គម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) គាំទ្រនូវការធ្វើឱ្យប្រសើរឡើងនូវគុណភាពគ្រាប់ពូជស្រូវនៅកម្ពុជា។ គម្រោងកំពុងអនុវត្តដោយសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ចាប់តាំងពីខែតុលា ឆ្នាំ ២០១៧។
គោលដៅរួមរបស់គម្រោងគឺផលិតគ្រាប់ពូជស្រូវដែលមានគុណភាព និងលើកទឹកចិត្តដល់កសិករអោយងាកមកប្រើប្រាស់ពូជដែលមានគុណភាពសម្រាប់ផលិតកម្មស្រូវឱ្យកាន់តែច្រើន។ ដើម្បីសម្រេចគោលដៅនេះគម្រោង RSPP ដាក់ចេញនូវសកម្មភាពចំនួន ៣ គឺ (១) ការពង្រឹងសមត្ថភាពមន្ត្រីជាដៃគូអនុវត្តគម្រោង (counterpart) (២) អនុវត្តនូវប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ និង (៣) សម្រួលដល់ការអាជីវកម្មគ្រាប់ពូជស្រូវ។
នៅឆ្នាំទី ៣ នេះគម្រោងបានតម្រង់ទិសសកម្មភាពឆ្ពោះទៅបង្កើតប្រព័ន្ធស្វ័យប្រកាសគុណភាពគ្រាប់ពូជនៅកម្ពុជា (QDS) ឱ្យទៅជាផ្នែកមួយដ៏សំខាន់។ ប្រព័ន្ធ QDS មិនដូចប្រព័ន្ធត្រួតពិនិត្យគុណភាពគ្រាប់ពូជដែលមានលក្ខណៈទូលំទូលាយនោះទេ ប្រព័ន្ធនេះត្រួតពិនិត្យតែ ១០ ភាគរយនៃផ្ទៃដីផលិត និងបរិមាណគ្រាប់ពូជដែលបានប្រមូលផល ដើម្បីកាត់បន្ថយនូវការប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុ។
ប្រព័ន្ធ QDS រួមមានការត្រួតពិនិត្យឯកសារ ការចុះត្រួតពិនិត្យនៅទីវាល និងការត្រួតពិនិត្យគុណភាព។ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) ទទួលបន្ទុកត្រួតពិនិត្យកិច្ចការទាំងអស់នៅថ្នាក់ខេត្ត ខណៈដែលមន្ត្រីអគ្គនាយកដ្ឋានកសិកម្មធ្វើការត្រួតពិនិត្យកិច្ចការនៅថ្នាក់ជាតិ។
ចូលដល់ឆ្នាំទី ៣ នៃការអនុវត្តគម្រោង នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្មត្រូវបានបង្កើតឡើងជាផ្លូវការ ដើម្បីត្រួតពិនិត្យប្រព័ន្ធ QDS ។ ការបង្កើតនាយកដ្ឋាននេះឡើង គឺពិតជាបានសម្រួលដល់ការជំរុញឱ្យប្រព័ន្ធ QDS ដំណើរការទៅបានកាន់តែលឿន។
ជាការឆ្លើយតបទៅនឹងការបង្កើតនាយកដ្ឋាននេះ គម្រោងបានអញ្ជើញមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់ខេត្តមកចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) ក្នុងគោលបំណងផ្តល់នូវជំនាញដល់មន្ត្រីត្រួតពិនិត្យ QDS។
ដោយឡែក ការបណ្តុះបណ្តាលនៅទីវាលបានផ្តល់ចំណេះដឹងពីវិធីសាស្ត្រក្នុងការកំណត់ប្រភេទស្មៅហាមឃាត់ ការកំណត់អត្តសញ្ញាណពូជលាយ និងការវិនិច្ឆ័យលើការត្រួតពិនិត្យ។ ការបណ្តុះបណ្តាលនៅមន្ទីរពិសោធន៍បានបង្ហាញពីបច្ចេកទេសត្រួតពិនិត្យគុណភាពគ្រាប់ពូជ រួមទាំងការកំណត់បញ្ហាដែលកើតឡើងដោយការមើលស្នាមនៅលើគ្រាប់ពូជនីមួយៗដោយប្រើចន្ទាសចាប់។
