មណ្ឌលគិរីៈ ក្រុមហ៊ុនកៅស៊ូរបស់អឺរ៉ុប Socfin ជិតបញ្ចប់ដំណើរការសាងសង់រោងចក្រកែច្នៃកៅស៊ូរបស់ខ្លួននៅខេត្តមណ្ឌលគិរីហើយ ហើយដែលនឹងដាក់ដំណើរការនៅខែមេសាខាងមុខនេះ។
អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ហ៊ គីមសាយ បានធ្វើបទសម្ភាសជាមួយលោក Jef Boedt អគ្គនាយកក្រុមហ៊ុនកៅស៊ូ Socfin Cambodia អំពីអនាគតវិស័យកៅស៊ូកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហានៃការរត់ពន្ធខុសច្បាប់តាមព្រំដែន។
អ្នកបានបង្ហាញផែនការប្រតិបត្តិការរោងចក្រកែច្នៃកៅស៊ូដំបូងរបស់អ្នកនៅខែមេសានេះ។ តើអ្នកអាចប្រាប់អំពីស្ថានភាពរោងចក្ររួមទាំងទំហំការវិនិយោគ និងសមត្ថភាពរបស់វាបានទេ?
គិតមកដល់ពេលនេះការងារសាងសង់រោងចក្ររបស់យើងបានបញ្ចប់ ៩៥ ភាគរយហើយ។ នៅសល់ ៥ ភាគរយទៀតពាក់ព័ន្ធនឹងការងារចុងក្រោយដូចជាការការបំពាក់ឧបករណ៍ ការសាកល្បងជាដើម។ ជារួមយើងបានវិនិយោគ ៥,៧ លានដុល្លារលើការសាងសង់រោងចក្រនេះ។
សម្រាប់ដំណាក់កាលដំបូងយើងបានដំឡើងចង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិតបាន ២ តោនក្នុងមួយម៉ោង។ នៅពេលបញ្ចប់រោងចក្ររបស់យើងនឹងអាចកែច្នៃកៅស៊ូស្ងួតបាន ១៦ ០០០ តោនក្នុងមួយឆ្នាំ។
ការផលិតនេះគឺគ្រប់គ្រាន់គ្រប់លើការផលិតផ្ទាល់របស់យើង ហើយផ្ដល់ឲ្យយើងនូវកម្លាំងទិញផលិតផលរបស់កសិករតូចៗក្នុងស្រុកដែលបង្កើតទីផ្សាររយៈពេលវែងសម្រាប់កសិករទាំងនោះផងដែរ។ ជាមួយគ្នានេះក្នុងពេលឆាប់ៗនេះយើងនឹងចាប់ផ្ដើមការជ្រើសរើសបុគ្គលិកដើម្បីប្រតិបត្តិការរោងចក្រនេះដែលយើងគ្រោងនឹងជួលបុគ្គលិកប្រហែល ៧០ នាក់នៅក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការដើម្បីទទួលភារកិច្ចនៅតាមផ្នែកផ្សេងៗដែលរួមមានការថែទាំ ការផលិត និងមន្ទីរពិសោធន៍សម្រាប់ការសាកល្បងគុណភាព និងបរិស្ថាន។
យើងបានដាក់បញ្ចូលការសាងសង់ភូមិសម្រាប់បុគ្គលិកថ្មីនៅក្នុងគម្រោងនេះ ដើម្បីផ្ដល់ការស្នាក់នៅដោយមិនគិតប្រាក់ដល់បុគ្គលិកថ្មីទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេ។ ភូមិនេះនឹងត្រូវបញ្ចប់ការសាងសង់ដូចរោងចក្រនេះដែរ។
តើហេតុអី្វបានជាអ្នកសម្រេចចិត្តបង្កើតរោងចក្រកែច្នៃ? តើរោងចក្រនេះជួយដល់ពាណិជ្ជកម្មរបស់អ្នកដូចម្ដេច?
