ហុងកុងៈ ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​បាត់បង់ ​២០ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​​ក្នុង​របាយការណ៍​របស់​ទស្សនាវដ្តី ​Forbes ​ដោយ​សារ​​កំណើន​យឺត​នៃ​​សេដ្ឋកិច្ច​ចិន ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ​ការ​ធ្លាក់​ចុះ​តម្លៃ​ភាគហ៊ុន ​និង​ ការ​ចុះ​ខ្សោយ​ទីផ្សារ​អចលន​ទ្រព្យ​តម្លៃ​ទាប​បំផុត​របស់​ពិភព​លោក។

មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​ភាគ​ខាង​ត្បូង​របស់​​ចិន​​មួយ​នេះ​ ពោរ​ពេញ​ទៅ​​ដោយ​ពួក​សេដ្ឋី​ដ៏​ច្រើន​មួយ​ក្នុង​ពិភព​លោក​។

ប៉ុន្តែ​អ្នក​ដែល​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​បំផុត បាន​ឆ្លង​កាត់​ឆ្នាំ​ដ៏​ពិបាក​មួយ​មិន​ធម្មតា​កាល​ពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​បញ្ជី​ចុង​ក្រោយ​នៃ​មហា​សេដ្ឋី​មាន​ប្រាក់​ច្រើន​ជាង​គេ​ទាំង ​៥០​ រូប​របស់​ទីក្រុង​នេះ ​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនា​វដ្តី ​ Forbes​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​។​

ទ្រព្យ​សម្បត្តិ​រួម​របស់​ក្រុម​មហា​សេដ្ឋី​រួម​បញ្ចូល​គ្នា​ទៅ​ហុងកុង​​បាន​ធ្លាក់​ចុះ​ជាង ​២០ ពាន់​លាន​ដុល្លារ​មក​នៅ​​​ ២៨៦,​៧៥ ​ពាន់​លាន​​ដុល្លារ​កាល​ ពី​ឆ្នាំ ២០១៨ ​ផ្ទុយ​ស្រឡះ​នឹង​ឆ្នាំ ​២០១៧​ មុន​ពេល​ទ្រព្យ​សម្បត្តិ​ទាំង​​នោះ​ កើន​ឡើង​ជា​រួម​ពី​ ៦០ ​ពាន់​លាន​​ដុល្លារ ដល់ ​៣០៧ ​ពាន់​លាន​ដុល្លារ​។​

លោក​ស្រី ​Pollyanna Chu ​ដែល​ជា​សហគ្រិន​ស្ដ្រី​ឆ្អើម​របស់​ទីក្រុង​នេះ ​បាន​មើល​ឃើញ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផ្នែក​​ទ្រព្យ​សម្បត្តិ​បុគ្គល​។​ នេះ​បើ​យោង​​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ Forbes ​ដែល​ធ្លាក់​ចុះ ​៧៥ ​ភាគរយ​​មក​នៅ​ត្រឹម ​៣,៣ ​ពាន់​លាន​ដុល្លារ​។​

ទ្រព្យ​សម្បត្តិ​របស់​លោក​ស្រី ​តាម​រយៈ​ក្រុមហ៊ុន​ Kingston Financial ​ដ៏​មាន​ឥទ្ធិពល​ផ្នែក​ហិរញ្ញវត្ថុ ​ងាយ​រងគ្រោះ​ជា​ពិសេស​ដោយ​សារ​តែ​ការ​ជួញ​ដូរ​ដែល​មាន​បញ្ហា​ច្រើន​លើ​ផ្សារហ៊ុន​របស់​ទីក្រុង​ហុងកុង ​ដែល​បាន​ធ្លាក់​​ចុះ ​៩,៤ ​ភាគរយ​កាល​ពី​ឆ្នាំ​មុន​។​