ដើម្បីពង្រីកប្រព័ន្ធ QDS ប្រកបដោយប្រសិទ្ធិភាព គម្រោង RSPP ក៏បានប្រើគំរូអាជីវកម្មគ្រាប់ពូជស្រូវដោយជ្រើសរើសយកសហគមន៍កសិកម្មឈានមុខមួយ (lead AC ) ដើម្បីផ្សារភ្ជាប់រវាងអ្នកផលិតគ្រាប់ពូជ និងទីផ្សារ។
គំរូអាជីវកម្មនេះសហគមន៍កសិកម្មឈានមុខ ដើរតួនាទីជាបេក្ខភាពអនុវត្តតាមប្រព័ន្ធ QDS អ្នកកែច្នៃ និងអ្នកលក់គ្រាប់ពូជ ខណៈដែលសហគមន៍កសិកម្មដែលនៅជិតជាអ្នកផ្គត់ផ្គង់គ្រាប់ពូជស្រូវមិនទាន់កែច្នៃទៅសហគមន៍កសិកម្មឈានមុខ។ គម្រោង RSPP បានចាប់ផ្តើមគាំទ្រដល់សហគមន៍កសិកម្មឈានមុខក្នុងខេត្តព្រៃវែង និងតាកែវ មិនត្រឹមតែលើវិធីសាស្ត្រផលិតគ្រាប់ពូជប៉ុណ្ណោះទេ រួមទាំងការគ្រប់គ្រងអាជីវកម្មគ្រាប់ពូជផងដែរ។
ក្រៅពីការគាំទ្រខាងលើគម្រោងបានរៀបចំវេទិកាធុរកិច្ចគ្រាប់ពូជស្រូវនៅខេត្តព្រៃវែង តាកែវ និងបាត់ដំបង ដើម្បីសម្រួលដល់អាជីវកម្មពូជស្រូវនៅទូទាំងប្រទេស។ នៅក្នុងវេទិកានោះអ្នកផលិត និងអ្នកចែកចាយគ្រាប់ពូជ អាចបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់សម្រាប់ប្រតិបត្តិការទិញលក់គ្រាប់ពូជហើយភាគីទាំងអស់ក៏អាចចែករំលែកព័ត៌មានអាជីវកម្មរបស់ខ្លួនផងដែរ។
សកម្មភាពដែលនឹងអនុវត្តបន្តគឺ ផ្តោតលើការគាំទ្រគំរូអាជីវកម្មដើម្បីឈានទៅពង្រឹងការគ្រប់គ្រងអាជីវកម្មបន្ថែមលើការផលិតគ្រាប់ពូជដែលមន្ត្រីជាដៃគូអនុវត្តគម្រោង និងសហគមន៍កសិកម្មឈានមុខបានស្វែងយល់រួចកន្លងមក។ ជាក់ស្តែងសហគមន៍កសិកម្មឈានមុខចាំបាច់ត្រូវបង្កើនជំនាញកត់ត្រាវិភាគការគ្រប់គ្រងសន្និធិ និងចរាចរណ៍គ្រាប់ពូជ។
នៅក្នុងការបង្កើតប្រព័ន្ធ QDS គម្រោងនឹងបញ្ចប់ការរៀបចំគោលការណ៍ និងវីដេអូណែនាំអំពីការប្រើប្រាស់ប្រព័ន្ធ QDS ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ចុងក្រោយគម្រោងនឹងជំរុញការធ្វើឌីជីថល (digitalization) នៃនីតិវិធីប្រព័ន្ធ QDS ដើម្បីបង្កើននិរន្តរភាពនៃដំណើរការប្រព័ន្ធនេះ ទោះបីកំពុងស្ថិតក្នុងកាលៈទេសៈនៃការផ្ទុះឡើងនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្នក៏ដោយ។
គម្រោង RSPP នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការលើកកម្ពស់ពូជស្រូវ ដែលមានគុណភាពខ្ពស់គាំទ្រដោយប្រព័ន្ធ QDS ដល់អ្នកផលិតស្រូវអង្ករបន្ថែមទៀត។
ផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ ការិយាល័យចៃកាប្រចាំនៅកម្ពុជា