ភ្នំពេញៈ ខណៈ​ឧស្សា​ហ​កម្ម​ ៤.០ ឬ​បដិ​វត្ត​ន៍​ឧស្សា​ហ​កម្ម​ទី​ ៤ ​កំ​ពុង​​បើក​ឱ​កាស​សម្រាប់​ប្រ​ទេស​​​​ជា​ច្រើន​ វា​ក៏​ផ្តល់​បញ្ហា​ប្រ​ឈម​​​ផង​ដែរ ដូច​ជា​ប្រ​ទេ​ស​ កម្ពុជា​ ស្រប​ពេល​​​ប្រ​ជា​ជន​​នៅ​ពឹង​​ផ្អែក​ខ្លាំង​នៅ​ឡើយ​លើ​វិស័​យក​​សិ​កម្ម​។​

ឧ​ស្សា​ហ​កម្ម​ ៤.០ ​សំ​ដៅ​ដល់​​ការ​អភិ​វឌ្ឍ​បច្ចេក​វិ​ទ្យា​ជឿន​​លឿន​មួយ​ចំ​នួន ​ដូច​ជា​បច្ចេក​​វិ​ទ្យា​មនុស្ស​យន្ត ​បច្ចេក​វិ​ទ្យា​ជីវ​សាស្ត្រ​ទំ​នើ​ប​កម្ម​លើ​បណ្ដាញ​ទូរ​គ​មនា​គមន៍ និង​ចំ​ណេះ​ធ្វើ​ថ្មី​ៗ​​ពី​ការ​គ្រប់​គ្រង​ផលិត​កម្ម​ជា​ដើម។​

លោក​ ផេង សុ​ខាំ ​អនុ​រដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​ថ្លែង​​ក្នុង​​​សិក្ខា​សា​លា​ស្តី​ពី​​ «​ឧ​​ស្សា​ហ​កម្ម​ ៤.០ ផលិត​​ភាព​ក្នុង​​យុគ​សម័យ​បច្ចេក​វិ​ទ្យា» កាល​ពី​​ម្សិល​មិញ​​​ថា ការ​រីក​ចម្រើន​ដ៏​ឆាប់​​រហ័ស​នៃ​​​បច្ចេក​វិទ្យា ​​បាន​តម្រូវ​​ឲ្យ​គ្រប់​​ស្ថា​ប័ន​ និង​ក្រុម​ហ៊ុន​​ទាំង​អស់​​​ត្រូវ​​​តែ​ប្រឹង​ប្រែង​​​រត់​ឲ្យ​​​កាន់​តែ​លឿន​ និង​​មាន​ភាព​បត់​បែន​គ្រប់​កាលៈ​​ទេសៈ​។​

លោក​បន្ត​ថា៖ ​«​​ឧ​ស្សាហ​កម្ម​ ៤.០ បាន​តម្រូវ​ឲ្យ​​​កម្ពុជា​​រៀប​ចំ​​គោល​នយោ​បាយ​​យុទ្ធ​សាស្រ្ត​​ថ្មី​ៗ​ជា​ច្រើន​ដើ​ម្បី​ទប់​​​ទល់​​នឹង​​បញ្ហា​ប្រ​ឈម​ ព្រម​ទាំង​អាច​ទាញ​យក​​​ផល​ប្រ​យោជន៍​​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិ​ទ្យា​​នា​ពេល​បច្ចុ​ប្បន្ន​»​។

លោក​ថ្លែង​ថា៖ «ដោយ​សារ​​កម្ពុជា​មាន​ប្រ​ជា​ជន​វ័យ​ក្មេង​ច្រើ​ន​ ​​យើង​ជឿ​​ថា ​កម្ពុជា​អាច​​ឈាន​ទៅ​សម្រេ​ច​​បាន​នូវ​ការ​​លើ​ក​កម្ពស់​​ផលិត​ភាព​របស់​ខ្លួន​»។

នា​យក​កម្ម​វិ​ធី​អភិ​វឌ្ឍន៍​ស​ហ​​ប្រ​ជា​ជាតិ​ប្រ​ចាំ​កម្ពុជា ​លោក ​Nick Beresfor​d បាន​ឲ្យ​ដឹង​ថា បដិ​វត្ត​ន៍​ឧស្សា​ហកម្ម​កំ​ពុង​ធ្វើ​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​ធ្វើ​ការ​ងារ​ ដែល​ធ្លាប់​បាន​អនុ​វត្ត​​នា​​ពេលក​ន្លង​មក​ តាម​រយៈ​ការ​ប្រើ​​ប្រាស់​​បច្ចេក​វិ​ទ្យា​ថ្មី​ៗ​។ លោក​បន្ត​ថា បច្ចេក​វិ​ទ្យា​បាន​ក្លាយ​​ជា​ចំ​ណុច​ដ៏​សំ​ខាន់​ក្នុង​ការ​​ត​ភ្ជាប់​​ទំ​នាក់​ទំ​នង​រវាង​មនុស្ស និង​ការ​ងារ។​