ការបង្កើតរោងចក្រផ្ទាល់របស់យើងជាផ្នែកមួយដ៏សំខាន់នៃផែនការមេរបស់យើង។ វានឹងផ្ដល់ដល់ពួកយើងនូវឱកាសឯករាជភាព និងការគ្រប់គ្រងយ៉ាងពេញលេញនៃដំណើរការផ្ទាល់របស់យើង (ចាប់ពីការវិនិយោគផ្ទាល់នៅនឹងកន្លែងរហូតដល់ការកែច្នៃ និងការលក់) ហើយនឹងជួយឲ្យរកបានប្រាក់ចំណេញអតិបរមាលើការវិនិយោគ និងប្រាក់ចំណេញនៅពេលអនាគតរបស់យើង។
វាជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងក្នុងការរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាផងដែរ។ អាជ្ញាធរពិតជាបានអំពាវនាវឲ្យមានការអភិវឌ្ឍរោងចក្រកាន់តែច្រើនដើម្បីកែច្នៃវត្ថុធាតុដើមដូចជាកៅស៊ូ និងដំឡូងមី ដើម្បីសម្រេចបានតាមទិសដៅអភិវឌ្ឍន៍របស់កម្ពុជាឆ្នាំ ២០២៥ និងបង្កើនតម្លៃផលិតផលដែលប្រទេសនេះនាំចេញ។
តាមរយៈការសាងសង់រោងចក្រដែលគោរពតាមស្ដង់ដារខ្ពស់ទាក់ទងនឹងគុណភាព សុវត្ថិភាពរបស់បុគ្គលិក និងគោរពតាមបរិស្ថានដែលយើងសង្ឃឹមថានឹងរួមចំណែកក្នុងការបង្កើនគុណភាពផលិតផលក្នុងស្រុក និងជួយឲ្យសម្រេចបានតាមស្ដង់ដារអតិថិជនអន្តរជាតិដើម្បីពង្រឹងចំណែករបស់ខ្លួននៅលើទីផ្សារនេះ។
មិនដូចតំបន់មួយចំនួនដូចជាខេត្តកំពង់ចាម ឬមេមត់ទេដែលមានការផ្ដោតការយកចិត្តទុកដាក់ខ្ពស់នៃរោងចក្រកែច្នៃកៅស៊ូ មណ្ឌលគិរី គឺជា ខេត្តកំពុងអភិវឌ្ឍន៍ បច្ចុប្បន្ននៅតែមានចំនួនកម្រិតនៃការវិនិយោគលើរោងចក្រ។ យើងបានរៀបចំផែនការទិញពីកសិករមានដើមទុនតិចដែលមានស្រាប់រួចហើយនៅជុំវិញដីសម្បទានរបស់យើង ហើយយើងសង្ឃឹមថានៅពេលអនាគតកសិករកៅស៊ូមានដើមទុនតិចកាន់តែច្រើននឹងចាប់ផ្ដើមចូលរួមជាដៃគូរយៈពេលវែងជាមួយពួកយើង។
តើរោងចក្រ Socfin ផ្ដល់អត្ថប្រយោជន៍ដល់កសិករកៅស៊ូជាលក្ខណៈគ្រួសារនៅក្បែរនោះដែរឬទេ?
យើងមានកម្មវិធីមួយក្នុងការដាក់បញ្ចូលកសិករកៅស៊ូលក្ខណៈគ្រួសារនៅក្នុងសកម្មភាពរបស់យើង។ យើងផ្ដល់ដល់គ្រួសារទាំងនោះនូវការបណ្ដុះបណ្ដាល និងជំនួយបច្ចេកទេសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ព្រមទាំងសម្ភារដាំដុះផងដែរ។ បច្ចុប្បន្នយើងធ្វើការងារជាមួយកសិករមានដើមទុនតិចប្រហែល ៥០ គ្រួសារតាមរយៈគម្រោងនេះ ដែលកំពុងចាប់ផ្ដើមរីកចម្រើនយ៉ាងខ្លាំងក្នុងការផលិតកៅស៊ូលើដីឡូត៍របស់ពួកគេ។
រោងចក្ររបស់យើងនឹងអនុវត្តជាមួយនឹងការប្ដេជ្ញាចិត្តនេះ ខណៈដែលវានឹងផ្ដល់ទីផ្សារមួយសម្រាប់កសិករមានដើមទុនតិចក្នុងស្រុកនៅក្នុងតំបន់ ខណៈមានរោងចក្រកែច្នៃកៅស៊ូតែមួយគត់នៅក្នុងខេត្តមណ្ឌលគិរី។ ជាមួយនឹងរោងចក្ររបស់យើង យើងអាចបង្កើតទំនាក់ទំនងល្អប្រសើររយៈពេលយូរជាមួយកសិករមានដើមទុនតិចក្នុងស្រុកជាកន្លែងដែលភាគីទាំង ២ ចែករំលែកប្រាក់ចំណេញ។
តើអ្នកបារម្ភអំពីការប្រែប្រួលតម្លៃកៅស៊ូដូចដែលយើងបានមើលឃើញនៅពេលកន្លងមកនេះដែរឬទេ? តើអ្នករំពឹងថា តម្លៃនឹងកើនឡើង ធ្លាក់ចុះ ឬរក្សាស្ថិរភាពនៅពេលអនាគតដ៏ខ្លីដែរឬយ៉ាងណា?
