ភ្នំពេញៈ ប្រៃសណីយ៍​កម្ពុជា​ (​ប.ក) ​ដែលជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ណែនាំ​ប្រធាន​សាខា ប.ក ទូទាំង​ប្រទេស​ឱ្យ​ពន្លឿន​ការដឹកជញ្ជូន​សេវា​បញ្ញើ​ឆាប់រហ័ស​ (EMS) ក្នុងស្រុក​ ដើម្បី​ចាប់យក​ចំណែក​ទីផ្សារ​បន្ថែមទៀត​។

ការជំរុញ​សេវា​បញ្ញើ​ក្នុងស្រុក​បានធ្វើ​ឡើង​បន្ទាប់ពី​សេវា​បញ្ញើ​អន្តរជាតិ​ត្រូវ​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។

សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ដោយ​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ (​ប.ក​) ​កាលពី​ថ្ងៃទី​ ១៩ ខែមីនា បាន​ណែនាំ​ដល់​ប្រធាន​សាខា ប.ក នៅ​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ត្រូវ​ពន្លឿន​សេវា​ដឹកជញ្ជូន​បញ្ញើ​ក្នុងប្រទេស​។

សេចក្តី​ជូនដំណឹង​ឱ្យដឹងថា រាល់​បញ្ញើ​ឆាប់រហ័ស​ (EMS) ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត និង​ពី​បណ្តា​ខេត្ត​មក​ភ្នំពេញ​ត្រូវ​ចែក​ដល់ដៃ​អតិថិជន​នៅ​ថ្ងៃ​បន្ទាប់ ហើយ​បញ្ញើ​ពី​ខេត្ត​ទៅ​ខេត្ត​មាន​ព្រំប្រទល់​ជាប់​គ្នា ឬ​នៅ​ផ្លូវជាតិ​តែមួយ​ត្រូវ​ចែក​ដល់​អតិថិជន​ក្នុង​រយៈពេល ២៤ ​ម៉ោង​ (​សេវា EMS និង​ភ័ស្តុភារកម្ម​)​។

សេចក្តី​ជូនដំណឹង​បន្ថែមថា ចំណែក​បញ្ញើ​ពី​ខេត្ត​ទៅ​ខេត្ត​ដែល​ត្រូវ​ឆ្លងកាត់​ទីក្រុង​ភ្នំពេញ​ត្រូវ​ចែក​ដល់ដៃ​អតិថិជន​ក្នុង​រយៈពេល ៤៨ ​ម៉ោង​ (​សេវា EMS) និង​បញ្ញើ​អនុសិដ្ឋ​ឆ្លងកាត់​ខេត្ត ឬ​រាជធានី​ភ្នំពេញ​ត្រូវ​ចែក​ដល់​អ្នកទទួល​យ៉ាងយូរ ៣ ​ថ្ងៃ​។ បញ្ញើ​អនុសិដ្ឋ​ជា​ប្រភេទ​បញ្ញើ​ដែល​អតិថិជន​ត្រូវ​ទទួល​ដោយ​ផ្ទាល់ដៃ ឬ​នៅ​លំនៅឋាន​របស់ខ្លួន​។

សេចក្តី​ជូនដំណឹង​បន្ថែមទៀត​ថា គ្រប់​សាខា ប.ក ទាំងអស់​ត្រូវ​ជូនដំណឹង​មក​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​នៅពេល​មាន​បញ្ញើ ដើម្បី​រៀបចំ​រថយន្ត​ទៅ​ទទួលបញ្ញើ​ឱ្យ​ទាន់​ពេលវេលា​។

អ្នកលក់​ទំនិញ​តាម​អនឡាញ​អ្នកស្រី ថុង ស្រីលក្ខណ៍ បាន​សម្គាល់ថា អតិថិជន​ដែល​ទិញ​ទំនិញ​ពី​ហាង​របស់ខ្លួន​ភាគច្រើន​បាន​ប្រើប្រាស់​សេវា​បញ្ញើ​របស់​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ក្រុមហ៊ុន J&T និង​ក្រុមហ៊ុន កាពីតូល សម្រាប់​ផ្ញើ​ទំនិញ​ទូទាំង​ប្រទេស​។

អ្នកស្រី​ប្រាប់ថា​៖ «​ពួកគាត់​ភាគច្រើន​ផ្ញើ​អីវ៉ាន់​តាម​ក្រុមហ៊ុន​ទាំងនេះ ព្រោះ​សេវាកម្ម​លឿន​រហ័ស ហើយ​គាត់​ទទួល​បញ្ញើ​ទៅគ្រប់​ទីកន្លែង​។ ខ្ញុំ​បាន​សង្កេតឃើញថា ពួកគាត់​ភាគច្រើន​មិនដឹងថា ប្រៃសណីយ៍​កម្ពុជា​មាន​ទទួល​បញ្ញើ​ទៅតាម​បណ្តា​ខេត្ត​នោះទេ​»​។

លោក បូរ៉ា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ខែមករា​ថា ប.ក កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​សេវា​បញ្ញើ​ក្នុង​ស្រុក​តាមរយៈ​ការសហការ​ជាមួយ​ដៃគូ​ឯកជន​ដើម្បី​លើកកម្ពស់​សេវា​ដឹកជញ្ជូន​។

លោក​និយាយថា​៖ «​ដើម្បី​បង្កើន​ចំណូល​ឡើងវិញ យើង​នឹង​ស្រូបយក​ទីផ្សារ​ក្នុងស្រុក យើង​នឹង​ខិតខំ​ស្វែងរក​ភ្នាក់ងារ​សម្រាប់​ប្រមូល​បញ្ញើ យើង​ត្រូវ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ភ័ស្តុភារកម្ម​បន្ថែមទៀត​»​។

បើតាម​លោក បូរ៉ា ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ចំណូល​ប្រៃសណីយ៍​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន ៦,៥ ​លាន​ដុល្លារ ​ធ្លាក់ ៤៦ ​ភាគរយ ​ធៀប​ឆ្នាំ​ ២០១៩ ដែលមាន​ជាង ១៣ ​លាន​ដុល្លារ​៕ LA