លោក​​ Lui Che-woo ប្រធាន​ក្រុមហ៊ុន​ Galaxy ​បាន​ខាតបង់ ​៤,២ ​ពាន់​លាន​ដុល្លារ ​ខណៈ​តម្លៃ​ភាគហ៊ុន​កាស៊ីណូ​ម៉ាកាវ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​​ទ្រព្យ​សម្បត្តិ​របស់​​លោក​ស្រី P​ansy ​Ho ​និង​លោក Lawrence ​Ho ​ជា​ប្អូន​ប្រុស​​​លោក​ស្រី​​។

លោក ​Dickie​ Wong ​អ្នក​វិភាគ​មក​ពី​ក្រុមហ៊ុន​ Kingston Securities ​​ឲ្យ​ដឹង​ថា ​ទ្រព្យ​សម្បតិ្ត​​របស់​មហា​សេដ្ឋី​​របស់​ទីក្រុង​នេះ​ជា​រឿយៗ​ត្រូវ​បាន​​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ផ្សារហ៊ុន​។ ប៉ុន្តែ​លោក​​​បន្ថែម​ថា ​មាន​ឧបសគ្គ​ផ្សេង​ទៀត​​ ​។​

លោក​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ​ថា​៖​ «​​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស ​ចិន​ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស ​ចិន​ និង​អាមេរិក​ ​ទាំង ​២ ​នេះ​នឹង​នៅ​តែ​​មិន​ច្បាស់​លាស់​ ប្រសិន​​បើ​យើង​និយាយ​អំពី​សេដ្ឋកិច្ច​ និង​ផ្សារហ៊ុន​នៅ​ឆ្នាំ​នេះ​»។​ ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ​​ធ្វើ​ឲ្យ​ប៉ះពាល់​រួច​ហើយ​ដល់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ជាង​គេ​មួយ​ចំនួន​របស់​ទីក្រុង​ហុងកុង​។

លោក ​Yeung ​Kin-​Man ​និង​លោក​​ស្រី ​Lam ​Wai​ Ying ​ដែល​ជា​​ប្ដី ប្រពន្ធ​ នៅ​ពី​ក្រោយ​ក្រុមហ៊ុន Biel Crystal ជា​ក្រុមហ៊ុន​​ផលិត​អេក្រង់​ទូរស័ព្ទ​ iPhone ឈាន​មុខ​គេ​ បាន​មើល​​ឃើញ​តម្លៃ​ទ្រព្យ​សុទ្ធ​របស់​ពួក​គេ​​ធ្លាក់​ចុះ​ប្រហែល​ ៦,៤ ​ពាន់​លាន​ដុល្លារ ​ឬ​៥៧ ​ភាគរយ​។ ក្រុមហ៊ុន ​Appl​e​ បាន​មើល​ឃើញ​ការ​លក់​មាន​ដំណើរ​​​ការ​យឺត​នៅ​ពេល​ថ្មី​ៗ ​ជា​ពិសេស​​​នៅ​ក្នុង​ប្រទេស ​ចិន​។​

លោក ​Li Ka-shing ជា​បុរស​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​របស់​ទីក្រុង​ហុងកុង​ ដែល​​បាន​ស្ថិត​នៅ​ក្នុង​​បញ្ជី​នេះ​ ចាប់​តាំង​ពី​បញ្ជី​នេះ​បាន​ចេញ​ផ្សាយ​​កាល​ពី​ឆ្នាំ ​២០០៨ ​បាន​មើល​ឃើញ​​ពី​ការ​បាត់បង់​​​ទ្រព្យ ប្រហែល ​៤ ​ពាន់​​លាន​ដុល្លារ​​។

ទោះ​បី​យ៉ាង​នេះក្តី ​ជា​មួយ​នឹង​ទឹក​ប្រាក់ ​៣២ ​ពាន់​លាន​ដុល្លារ ​លោក​នៅ​តែ​រក្សា​ការ​នាំ​មុខ​គេ ខណៈ​លោក​ Lee Shau Kee ​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​ដែល​មាន​ទឹក​ប្រាក់ ​៣០ ​ពាន់​លាន​ដុល្លារ​៕​ AFP/LA