃការធ្វើអន្តោប្រវេសន៍គឺមកពីគ្មានព័ត៌មានទីផ្សារក៏ដូចជាគ្មានឱកាសការងារនៅជនបទនិងការទាក់ទាញមានប្រាក់ខែច្រើននៅបរទេស»៕ PB