ក្រុងម៉ុមបៃៈ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី Narendra Modi និងគណបក្ស Bharatiya Janata របស់លោកបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតរបស់ប្រទេស ឥណ្ឌា ទីភ្នាក់ងារព័ត៌មាន AFP បានលើកយកបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ របស់អាស៊ី ១ នេះកំពុងប្រឈម៖
កំណែទម្រង់
ក្នុងអាណត្តិដំបូង លោក Modi ត្រូវបានលើកសរសើរចំពោះការព្យាយាមក្នុងការផ្លាស់ប្តូរវប្បធម៌មូលធននិយមដ៏រ៉ាំរ៉ៃក្នុងរដ្ឋាភិបាល និងកំណែទម្រង់ជាច្រើនដែលរួមមានទំនិញ និងពន្ធលើសេវាកម្ម (GST) ទូទាំងប្រទេស។
ទាំងអស់នេះត្រូវបានសរសើរជាមួយនឹងការជួយធ្វើឲ្យប្រទេស ឥណ្ឌា បង្កើនចំណាត់ថ្នាក់ភាពងាយស្រួលក្នុងធ្វើពាណិជ្ជកម្មរបស់ធនាគារពិភពលោក បាន ២៣ ចំណាត់ថ្នាក់ដល់លេខរៀងទី៧៧ នៅចន្លោះឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។
ប៉ុន្តែក្រុមអ្នកជំនាញបានឲ្យដឹងថា លោក Modi ចាំបាច់ត្រូវធ្វើការងារជាច្រើនទៀត ពិសេសការកាត់បន្ថយការិយាធិបតេយ្យ និងការគាំពារនិយម។
ភាពគ្មានការងារធ្វើ
រហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់លោក Modi បានបរាជ័យក្នុងការបង្កើតការងារសម្រាប់ប្រជាជនឥណ្ឌាជាង ១ លាននាក់ ដែលចូលទីផ្សារពលកម្មជារៀងរាល់ខែ។ នេះបើយោងតាមក្រុមអ្នកជំនាញ។
កាសែតមួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះពីរបាយការណ៍លេចធ្លាយរបស់រដ្ឋាភិបាល ដោយចោទប្រកាន់ពីការលាក់បាំងអត្រានៃភាពគ្មានការងារធ្វើនៅក្នុងប្រទេស ឥណ្ឌា មាន ៦,១ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីទសវត្សរ៍ ១៩៧០។
ប្រជាជន ១៩ លាននាក់ បានដាក់ពាក្យសុំការងារធ្វើនៅក្នុងចំណោមការជ្រើសរើស ៦៣ ០០០ កន្លែងនៅក្នុងក្រុមហ៊ុន Indian Railways កាលពីឆ្នាំមុន ដែលបញ្ជាក់ពីភាពខុសគ្នាយ៉ាងខ្លាំងរវាងក្រុមអ្នករកការងារធ្វើ និងឱកាសការងារ។
លោក Gunjan Bagla មកពីក្រុមហ៊ុនគ្រប់គ្រង Amritt Inc បានប្រាប់ AFP ថា៖ «លោក Modi ចាំបាច់ត្រូវជំរុញឲ្យរដ្ឋត្រូវកែលម្អច្បាប់ការងារ និងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនច្រើន សម្រាប់ក្មេងវ័យជំទង់ ដើម្បីបង្កើតការងារ ហើយក៏បង្កើនកំណើនសេដ្ឋកិច្ចផងដែរ»។
ប្រេង
ប្រទេស ឥណ្ឌា បាននាំចូលជាង ៨០ ភាគរយ នៃតម្រូវការប្រេងឆៅរបស់ខ្លួន និងបានបញ្ឈប់ការទិញប្រេងពីប្រទេស វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ស្ថិតក្រោមសម្ពាធអាមេរិក។
ទីក្រុងញូវដែលីពីមុនបានទទួលការលើកលែងការដាក់ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន ក្នុងការទិញប្រេងពីអ៊ីរ៉ង់ ប៉ុន្តែការលើកលែងទាំងនេះបានផុតកំណត់កាលពីថ្ងៃទី ១ ខែ ឧសភា។
ការផុតកំណត់នេះបានជំរុញឲ្យប្រទេស ឥណ្ឌា ស្វែងរកប្រភពប្រេងពីកន្លែងផ្សេងទៀត ដែលរួមមានទាំងពីប្រទេស អារ៉ាប៊ីសាអ៊ូឌីត ជាដើម។
ឯកអគ្គរដ្ឋទូតប្រទេស ឥណ្ឌា ប្រចាំនៅអាមេរិក លោក Harsh Vardhan Shringla កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា៖ «យើងគួរតែមិនចង់ឃើញការផ្លាស់ប្តូរមួយឆ្ពោះទៅរកការកើនឡើងកាន់តែខ្លាំងនៅក្នុងមធ្យោបាយណាមួយ សម្រាប់មូលហេតុធម្មតា ដែលយើងពឹងផ្អែកខ្លាំងលើស្ថិរភាពនៅក្នុងផ្នែកនោះនៃពិភពលោក»។
ធនាគារស្រមោល
វិបត្តិសន្ទនីយភាព ដែលបានជំរុញដោយការក្ស័យធនកាលពីឆ្នាំមុនរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ IL&FS បានបង្ហាញពីរបៀបដែលវិស័យធនាគារស្រមោលរបស់ប្រទេស ឥណ្ឌា បានខកខានលើការទូទាត់។
លោក Modi បានរឹបអូសយកក្រុមហ៊ុននេះមកគ្រប់គ្រង ដើម្បីទប់ស្កាត់វិបត្តិ ហើយធនាគារកណ្ដាលបានបង្កើតការត្រួតពិនិត្យដាច់ដោយឡែកមួយ និងស្ថាប័នបទប្បញ្ញត្តិក្នុងការបន្ធូរបន្ថយវិបត្តិសន្ទនីយភាព។
សេចក្ដីរាយការណ៍នៅក្នុងព័ត៌មានពាណិជ្ជកម្មប្រចាំថ្ងៃរបស់ឥណ្ឌា បានបញ្ជាក់ថា ធនាគារកណ្ដាលនឹងជួបជាមួយរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ដើម្បីពិភាក្សាពីសន្ទនីយភាព និងបញ្ហារបស់វិស័យធនាគារស្រមោលនៅពេលលោក Modi បង្កើតគណៈរដ្ឋមន្ដ្រីរបស់លោក៕ AFP/LA