ភ្នំពេញៈ បណ្ណ​បំណុល​របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី លីមីតធីត (Advanced Bank of Asia Limited) ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បាន​ក្លាយជា​បណ្ណ​បំណុល​ដំបូង​គេ​ដែល​ត្រូវបាន​ជួញដូរ​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​សប្តាហ៍​មុន​ដែល​បើក​ទំព័រ​ថ្មី​មួយ សម្រាប់​ការជួញដូរ​បណ្ណ​បំណុល​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ CSX កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន បណ្ណ​បំណុល​ធនាគារ ABA ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ ១០០,០០០ រៀល​ មួយ​យូនីត និង​ក្លាយ​ជា​បណ្ណបំណុល​ដំបូង​ដែល​ត្រូវ​បាន​ជួញដូរ​នៅលើ​ទីផ្សារ​បន្ទាប់ ដោយមាន​ទិន្នផល ៨,៧៨៣ ភាគរយ និង​មានការ​ជួញដូរ​សរុប​ចំនួន ៣៨ យូនីត គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ ៣,៨ ​លាន​រៀល​។

សេចក្ដី​ប្រកាស​នេះ​បន្តថា​៖ «​ថ្ងៃនេះ​មាន​ការជួញដូរ​បណ្ណ​បំណុល​ជា​លើកដំបូង​នៅ CSX គិត​ចាប់ពី​ពេល​ដែល​បណ្ណ​បំណុល​ដំបូង​ត្រូវបាន​ចុះបញ្ជី​នៅ CSX កាលពី​ថ្ងៃទី​ ៥ ខែ ​ធ្នូ​ ឆ្នាំ​ ២០១៨»​។

លោកស្រី គឹម សុផានីតា ប្រធានស្តីទី​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា នៅ​ថ្ងៃទី​ ៥ ខែ ធ្នូ ឆ្នាំ​ ២០១៩ មាន​ការជួញដូរ​លើក​ដំបូង​នៃ​បណ្ណ​បំណុល​ធនាគារ ABA ហើយ​វា​ក៏​ជាការ​ជួញដូរ​បណ្ណ​បំណុល​លើកដំបូង​ផងដែរ​នៅ CSX​។ វា​ជា​ការជួញដូរ​លក់រាយ​រវាង​រូបវន្តបុគ្គល​កម្ពុជា​ទាំង​អ្នកទិញ និង​អ្នកលក់​។

លោកស្រី​ថ្លែងថា​៖ «​វា​ជា​កាលបរិច្ឆេទ​ជា​ប្រវត្ដិសាស្ដ្រ​ដែល​បង្ហាញថា ក្រុម​វិនិយោគិន​ពិតជា​អាច​ជួញដូរ​បណ្ណ​បំណុល​បាន​នៅ​ទីផ្សារ​តាមរយៈ CSX»​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្រុមវិនិយោគិន បណ្ណ​បំណុល​គឺ​អ្នក​ដែល​ចង់បាន​ប្រាក់ចំណូល​ថេរ​។ វា​ស្រដៀង​គ្នា​នឹង​ការដាក់​ប្រាក់​បញ្ញើ​ដែល​មាន​ការប្រាក់​ថេរ​ក្នុង​ធនាគារ​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​បណ្ណ​បំណុល​មាន​លក្ខណពិសេស​ជាង​ការដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ​នោះ​គឺថា​ក្រុម​វិនិយោគិន​បណ្ណ​បំណុល​អាច​លក់​វា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​មុនពេល​ដល់​កាលបរិច្ឆេទ​កំណត់​ក្នុងតម្លៃ​ព្រមព្រៀងគ្នា ដូច្នេះ​ពួកគេ​អាច​ទទួល​បាន​អត្រា​ការប្រាក់​មួយចំនួន​មកវិញ​»​។

លោកស្រី​បន្តថា​៖ «​នៅពេល​បណ្ណ​បំណុល​មួយ​ត្រូវបាន​ចុះបញ្ជី​នៅ CSX វា​បើកចំហ​សម្រាប់​សាធារណជន ដើម្បី​ទិញ​ពី​អ្នក​កាន់​បណ្ណ​បំណុល​ដែលមាន​ស្រាប់​។ ប៉ុន្តែ​ការជួញដូរ​អាច​ធ្វើ​ឡើង​លុះត្រា​តែ​មាន​អ្នកលក់ និង​អ្នកទិញ ដោយ​តម្លៃ​របស់​ពួកគេ​អាច​ផ្គូផ្គង​បាន​»​។

យោងតាម​លោកស្រី សុផានីតា បណ្ណ​បំណុល​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ចុះ​ភាគរយ​ដោយសារ​តែ​អ្នកលក់​បាន​លក់​វា​ក្រោម​តម្លៃ​ចារឹក​។ មាន​ន័យថា វា​ត្រូវ​បាន​លក់​ក្នុងតម្លៃ​ទាប​បំផុត​ដែល​ស្ថិតក្រោម​តម្លៃ​របស់​បណ្ណ​បំណុល​។ បន្ទាប់ពី​មាន​ការ​ជួញដូរ​ខាងលើ​នេះ​ទិន្នផល​ទីផ្សារ (​អត្រា​គូប៉ុង​) របស់​បណ្ណ​បំណុល​ធនាគារ ABA បាន​ប្រែប្រួល​ពី ៧,៥ ភាគរយ​ ដល់​ ៨,៧៨ ​ភាគរយ​។