ក្នុងនាមជាក្រុមហ៊ុនផលិតកៅស៊ូមួយ យើងតែងតែសង្ឃឹមថាយើងអាចលក់ផលិតផលរបស់យើងនៅក្នុងតម្លៃខ្ពស់បំផុត។ ជាអកុសលមានការប្រែប្រួលតម្លៃ ប៉ុន្តែនេះមិនខុសប្លែកគ្នាពីទំនិញផ្សេងៗទៀតជាច្រើននោះទេ។
វិស័យកៅស៊ូតែងតែមានការប្រែប្រួលតម្លៃ ដោយសារតែតម្លៃពឹងផ្អែកលើការផ្គត់ផ្គង់ និងតម្រូវការពីវិស័យនេះ។ ក្នុងនាមជាវិនិយោគិនរយៈពេលវែងដែលមានបទពិសោធក្នុងសកម្មភាពរបស់យើងដែលយើងមានតាមរយៈប្រវត្តិសាស្ដ្ររបស់យើងបានប្រឈមការកើនឡើង និងធ្លាក់ចុះនៅក្នុងឧស្សាហកម្មកៅស៊ូ។ នេះគឺជាប្រភេទសេណារីយោដែលយើងបានរៀបចំល្អបំផុត។
វាមានការពិបាកក្នុងការនិយាយថា តម្លៃកៅស៊ូកំពុងកើនឡើង ប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំ ប្រហែលជាតម្លៃនឹងកើនឡើងខ្ពស់ជាងតម្លៃដែលធ្លាក់ចុះកន្លងមក។ តម្លៃភាគច្រើននឹងប្រែប្រួលនៅចន្លោះពី ១៤០០ ដុល្លារទៅ ១ ៦០០ ដុល្លារក្នុងមួយតោននៅរយៈពេលប៉ុន្មានខែខាងមុខនេះ។
តើអ្នកគិតដូចម្តេចដែរអំពីការរត់ពន្ធកៅស៊ូទៅប្រទេសជិតខាងបច្ចុប្បន្ន? តើវាប៉ះពាល់ដល់ប្រាក់ចំណេញនៃការដាំដុះរបស់អ្នកដែរឬទេ?
ឈ្មួញកៅស៊ូវៀតណាមជាច្រើនកំពុងធ្វើពាណិជ្ជកម្មជុំវិញតំបន់ព្រំដែនរបស់បណ្ដាប្រទេសផ្សេងៗ។ ខណៈពួកគេកំពុងធ្វើអាជីវកម្មខុសច្បាប់ដែលពួកគេអាចប្រតិបត្តិការជាមួយនឹងកម្រិតប្រាក់ចំណេញដែលយើងពិបាកក្នុងការប្រកួតប្រជែង។ ស្ថានការណ៍នេះផ្ដល់ដល់ពួកគេនូវឱកាសក្នុងការផ្ដល់តម្លៃកាន់តែខ្ពស់ដល់អ្នកលក់កៅស៊ូដែលមិនតំណាងឲ្យតម្លៃទីផ្សារពិតនោះទេ។
សកម្មភាពទាំងនេះមិនប្រសើរសម្រាប់ប្រទេសនេះ និងសម្រាប់ក្រុមហ៊ុនកៅស៊ូទេ ដោយសារតែពួកគេអាចចាត់ទុកថាជាសកម្មភាពខុសច្បាប់។
ពិតហើយសម្រាប់ពួកយើងជាក្រុមហ៊ុនផលិតកៅស៊ូប្រកបដោយការទទួលខុសត្រូវមួយ វាពិបាកក្នុងការប្រកួតប្រជែងជាមួយសកម្មភាពខុសច្បាប់ទាំងនេះ។ យើងព្យាយាមបង្កើតស្ដង់ដារ ហើយសង្ឃឹមថាកសិករមានដើមទុនតិចដែលនឹងធ្វើដៃគូជាមួយពួកយើងដែលបានជ្រើសរើសសន្ដិសុខ និងភាពជាដៃគូរយៈពេលវែងជំនួសឲ្យការជួញដូរតាមទីផ្សារងងឹតដែលមិនមានស្ថិរភាពសម្រាប់អនាគតរបស់ពួកគេ៕ LA