​លោក​ថ្លែង​ថា៖​​ «​កម្ពុជា​ត្រូវ​តែ​​ក្តោប​ក្តាប់​ឲ្យ​បាន​នូវ​ឱ​កាស​នៃ​​ការ​រីក​ចម្រើន​ទាំង​អស់​នេះ ដើ​ម្បី​ធា​នា​ថា ​កម្ពុជា​អាច​ទទួល​​បាន​អត្ថ​ប្រ​យោជន៍​​​ពី​ដំ​ណើរ​ការ​នៃ​ការ​វិ​វឌ្ឍ​​បដិ​វត្តន៍​​ឧស្សា​ហ​កម្ម​ ៤.០ ដែល​កំ​ពុង​ចាប់​ផ្តើម​នា​ពេល​នេះ​»​។

លោក​ ច័ន្ទ​ សុ​ផល​ នា​យក​មជ្ឈ​មណ្ឌល​សិក្សា​គោល​ន​​យោ​​បាយ​បាន​ប្រាប់​ថា កម្ពុជា​​នៅ​មិន​ទាន់​មាន​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​គ្រប់​គ្រាន់​សម្រាប់​ទ្រ​ទ្រង់​ដល់​ឧស្សា​ហ​កម្ម​ ៤.០ ​នេះ​ទេ​។ លោក​បន្ត​ថា ​កម្ពុជា​នៅ​មាន​ភាព​ទន់​ខ្សោយ​​ទាំង​ផ្នែក​ធន​ធាន​មនុស្ស​ ហេដ្ឋា​រចនា​សម្ព័ន និង​ផ្នែក​ប្រ​ព័ន្ធ​បច្ចេក​វិ​ទ្យា​។

លោក​ថ្លែង​ថា៖​ «បើ​និ​យាយ​ពី​​​ឧស្សា​ហ​កម្ម ៤.០​ យើង​ឃើញ​ថា ​កម្ពុជា​អាច​នឹង​​​ពិ​បាក​ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ឈ្នះ​គេ​ដោយ​យើង​អាច​បាន​​ត្រឹម​​តោង​ពី​ក្រោយ​ប្រ​ទេស​ដែល​មាន​បច្ចេក​វិ​ទ្យា​រីក​ចម្រើន​​​ប៉ុណ្ណោះ​។ ប៉ុន្តែ​​​ទន្ទឹម​នឹង​នេះ​កម្ពុជា​ក៏​នឹង​ទទួល​បាន​​​ឱ​កាស​ការ​ងារ​មួយ​ចំ​នួន​ផង​ដែរ​ពី​​​ប្រ​ទេស​​ជឿន​លឿន​នៅ​ពេល​​​គេ​បោះ​បង់​ការ​​ងារ​ទាំង​នោះ​»​។​

បើ​តាម​លោក ច័ន្ទ សុផល ​ការ​ងារ​ដែល​កម្ពុជា​នឹង​ទទួល​បាន​នោះ គឺ​ការ​ងារ​ដែល​ទាក់​ទង​​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ច្រើន​។​ ​លោក​បាន​បន្ត​ថា បញ្ហា​សមត្ថ​ភាព​ធន​ធាន​មនុស្ស​នៅ​មាន​កម្រិត ​​គឺ​ជា​កត្តា​សំ​ខាន់​នៅ​កម្ពុជា​។

លោក ​ង៉ែត ជូ​ ទី​ប្រឹ​ក្សា​ជាន់​ខ្ពស់​​នៅ​ក្រុម​ហ៊ុន​ Emerging Markets Consulting បាន​យល់​ឃើញ​ស្រ​ដៀង​គ្នា​នេះ​ដែរ ​ដោយ​លោក​​បន្ថែម​ថា កម្ពុជា​​ត្រូវ​តែ​ធ្វើ​ការ​សិ​ក្សា​បន្ថែម​ពី​ស្ថាន​ភាព​របស់​ខ្លួន​​ដើ​ម្បី​រៀប​ចំ​គោល​​នយោ​បាយ​ឲ្យ​កាន់​តែ​ប្រ​សើរ។

លោក​បន្ត​ថា ធន​ធាន​មនុស្ស​ បញ្ហា​តម្លៃ​អគ្គិ​សនី ការ​ដឹក​​ជញ្ជូន ​ប្រ​ព័ន្ធ​ច្បាប់ ត្រូវ​ការ​កែ​ល​ម្អ​បន្ថែម ​ហើយ​ករណី​នេះ​វា​​​ត្រូវ​ការ​ពេល​វេ​លា​​។ លោក​ថ្លែង​​ថា៖​ «​ឧស្សា​ហ​កម្ម ​៤.០ គេ​​និ​យាយ​ដល់​ការ​ប្រើ​ប្រាស់​បច្ចេក​​វិ​ទ្យា​ទំ​នើប​ៗ រហូត​ដល់​​គ្រឿង​យន្ត ​សួរ​ថា​តើ​​កម្ពុជា​អា​ច​មាន​សមត្ថ​ភាព​ផលិត​ប្រើ​ប្រា​ស់ ឬ​ថែ​រក្សា​ហើយ​ឬនៅ?»​៕LA