ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ឲ្យ​ដឹងថា សហគ្រាស​ខ្នាតតូច និង​មធ្យម បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ទោះបី​យ៉ាងណា​វិស័យ​នេះ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ត្រូវការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​។

កិច្ចប្រជុំ​លើក​ទី​ ៨ ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​វិស័យ​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម អាស៊ាន ត្រូវ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២៥ ដល់​ ២៩ ខែ វិច្ឆិកា​ ឆ្នាំ​ ២០១៩ នៅ​រាជធាន​ភ្នំពេញ​ដែល​កម្ពុជា​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ភាពប្រកួតប្រជែង​ក្នុង​វិស័យ​នេះ​។

លោក ឈា ឡាយហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុនតូច និង​មធ្យម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​លើក​ទី​ ២ ​ហើយ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ ដើម្បី​លើកកម្ពស់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​ក៏​ដូចជា​នៅក្នុង​តំបន់​អាស៊ាន​ផង​ដែរ​។ លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់ SME និង​អភិបាលកិច្ច​នៅក្នុង​វិស័យនេះ​»​។

លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិស័យ​សហគ្រាស​ខ្នាតតូច​បំផុត​ខ្នាតតូច និង​ខ្នាត​មធ្យម​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​ដ៏មាន​សារៈ​សំខាន់​បំផុត​ក្នុង​ការចូលរួម​ចំណែក​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ការបង្កើត​ការងារ​ថ្មីៗ ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ការចាប់យក​បច្ចេកវិទ្យា​ថ្មីៗ និង​ការកាត់បន្ថយ​ភាពក្រីក្រ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ដែល​កម្ពុជា​នឹង​ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​ ២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ឱកាស​ទាញ​យក​គម្រោង​ពី​ដៃគូ​អភិវឌ្ឍន៍​មក​អនុវត្ត​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគ្រាស​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​យើង​»​។

អ្នកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី បាន​ឲ្យ​ដឹងថា វិស័យ​ឯកជន​មាន​បញ្ហា​ប្រឈម​ជាច្រើន​​ដូចជា​លទ្ធភាព​ការទទួល​បាន​ហិរញ្ញប្បទាន ផលិតភាព​ទាប និង​កង្វះ​ទីផ្សារ​។ អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ពួកគេ​អាច​រក​ដំណោះស្រាយ​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​»​។

តាម​ការស្ទង់មតិ​លើ​វិស័យ SME ចំនួន​​ ៧១ ​ស្ថាប័ន បង្ហាញ​ថា​ពួកគេ​ត្រូវការ​ជំនួយ​លើ​ស្តង់ដា​អនាម័យ ស្វែងរក​ទីផ្សារ ការអភិវឌ្ឍ​សេវាកម្ម និង​ការវេចខ្ចប់ បច្ចេកវិទ្យា ធនធាន​មនុស្ស និង​កម្លាំង​ពលកម្ម ការទទួល​បាន​ហិរញ្ញវត្ថុ ការចុះ​បញ្ជី​អាជីវកម្ម និង​ការបង់ពន្ធ​ជាដើម​។ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោក ហេង សុខគង់ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម អាស៊ាន ២០១៦-២០២៥ កម្ពុជា​បាន​ធ្វើ​សេចក្តី​ព្រាង​គោលនយោបាយ​គាំទ្រ​វិស័យ​នេះ​ដែល​បាន​ផ្តោត​លើ​គោលដៅ​ ៥ ​ចំណុច រួមមាន​ ទី​១ ​ពង្រឹង​បរិយាកាស​គោលនយោបាយ​គាំទ្រ បទប្បញ្ញត្តិ​នានា ទី​២ ​ជំរុញ​សហគ្រិនភាព និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ ទី​៣ ​ជំរុញ​ការលើក​កម្ពស់​ផលិតភាព បច្ចេកវិទ្យា និង​នវានុវត្តន៍ ទី​៤ ជំរុញ​ការទទួល​បាន​ហិរញ្ញប្បទាន​ ទី​៥ ជំរុញ​ការចូល​ទៅកាន់​ទីផ្សារ​បរទេស និង​អន្តរ​ជា​តូបនីយកម្ម​។

លោក​បាន​ថ្លែងថា​៖ «​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការធ្វើ​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ពង្រឹង​យន្តការ​គាំទ្រ​សហគ្រាស​ខ្នាតតូច​បំផុត​ខ្នាតតូច និង​មធ្យម សម្រាប់ធ្វើ​ការប្រកួត​ប្រជែង​ទាំង​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ​»៕