លោក Igor Zimarev ប្រធាន​ផ្នែក​ទីផ្សារ និង​ជា​លេខាធិការ​សាជីវកម្ម​របស់​ធនាគារ ABA បាន​សរសេរ​មក​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​ទំហំ​សរុប​នៃ​បណ្ណបំណុល​ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​មាន​ចំនួន ២៨៤,៨ ពាន់​លាន​រៀល​ ក្នុង​នោះ​បណ្ណ​បំណុល​សាជីវកម្ម​របស់​ធនាគារ ABA មានតម្លៃ​ចំនួន ៨៤,៨ ​ពាន់​លាន​រៀល​ ដែល​ធ្វើ​ឲ្យ​ទំហំ​បណ្ណ​បំណុល​របស់​ធនាគារ ABA មាន​ចំណែក ៣០ ​ភាគរយ​នៃ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ភាគហ៊ុន​របស់​ធនាគារ ABA ​មិន​ត្រូវបាន​ជួញដូរ​នៅ​ទីផ្សារ​នេះ​ទេ​។ អ្វីដែល​យើង​បាន​បោះផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៩ មិនមែន​ជា​ភាគហ៊ុន​នោះ​ទេ ប៉ុន្តែ​ជា​បណ្ណ​បំណុល​សាជីវកម្ម​ដែល​ជា​បណ្ណ​បំណុល​លើកដំបូង​ពី​ធនាគារពាណិជ្ជ ជា​បណ្ណ​បំណុល​លើកដំបូង​ដែល​មាន​ចំណាត់ថ្នាក់​ឥណទាន​អន្តរជាតិ និង​ជា​បណ្ណ​បំណុល​លើកដំបូង​ដែល​បានផ្ដល់​ទៅ​ឲ្យ​វិនិយោគិន​លក់រាយ​»​។

លោក​បន្ថែមថា​៖ «​យើង​ជឿជាក់​ថា ការចុះបញ្ជី​បណ្ណ​បំណុល​សាជីវកម្ម​មាន​រូបភាព​ល្អ​សម្រាប់​ធនាគារ ABA ដោយសារ​តែ​វា​បង្ហាញ​តម្លាភាព​នៃ​ប្រតិបត្តិការ និង​ការប្ដេជ្ញាចិត្ត​ដ៏រឹងមាំ​របស់​យើង​ចំពោះ​វិស័យ​ហិរញ្ញវត្ថុ​។ យើង​ក៏​សង្ឃឹមថា បណ្ណ​បំណុល​របស់​យើង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ទីផ្សារ​មូលធន​ដោយ​ផ្ដល់​ជូន​ក្រុម​វិនិយោគិន​នូវ​ឧបករណ៍​កាន់តែ​ច្រើន​ទៀត​សម្រាប់​សកម្មភាព​របស់​ពួកគេ ព្រម​ទាំង​ការលើកកម្ពស់​រូបិយប័ណ្ណ​ជាតិ​»​។

លោក ព្រំ វិសុទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ac-leda Securities បាន​ថ្លែងថា ធនាគារ ABA គឺជា​ក្រុមហ៊ុន​ទី​ ៣ ​ដែល​បាន​បោះផ្សាយ​បណ្ណបំណុល​នៅ CSX ប៉ុន្តែ​ការបោះផ្សាយ​បណ្ណ​បំណុល​របស់​ពួកគេ​គ្របដណ្ដប់​ទាំង​លើ​ក្រុម​វិនិយោគិន​លក់រាយ និង​វិនិយោគិន​ស្ថាប័ន​។ តម្លៃ​ចារឹក​របស់​បណ្ណ​បំណុល​នីមួយៗ​មាន​តម្លៃ ១០០ ០០០ រៀល និង​ចំនួន​ឯក​តាប​ណ្ណ​បំណុល​ដែល​បាន​បោះផ្សាយ​មាន​ចំនួន ៨៤៨ ២១០ ​យូនីត​ ដោយ​មាន​អ្នក​កាន់​បណ្ណ​បំណុល (​វិនិយោគិន​) ៦៥ នាក់​។

លោក​បញ្ជាក់ថា​៖ «​ទីផ្សារ​បណ្ណ​បំណុល គឺជា​ទីផ្សារ​ដែល​ជួញដូរ​បណ្ណ​បំណុល​ដែល​ត្រូវ​បាន​បោះផ្សាយ​ដោយ​ក្រុមហ៊ុន​បោះផ្សាយ​នៅ​ផ្សារ CSX​។ សកម្មភាព​ជួញដូរ​បាន​កើតមាន​ឡើង​នៅពេល​ដែល​មាន​អ្នកទិញ និង​អ្នកលក់​នៅលើ​​ទីផ្សារ​នេះ​»​។

ធនាគារ ABA ដែលជា​ក្រុមហ៊ុន​បោះផ្សាយ​បណ្ណ​បំណុល​ទី​ ៣ បន្ទាប់ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Hattha Kaksekar Limited បាន​ចុះបញ្ជី​នៅ CSX កាលពី​ខែសីហា​។

បណ្ណ​បំណុល​នេះ​មាន​និមិត្តសញ្ញា​ជួញដូរ « ABAA22A»​។ បណ្ណ​បំណុល​ធនាគារ ABA មាន​តម្លៃ​សរុប​ ៨៤,៨២១ ​ពាន់​លាន​រៀល (​ប្រហែល ២១ ​លាន​ដុល្លារ​) រយៈកាល​កំណត់​របស់​បណ្ណ​បំណុល​នេះ​គឺ ៣ ​ឆ្នាំ​ និង​អត្រា​គូប៉ុង​មាន​ ៧,៧៥ ភាគរយ​ក្នុង ១ ​ឆ្នាំ​៕ LA